- 2021-09-01 08:22:45
- ព័ត៌មាន
៧ចំណុចនេះត្រូវតែដឹង ប្រសិនបើអ្នកមិនចង់ឲ្យហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង ពេលបើកបរ
- 2021-09-01 08:22:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ចំណុចនេះត្រូវតែដឹង ប្រសិនបើអ្នកមិនចង់ឲ្យហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង ពេលបើកបរ
ចន្លោះមិនឃើញ
គ្រាន់តែឮពាក្យថា «គ្រោះថ្នាក់ចរាចរណ៍» មានមនុស្សមិនតិចទេដែលភ័យតក់ស្លុត និងមិនចង់ដឹងលឺឬឃើញទិដ្ឋភាពបែបនេះកើតឡើងឡើយ។ គ្រោះថ្នាក់ចរាចរណ៍ ខ្លះគ្រាន់តែរងការខូចខាត ឬរងរបួសបន្តិចបន្តួចក៏រាប់ថាជារឿងធម្មតា ដោយឡែកមួយចំនួនទៀត ជីវិតត្រូវបានផ្លាស់ប្តូរទាំងស្រុង មានអ្នកខ្លះបានបាត់បង់បង្គោលគ្រួសារដ៏សំខាន់ អ្នកខ្លះបាត់បង់មនុស្សជាទីស្រលាញ់ អ្នកខ្លះត្រូវពិការជាដើមព្រោះតែឃាតករលាក់មុខដ៏កំណាចនៅលើដងផ្លូវមួយនេះតែម្តង។
៧ចំណុចនេះត្រូវតែដឹង ប្រសិនបើអ្នកមិនចង់ឲ្យហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ ពោលគឺត្រូវត្រៀមឲ្យបានល្អជាមុនជាជាងស្ដាយនៅពេលក្រោយ៖
១. កុំចង់ឈ្នះ តែត្រូវប្រុងប្រយ័ត្នជានិច្ច
រាល់ការបើកបរសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំយកផ្លូវសាធារណៈធ្វើជាកន្លែងសម្រាប់ប្រណាំងគ្នាអី។ ប្រសិនបើអ្នកត្រូវការជែងយានយន្តណាមួយដោយមូលហេតុគ្រាន់តែចង់ឈ្នះចិត្តអ្នកបើកបរដូចគ្នា សូមអ្នកគិតឡើងវិញថាតើអ្នកចំណេញបានអ្វីមកវិញពីការឈ្នះនេះ។ សូមចាំថានៅលើផ្លូវមានរថយន្តផ្សេងទៀតក្រៅពីអ្នក។
២. កុំបើកបរពេលស្រវឹង
ការស្រវឹងនឹងធ្វើឲ្យអ្នកបើកបរបាត់បង់ស្មារតី បាត់បង់ភាពម្ចាស់ការលើខ្លួនឯង ឬទន់ជ្រាយកើតឡើង ដែលនេះជាកត្តាដ៏ចំបងបំផុតបណ្ដាលឲ្យកើតមានគ្រោះថ្នាក់។ មានមនុស្សមិនតិចទេដែលក្លាយជាជនរងគ្រោះដោយសារគ្រឿងស្រវឹងនេះ ពិសេសគឺប្រឈមផ្លូវច្បាប់ទៀត។
៣. ស្គាល់យានយន្ត
អ្នកបើកបរគ្រប់រូបត្រូវយល់ដឹងពីស្ថានភាពយានយន្តរបស់ខ្លួនជាចាំបាច់បំផុត។ នៅពេលដែលអ្នកស្គាល់ស្ថានភាពយានយន្តរបស់អ្នកហើយ នោះអ្នកនឹងដឹងថា ទម្ងន់ផ្ទុក ល្បឿនអតិបរមា ផ្លូវដែលអ្នកត្រូវបើកបរ មានភាពសមស្របជាមួយលក្ខខណ្ឌយានយន្តរបស់អ្នកត្រឹមកម្រិតណា។
៤. បើកបរពេលយប់ត្រូវប្រយ័ត្នខ្ពស់បំផុត
បើកបរពេលយប់អ្នកចាំបាច់ត្រូវតែបន្ថែមការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះថាការមើលឃើញទិសដៅនិងឧបសគ្គលើដងផ្លូវគឺជាភាពលំបាកមួយសម្រាប់បញ្ជាយានយន្តផ្ទាល់។ លើសពីនេះក្នុងករណីដែលយានយន្តមានបញ្ហាមិនអាចបើកបរបាននៅតាមផ្លូវនៅពេលយប់ ក៏មានផលលំបាកក្នុងការស្វែងរកជំនួយ។
៥. ត្រួតពិនិត្យរក្សាសុខភាពយាន្តយន្តមុនធ្វើដំណើរ
ការត្រួតពិនិត្យយានយន្តគឺជាការចាំបាច់បំផុតសម្រាប់អ្នកបើកបរគ្រប់រូប ត្រូវប្រាកដថា អ្នកបានត្រួតពិនិត្យចំណុចចម្បងៗមួយចំនួនដូចជា៖ ប្រេងម៉ាស៊ីន ប្រេងចង្កូត ប្រេងហ្វ្រាំង កង់បម្រុង ខ្យល់កង់រថយន្ត ស៊ីផ្លេ ទឹកលាងកញ្ចក់ ទឹកបញ្ចុះកំដៅ និងភ្លើង (ស៊ីញ៉ូ អំពូល ហ្វា កូត) បានត្រឹមត្រូវបំផុត។
៦. ស្លាកសញ្ញាចរាចរណ៍ និងល្បឿនកំណត់
ស្លាកសញ្ញាសម្គាល់នៅលើដងផ្លូវដូចជា៖ ផ្លូវកោង ផ្លូវទឹករលក ទីប្រជុំជន ឬសាលារៀន ។ល។ អ្នកបើកបរត្រូវស្វែងយល់នឹងស្គាល់ពីស្លាកសញ្ញាចរាចរណ៍ទាំងនេះ ព្រោះវាមានសារៈសំខាន់ខ្លាំងក្នុងការផ្លាស់ប្តូរឥរិយាបថបើកបរ និង បង្កើការប្រុងប្រយ័ត្នទុកជាមុនផងដែរ។
៧. ផ្ដោតអារម្មណ៍
អ្នកបើកបរមិនគួរចុចទូរស័ព្ទ ឬធ្វើអ្វីផ្សេងនោះទេ ព្រោះធ្វើឲ្យការផ្តោតអារម្មណ៍និងប្រុងប្រយ័ត្នលើការបើកបររបស់អ្នកមិនបានគ្រប់ជ្រុងជ្រោយ ព្រោះការធ្វេសប្រហែសរបស់អ្នកត្រឹមតែ ១ ឬ ២ វិនាទីក៏នឹងអាចបង្កើតឱកាសនៃគ្រោះថ្នាក់ចរាចរណ៍បានដែរ៕