• 2021-08-24 08:27:53
  • ព័ត៌មាន

ក្រុមហ៊ុន EZECOM / TELCOTECH ដំណើរការបោះផ្សាយមូលបត្របំណុលតម្លៃ ២០លានដុល្លារ

  • 2021-08-24 08:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

EZECOM ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា ប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយទីភ្នាក់ងារធានាឥណទាន Credit Guarantee and Investment Facility (“CGIF”) ដែលត្រូវបានបង្កើតឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសមាជិកអាស៊ាន+៣ រួមមានជប៉ុន កូរ៉េខាងត្បូង និងចិន។ ទីភ្នាក់ងារ CGIF នឹងផ្តល់ការធានាឥណទានដោយគ្របដណ្តប់លើបរិមាណទឹកប្រាក់ទាំងអស់នៃមូលបត្របំណុល ២០លានដុល្លារ (៨០,០០០,០០០,០០០រៀល) ដែលត្រូវបោះផ្សាយដោយក្រុមហ៊ុន Ezecom។

ក្រុមហ៊ុនមូលបត្រ SBI Royal Securities នឹងក្លាយជាអ្នករៀបចំសម្រាប់ការលក់មូលបត្របំណុលទាំងអស់នេះ ដែលត្រូវបានរំពឹងថានឹងបោះផ្សាយនៅត្រីមាសទី៣ ក្នុងឆ្នាំនេះ។

ក្រុមហ៊ុន Ezecom ឬ Telcotech គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់ដែលបម្រើតម្រូវការទីផ្សារសេវាអ៊ិនធឺណិតសម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋានក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Ezecom ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយក្រុមហ៊ុន Royal Group ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលមានបណ្តាញហេដ្ឋានរចនាសម្ព័ន្ធខ្សែហ្វាយប៊ើអុបទិកធំបំផុត និងកាន់កាប់ភាគហ៊ុនក្នុងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway (AAG) និងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រម៉ាឡេស៊ី កម្ពុជា ថៃ (MCT)។

ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់បានពីការបោះផ្សាយមូលបត្របំណុលនេះដើម្បីវិនិយោគបន្ថែមទៀតលើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។ ក្រុមហ៊ុន Ezecom បានដើរតួនាទីដ៏សំខាន់មួយក្នុងឌីជីថលូបនីយកម្មរបស់កម្ពុជា ហើយនឹងបន្តធ្វើកិច្ចការទាំងនេះឆ្ពោះទៅមុខបន្តទៀតតាម រយៈបដិវត្តន៍ឧស្សាហកម្មទី៤ (IR 4.0)។ ក្រុមហ៊ុនEzecom នឹងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យឌីជីថលឈានមុខគេតាមរយៈសេវា Cloud Computing ដែលមានសុវត្ថិភាពខ្ពស់ និងបង្កើនបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ ICT ដើម្បីធានាថាសហគមន៍របស់យើងនឹងបានផ្តល់ជូនលទ្ធភាពទទួលបានសេវាលំដាប់ខ្ពស់បំផុត។

លោកស្រី Yuni Lee Heathcote អគ្គនាយិការបស់ក្រុមហ៊ុន EZECOM បានថ្លែងថា៖ «ក្រុមហ៊ុន EZECOM ផ្តល់តម្លៃដល់ប្រព័ន្ធអេកូឡូស៊ី (eco-systems) ធុរកិច្ចរបស់យើងយ៉ាងខ្លាំង មិនថាចំពោះអតិថិជន ដៃគូ ឬនិយ័តករនោះទេ។ ខណៈដែលយើងរីកចម្រើន យើងចង់ឱ្យអតិថិជននិងដៃគូរបស់យើងទំាងអស់រីកចម្រើនព្រមគ្នាជាមួយយើងដែរ។ ដូច្នេះហើយទើបមូលដ្ឋានគ្រឹះនៃធុរកិច្ចរបស់យើង គឺបង្កើតអោយមានឱកាសសហការអាជីវកម្មរួមគ្នា ជាមួយដៃគូពាក់ព័ន្ធទាំងអស់របស់យើង»។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group of Companies បានថ្លែងថា៖ «ក្រុមហ៊ុន Ezecom រួមជាមួយនឹងក្រុមហ៊ុនTelcotech គឺជាក្រុមហ៊ុនខ្មែរ ១០០% ដែលធ្វើការងារផ្តោតលើការផ្តល់ជូននូវវិសាលភាពគ្របដណ្តប់ និងការតភ្ជាប់អ៊ិនធឺណិតប្រកបដោយគុណភាព និងប្រសិទ្ធភាព ខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ នឹងផ្តល់លទ្ធភាពឱ្យយើងបន្តដឹកនាំឆ្ពោះទៅមុខបន្តទៀតក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជាតាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្រ្តឌីជីថល។ CGIF មានលក្ខខណ្ឌតម្រូវនិងស្តង់ដារខ្ពស់ នៅពេលដែលចេញផ្សាយការធានាឥណទាននេះ ដូច្នេះខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមហ៊ុន Ezecom ដែលជា ក្រុមហ៊ុនខ្មែរ សុទ្ធសាធដំបូងគេបង្អស់ ដែលមានគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ និងលើសកម្រិតស្តង់ដារដែលបានទាមទារក្នុងការឆ្លើយតបនិងស្តង់ដារកម្រិតខ្ពស់ទាំងនេះ។ ខ្ញុំទន្ទឹងរង់ចាំមើលអនាគតឌីជីថលដែលនឹងកាន់តែរីកចម្រើន ដោយសារមូលបត្របំណុលនេះ»។

មូលបត្របំណុលនេះ បានទទួលការអនុម័តពីនិយតករមូលបត្រកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ លេខអនុម័តលេខ ១៤១/២១ SERC/SSR និងពីផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២១ លេខអនុម័ត ០៧៤/២១។

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងៈ

លោកស្រី Yuni Lee Heathcoate

លេខទូរស័ព្ទ៖ +855 61 226 699

អគ្គនាយិកាក្រុមហ៊ុន Ezecom/Telcotech

លោក សេង ចាន់ធឿន

លេខទូរស័ព្ទ៖ +855 77 333 629

អគ្គនាយកក្រុមហ៊ុន SBI Royal Securities

ក្រុមហ៊ុន Royal Group of companies គឺជាក្រុមហ៊ុនពហុផលិតផលឈានមុខគេនៅកម្ពុជាដែលវិនិយោគលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ ធានារ៉ាប់រង បដិសណ្ឋារកិច្ច ទេសចរណ៍ ដឹកជញ្ជូន ឡូជីស្ទិក និងអភិវឌ្ឍន៍អចនទ្រព្យ៕

មតិយោបល់