- 2021-09-02 06:23:23
- ព័ត៌មាន
ប្រាសាទបន្ទាយឆ្មារ ប្រាសាទបុរាណខ្មែរវ័យចំណាស់មួយ មានភាពស្រស់ស្អាតខ្លាំង គួរឱ្យចង់គយគន់
- 2021-09-02 06:23:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទបន្ទាយឆ្មារ ប្រាសាទបុរាណខ្មែរវ័យចំណាស់មួយ មានភាពស្រស់ស្អាតខ្លាំង គួរឱ្យចង់គយគន់
ចន្លោះមិនឃើញ
ប្រាសាទបន្ទាយឆ្មារ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប្រាសាទបុរាណរបស់ខ្មែរវ័យចំណាស់មួយដែលសាងសង់ដោយព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សទី១២ ដល់ដើមសតវត្សទី១៣ នៃគ្រិស្តសករាជ។ នៅក្នុងបរិវេណប្រាសាទនេះ មានភាពស្រស់ស្អាត និងមានដើមឈើធំៗព័ទ្ធជុំវិញជាច្រើន គួរឲ្យចង់គយគន់។
ប្រាសាទបន្ទាយឆ្មារ មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ។ ផ្លូវទៅប្រាសាទមួយនេះជាផ្លូវក្រាលកៅស៊ូតាំងពីទីរួមខេត្ត រហូតដល់តួប្រាសាទ ដោយឆ្លងកាត់ស្រុកស្វាយចេក និងស្រុកថ្មពួក។ នៅជុំវិញប្រាសាទបន្ទាយឆ្មារ មានប្រាសាទរណបចំនួន ៩គឺ ប្រាសាទតាប្លាំង ប្រាសាទតាព្រហ្ម ប្រាសាទតាណែម ប្រាសាទសំណាងតាសុខ ប្រាសាទតាគុំ ប្រាសាទចិញ្ចឹមត្រី ប្រាសាទតាអ៊ឹម ប្រាសាទយាយជូ និងប្រាសាទមេបុណ្យ។
ប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅឃុំឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ប្រាសាទមួយនេះសាងសង់ដោយព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សទី១២ ដល់ដើមសតវត្សទី១៣ នៃគ្រិស្តសករាជ ដោយគោលបំណងដើម្បីឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមរាជកុមារ និងមេទ័ពទាំង៤។ ប្រាសាទមួយនេះមានផ្ទៃដីពីលិចទៅកើតបណ្ដោយ ៧៧០ម៉ែត្រ និងទទឹង ៦៩០ម៉ែត្រ។ ចំណែកតួប្រាសាទទទឹង ១៩០ម៉ែត្រ និងបណ្ដោយ ២៥០ម៉ែត្រ និងមានកម្ពស់ចន្លោះពី ៩ ទៅ ១០ម៉ែត្រ ព្រមទាំងមានកសិណទឹកព័ទ្ធជុំវិញប្រាសាទដែលមានទទឹង ៦៣ម៉ែត្រ។
ក្រុមអ្នកប្រាជ្ញ អ្នកជំនាញការ សាស្ត្រាចារ្យ និងវាគ្មិនជាតិ អន្តរជាតិសំខាន់ៗ ដែលបានទៅពិនិត្យ និងវាយតម្លៃផ្ទាល់ដល់ប្រាសាទនេះ បានបង្ហាញការចាប់អារម្មណ៍ថា គ្រាន់តែលើជញ្ជាំង ក្នុងប្រាសាទបន្ទាយឆ្មារ គឺមានរូបចម្លាក់ចម្រុះយ៉ាងសន្ធឹកសន្ធាប់ ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរូបព្រះព្រហ្ម ព្រះនារាយណ៍ ឬព្រះវិស្ណុ និង ព្រះសិវៈ ឬព្រះឥសូរ និងតួអង្គសំខាន់ទៀតនៃសាសនានោះ។
ប្រាសាទបន្ទាយឆ្មារ ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំឯកសារស្នើសុំដាក់បញ្ចូលជាបេតិភណ្ឌពិភពលោក ដោយសារតែប្រាសាទបន្ទាយឆ្មារមានលក្ខណៈពិសេសខុសប្លែកប្រាសាទដ៏ទៃ ដែលអាថ៌កំបាំងសម្រាប់អ្នកបុរាណវិទ្យាសិក្សាស្រាវជ្រាវ។ ខាងអង្គការ UNESCO ចាប់អារម្មណ៍គឺមានផ្នូរសពបុរាណ នៅស្ទើរតែជុំវិញប្រាសាទ មានរូបថ្មចារឹកដៃ៣២ មានអមដោយប្រាសាទព័ទ្ធជុំវិញ និងមិនតែប៉ុណ្ណោះប្រាសាទបន្ទាយឆ្មារមានផ្ទៃដីធំទូលាយជាង២៧ហិកតា។ ប្រាសាទបន្ទាយឆ្មារត្រូវបានការពារអភិរក្សយ៉ាងម៉ត់ចត់ដោយសមត្ថកិច្ចនិងសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន។
មន្ត្រីគាំពារប្រាសាទបន្ទាយឆ្មារ អះអាងថា រដូវដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនចាប់ពីខែវិច្ឆិកា ដល់ខែមីនា ដែលមានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំណែករដូវពុំសូវមានភ្ញៀវ គឺចាប់ពីខែមេសា ដល់ខែតុលា៕
ប្រភព ៖ ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា