• 2021-08-21 02:33:00
  • ព័ត៌មាន

ដឹងអត់? គ្រាន់តែ​ថែ​សុខ​ភាពមាត់​ធ្មេញ​ឲ្យល្អសោះ ក៏​ជួយ​ឲ្យ​មាន​អាយុវែង​ផងដែរ

  • 2021-08-21 02:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ណាស់ គន្លឹះ​សំខាន់​ឆ្ពោះ​ទៅកាន់​ការ​មាន​អាយុវែង គឺ​​ការ​រស់​នៅ​ប្រកប​ដោយ​សុខភាពល្អ​។ ប៉ុន្តែ ប្រសិន​​បើ​អ្នក​​មិន​បញ្ចូល​ ការ​ថែ​ទាំ​សុខ​ភាព​មាត់​ធ្មេញ​របស់​អ្នក​ចូល​ក្នុង​គន្លឹះ​សំខាន់ទេ​នោះទេ លោក​អ្នក​ប្រាកដ​ជា​បាត់​បង់​ចំណុច​សំខាន់មួយ​ក្នុង​ចំណោម​ជំហានសំខាន់​ៗ​ក្នុង​ការ​ឆ្ពោះ​ទៅកាន់ការមានអាយុវែង​មិនខាន​។ នេះ​គឺ​ជា​ចំណុច​ដែលលោក​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់ ព្រោះ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​លើសុខភាព​មាត់​ធ្មេញ មាន​អត្រា​ស្លាប់​ទាប​ជាង​អ្នក​ដែលមិនសូវ​ខ្វល់​ខ្វាយ​ពី​អនាម័យមាត់​ធ្មេញ​។

នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព

ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​​គាំទ្រ​​ដល់​អត្ថ​ប្រយោជន៍​នៃ​​ការ​ថែ​ទាំ​សុខភាព​មាត់ធ្មេញ

ដោយ​សារ​តែ​មានការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅលើ​ការ​ជួយ​ឲ្យ​មនុស្ស​មាន​អាយុវែង មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន ដែល​ផ្តោត​លើ​អត្ថ​ប្រយោជន៍​នានា ក្នុងការ​ធ្វើ​ឲ្យ​មាន​អាយុ​វែង ដូច​​ជា​ជម្រើស​នៃ​របៀប​របប​រស់​នៅ​ផ្សេង​គ្នា​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែ​ទាំ​សុខភាព​មាត់​ធ្មេញ​ផង​ដែរ​។

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​រក​ឃើញ​ថា អ្នក​ដែលមាន​ធ្មេញ​ចំនួន​១៩ ឬ​តិច​ជាង​នេះ ប្រឈ​មមុខនឹងការ​ស្លាប់​លឿន​ជាង​អ្នក​មាន​ធ្មេញ​ចំនួន​២០ ​រហូត​ដល់​ទៅ​៥ឆ្នាំ​ ២ដង​។

ការ​សិក្សា​ស្រាវ​ជ្រាវ​កាលពីឆ្នាំ​២០១៥នេះ បាន​ពិនិត្យ​មើល​គំរូមនុស្ស​ចំនួន​៥៥៩នាក់ ដែល​មាន​វ័យ​៧០​ឆ្នាំ ហើយ​បន្ទាប់មក ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​​រក​ឃើញ​ថា អ្នក​មាន​ធ្មេញ​ចំនួន​១៩ ឬតិច​ជាង​នេះ មាន​អត្រា​ស្លាប់​ដល់​ទៅ​៦,១% ប៉ុន្តែ អ្នក​មាន​ធ្មេញ​២០ ឬ​ច្រើន​ជាង​នេះ មាន​អត្រា​ស្លាប់​តែ​២,៥%​ប៉ុណ្ណោះ​​។

ការ​សិក្សា​មួយ​ទៀត ក្នុង​ឆ្នាំ​២០១០ ដែល​ធ្វើ​ទៅ​លើ​មនុស្ស​មាន​វ័យ​២០ រហូត​ដល់​​៨៩​ឆ្នាំ និង​បាន​តាម​ដាន​អស់រយៈ​ពេល​១២ឆ្នាំ ហើយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​នូវ​លទ្ធផល​ដូចគ្នា​។ ពួក​គេ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ធ្មេញ​របស់​មនុស្ស​មាន​ការ​ពាក់ព័ន្ធ​នឹង​មូលហេតុនានាជាច្រើន​ដែល​បណ្តាល​ឲ្យ​ស្លាប់ ដូច​ជា ជំ​ងឺ​បេះ​ដូង និង​ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ជាដើម​។

ភស្តុតាង​ជាច្រើន​បង្ហាញ​ថា សុខភាព​មាត់ធ្មេញ ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ជាច្រើន

ភស្តុតាង​ជាច្រើន​បង្ហាញ​ថា បញ្ហា​ចម្បង​ទាក់ទង​នឹង​សុខភាពមាត់​ធ្មេញ​គឺ​ជំ​ងឺ​អញ្ចាញ ខណៈ​ដែល​ជំ​ងឺ​នេះ ពាក់​ព័ន្ធ​នឹង​បញ្ហា​សុខភាព​ជាច្រើន​ដូច​ជា ជំ​ងឺ​បេះដូង ទឹកនោម​ផ្អែម និង​ជំ​ងឺ​មហារីក​ជាច្រើន​ប្រភេទ​។ ហេតុនេះ លោក​អ្នក​ត្រូវ​តែ​ថែ​ទាំ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​ជានិច្ច ព្រោះ​ពេល​ដែលអ្ន​ក​មានធ្មេញ​កាន់​តែ​ច្រើន អ្នក​ក៏​មាន​អាយុកាន់​តែ​វែង​ផង​ដែរ​។

តើ​ការ​ថែទាំង​សុខភាព​មាត់​ធ្មេញ ធ្វើ​ឲ្យអ្នកមាន​អាយុ​កាន់​តែ​វែង?

ការស្រាវជ្រាវ​មួយដែល​បាន​ចេញផ្សាយក្នុង​ឆ្នាំ​២០១៣ ក្រោយពី​បាន​ពិ​និត្យមើលលើ​ប្រជា​ជន​ជប៉ុនចំនួន​២១០០០នាក់ ដែលមាន​វ័យ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​វិញ និង​បាន​រកឃើញ​ថា អ្នកមាន​ធ្មេញ​កាន់​តែ​ច្រើន ប្រឈមមុខ​នឹង​ការ​ស្លាប់​កាន់​តែ​តិច​ជាង បើ​ធៀប​ទៅ​នឹង​​អ្នកដែលមាន​ធ្មេញ​ចំនួន​១៩ ឬ​តិច​ជាងនេះ​។

សរុ​ប​សេចក្តីមក ការ​ថែរក្សា​សុខភាពមាត់ធ្មេញ​ពិត​ជា​សំខាន់ណាស់ ព្រោះ​វា​មិនត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​អាយុវែង និង​គេច​ផុត​ពី​​ជំ​ងឺ​គ្រោះ​ថ្នាក់​ជាច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​ជួយ​ឲ្យយើង​រីក​រាយ​ជាមួយនឹង​សកម្មភាព​ជាច្រើន​ទៀត​ក្នុង​ពេល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ ពិសេស​ធ្វើ​ឲ្យ​នៅ​តែ​សកម្មក្នុង​សង្គម៕

ប្រភព​ព័ត៌មាន៖ columbuscosmeticdental

អត្ថបទ៖ In Sopheng

មតិយោបល់