• 2021-09-09 08:38:21
  • ព័ត៌មាន

ចាំបាច់ត្រូវដឹង! ចំនុចទាំងនេះ បង្ហាញពីសុជីវធម៌ក្នុងការបើកបរ ពេលមេឃកំពុងភ្លៀងនិងផ្លូវលិចទឹក

  • 2021-09-09 08:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ ច្រើនតែបណ្តាលមកពីកង្វះការទទួលខុសត្រូវ និងកង្វះសុជីវធម៌ក្នុងការបើកបរ។ បើតាមរបាយការណ៍របស់ប៉ូលិសចរាចរផ្លូវគោកបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីកត្តាមនុស្ស ប្រមាណជាង៩០ភាគរយ ដែលក្នុងនោះរួមមានការបើកបរហួសល្បឿនកំណត់ ការបើកបរក្នុងឥទ្ធិពលនៃគ្រឿងស្រវឹង ការប្រជែង ធ្វេសប្រហែស មិនគោរពសិទ្ធិអាទិភាព និងមិនគោរពភ្លើងសញ្ញាជាដើម។

ទន្ទឹមនេះ ការបើបរនៅចំពេលមេឃកំពុងមានភ្លៀងធ្លាក់ខ្លាំង និងក្នុងស្ថានភាពផ្លូវកំពុងមានទឹកលិចនោះ អ្នកបើកបរទាំងអស់គប្បីប្រកាន់ភ្ជាប់នៅសុជីវធម៌ក្នុងការបើកបររបស់ខ្លួន ឲ្យបានត្រឹមត្រូវជៀសវាងការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកដទៃ និងខ្លួនឯងជាដើម។

១.បើកបរពេលមេឃភ្លៀង គួរបន្ថយល្បឿន

ដោយសារមេឃភ្លៀងស្ថានភាពផ្លូវអាចនឹងមានការប្រែប្រួល អ្នកបើកបរយានយន្តលើដងផ្លូវជាពិសេសគឺរថយន្ត ចាំបាច់ត្រូវបន្ថយល្បឿនយានយន្តរបស់អ្នក ។ ម្យ៉ាងទៀត ពេលផ្លូវលិចទឹកខ្លាំងអ្នកបញ្ជាយានយន្តពិសេសរថយន្តគឺមិនត្រូវបើលឿនទេព្រោះ នឹងធ្វើឲ្យកម្លាំងទឹករលកខ្លាំងបោកខ្ទប់ ប៉ះពាល់ជាខ្លាំងដល់អ្នករួមដំណើរ ហើយអាចធ្វើព្រោះវាអាចនឹងបង្កើតគ្រោះថ្នាក់ដល់អ្នកដទៃបាន។

២. ត្រូវគោរពច្បាប់ចរាចរណ៍ ពិសេសភ្លើងសញ្ញា

ចំនុចនេះគឺសំខាន់ណាស់ ពិសេសក្នុងស្ថានភាពមេឃមានភ្លៀងនិងផ្លូវលិចទឹក អ្នកបញ្ជាយានយន្តគ្រប់ប្រភេទទាមទារឲ្យផ្ដោតលើការយកចិត្តទុកដាក់ និងត្រូវគោរពច្បាប់ចរាចរណ៍ ពិសេសសំខាន់គឺភ្លើងសញ្ញាចរាចរណ៍ ព្រោះអ្នកបើកបរមួយចំនួន ជាពិសេសអ្នកបើកបរម៉ូតូតែងតែបើកបរយ៉ាងលឿនរហូតដល់ពេលខ្លះពួកគាត់មិនគោរពទាំងភ្លើងសញ្ញាចរាចរណ៍ទៀតផង។ ការធ្វើបែបនេះមិនត្រឹមតែបង្កការគ្រោះថ្នាក់ដល់អ្នកដទៃ តែបង្កការកកស្ទះចរាចរណ៍ផងដែរ។

៣. បន្ទាប់ពីភ្លៀងរួចភ្លាមបានបន្សល់នូវទឹកដក់ ឬលិចតាមកន្លែងខ្លះ

អ្នកបើករថយន្ត និងម៉ូតូមួយចំនួន តែងតែបង្កើនល្បឿនយ៉ាងខ្លាំង ដោយពួកគាត់ភ្លេចគិតពីសុជីវធម៌ក្នុងការបើកបរដែលបង្កជាការរំខាន និងការសាចទឹកកង្វក់ទៅលើអ្នកធ្វើដំណើរផ្សេងទៀតទាំងម៉ូតូ និងថ្មើរជើងនៅតាមផ្លូវនោះដែរ។ ដូច្នេះអ្នកបើកបរយានយន្តលើដងផ្លូវគ្រប់ប្រភេទគួរមានការប្រុងប្រយ័ត្នក្នុងការបើកបរនិងមានសុជីវធម៌ល្អក្នុងការបើកបរជាពិសេសនៅអំឡុងរដូវភ្លៀង៕

អត្ថបទដោយ​ ៖ ស៊ូ​ អីន

មតិយោបល់