• 2021-08-13 06:30:00
  • ព័ត៌មាន

"អណ្តើកហ្លួង ឬអណ្តើកសរសៃ" ជាប្រភេទល្មូន តំណាងកម្ពុជានៅសល់តិចជាង១ពាន់ក្បាលលើពិភពលោក

  • 2021-08-13 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អណ្តើកហ្លួង ឬអណ្តើកសរសៃ គឺជាអណ្តើកមួយ ក្នុងចំណោមអណ្តើកចំនួន២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងបំផុត (Critically Endangered) នៅលើសកលលោក និងត្រូវបានចាត់ជាប្រភេទសត្វដែលរងការគំរាមកំហែងប្រឈមនឹងការផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។

តាមរបាយការណ៍ឆ្នាំ ២០១៩ អណ្តើកហ្លួង គឺមានវត្តមានតែក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម ហើយចំនួនរបស់ពួកវានៅលើសកលលោក មានប្រមាណតែ ៥០០ ទៅ ៧០០ក្បាល ប៉ុណ្ណោះ ដោយឡែកនៅប្រទេសកម្ពុជាយើងវិញ គឺមានចំនួនប្រហែល៤៥០ក្បាល។ អណ្តើកហ្លួងធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ ទើបរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសិក្សាស្រាវជ្រាវរួមគ្នា ហើយបានរកឃើញសំបុកសត្វអណ្តើកប្រភេទនេះ នៅមានវត្តមាននៅឡើយតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង ប៉ុន្តែមានចំនួនតិចតួចបំផុត។ ហើយនៅឆ្នាំដដែល អង្គការសមាគមអភិរក្សសត្វព្រៃ ក៏បានបង្កើតគម្រោងអភិរក្សសត្វអណ្តើកនេះឡើង។

នៅក្នុងឆ្នាំ២០០២ រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS Cambodia) បានរៀបចំគម្រោងការពារសំបុក ដោយមានការចូលរួមពីប្រជាសហគមន៍នៅក្នុងស្រុកស្រែអំបិល តាមរយៈការជ្រើសរើសយកអតីតអ្នកប្រមូលពង និងកូនសត្វអណ្តើកហ្លួង ឲ្យធ្វើការជាបុគ្គលិកគម្រោងដើម្បីស្វែងរក និងការពារសំបុកសត្វអណ្តើកហ្លួង ជំនួសឱ្យការប្រមូលយកពង ឬកូនទៅលក់វិញ។

ក្រោមកិច្ចសហការនេះ ជាក់ស្តែងយើងបានសង្រ្គោះ និងថែរក្សាអណ្តើកហ្លួងសរុបចំនួន៤៣៦ក្បាល ក្នុងនោះ២៤៩ក្បាល ត្រូវបានថែរក្សានៅក្នុងមជ្ឈមណ្ឌលអភិរក្សល្មូនខេត្តកោះកុង និងមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ និង១៨៧ក្បាលផ្សេងទៀត ត្រូវបានលែងចូលទៅក្នុងធម្មជាតិ ដោយភ្ជាប់ជាមួយប្រព័ន្ធតាមដាន ដើម្បីសិក្សាពីការបម្លាស់ទីរបស់វា វិធានការណ៍ការពារ និងបង្កើនផលស្តុកក្នុងដែនទឹកធម្មជាតិ។

ប្រភេទសត្វអណ្តើកហ្លួងនេះ គឺមានវត្តមានតែនៅក្នុងប្រព័ន្ធព្រែកស្រែអំបិលតែប៉ុណ្ណោះ ជាពិសេសនៅតាមដងព្រែកក្អោង និងព្រែកកំពង់លើ ដូច្នេះអណ្តើកហ្លួង ត្រូវបានចាត់ជាប្រភេទសត្វប្រចាំតំបន់ ហើយជាទូទៅ រាល់ប្រភេទសត្វប្រចាំតំបន់ គឺងាយរងគ្រោះ និងបាត់បង់ណាស់ ប្រសិនជាយើងបំផ្លាញជម្រករបស់វា ពីព្រោះពួកវាពុំមានជម្រើសក្នុងការសម្របខ្លួន និងរស់នៅកន្លែងផ្សេងៗទៀតបានឡើយ។

អណ្តើកហ្លួង ឬអណ្តើកសរសៃ ត្រូវបានចាត់ទុកជាប្រភេទសត្វល្មូន តំណាងព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ហើយអណ្តើកហ្លួងមានចំនុចខុសពីអណ្តើកដ៏ទៃទៀត ត្រង់ថាអណ្តើកហ្លួងអាចរស់នៅក្នុងទឹកសាបក៏បាន ទឹកប្រៃក៏បាន ហើយចំនុចខុសគ្នា១ទៀតគឺ អណ្តើកហ្លួងមានម្រាមតែ៤ប៉ុណ្ណោះ ខណៈដែលអណ្តើកប្រភេទផ្សេងៗទៀត មានម្រាម៥៕

អត្ថបទសម្រួលដោយ ៖ស៊ូ អ៊ីន

មតិយោបល់