• 2021-09-18 05:10:00
  • ព័ត៌មាន

តោះ​មក​ស្គាល់កន្លែង​កម្សាន្ត​ដែល​​ភ្នាក់​ងារ​ទេសចរណ៍អាច​នាំ​ដើរ​ដោយមិន​គិតសេវា នៅ​​សិង្ហបុរី

  • 2021-09-18 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែល​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​សិង្ហបុរី មិន​ថា ទៅ​ទស្ស​ន​កិច្ច ទៅ​សិក្សា ឬ​ទៅ​បែប​ធុរកិច្ច​ក៏ដោយ ការធ្វើ​ដំណើរ​ទៅ​កាន់​តែ​កន្លែង​កម្សាន្ត​នានាដោយ​ថ្មើរ​ជើង ដើម្បី​ទទួល​យក​បទពិសោធ​ថ្មី​ៗ តែង​តែ​ជា​​បំណង​ប្រាថ្នា​របស់យើង​គ្រប់​គ្នា​​​។ អ្វី​ដែលកាន់​តែ​ពិសេស​ទៅ​ទៀត​នោះ​គឺ​ថា នៅ​សិង្ហ​បុរី មានភ្នាក់​ងារ​ទេសចរណ៍​ជាច្រើន​ដែល​​អាច​នាំ​លោក​អ្នក​ដើរ​កម្សាន្ត​ដោយដោយ​មិនគិត​ថ្លៃ​សេវា​។

ហេតុនេះ លោក​អ្នក​​អាច​ធ្វើ​ដំណើរ​ទៅកន្លែងកម្សាន្ត​នានា ដើម្បីមើល​ទស្ស​នីយភាពដ៏​ប្លែក​ភ្នែក​បែប​វប្បធម៌ ធម្ម​ជាតិ សិល្បៈ និង​ភាព​ស៊ី​វីល័យ​ជាច្រើនបាន​ដោយ​ងាយ​ស្រួល​។ មិនត្រឹម​តែ​ប៉ុណ្ណោះ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ដើរ និង​ស្វែង​យល់​បន្ថែម​លើ​តំបន់​ទេសចរណ៍​នានា លោក​អ្នក​អាច​សាក​ល្បង​ទៅកាន់​កន្លែង​ខាង​ក្រោម​នេះ​បាន ជាមួយ​នឹង​ភ្នាក់​ងារ​ទេសចរណ៍នានា ប្រសិន​បើ​អ្នក​ទៅលេង​សិង្ហបុរី​។

១. ដំណើរ​កម្សាន្ត​ដោយ​ថ្មើរ​ជើង​ទៅ​ស្រុក Little India ជាមួយ​ភ្នាក់​ងារ​ទេស​ចរណ៍ Monster Day Tours

នៅ​ទីនេះ មានកន្លែង​កម្សាន្ត​ដ៏​សម្បូរ​បែប ដោយលោក​អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ជា​ទីសក្ការៈ​បូ​ជា​ ជាច្រើន​ដូចជា ប្រាសាទ Sri Veeramakaliamman និងប្រាសាទ Shree Lakshminarayan ជា​ដើម​។

បន្ទាប់​មក លោកអ្នក​​អាច​ធ្វើ​ដំណើរ​ទៅកាន់​ទឹក​ដី​តម្បាញ Haniffa Textiles នៅលើ​វិថី Serangoon Road និង​ផ្ទះ​ដែល​មានអាយុ​កាល​១០០​ឆ្នាំរបស់​អាជីវករ​ដ៏​ជោគ​ជ័យ​គឺលោក Tan Teng Niah​។ ក្រៅពីនេះ លោក​អ្នក​ក៏​អាច​សាកល្បងភ្លក្ស​ម្ហូប​អាហារតាម​បែប​ប្រពៃណី​ឥណ្ឌា briyani (បាយ​លាយ​សាច់​ និង​បន្លែ មានរស​ជាតិហឹរខ្លាំង​) ជា​ដើម​។

២. ដំណើរ​កម្សាន្ត​ដោយ​ថ្មើរ​ជើង​នៅតំបន់ Chinatown ជាមួយ​ភ្នាក់​ងារ​ទេស​ចរណ៍ Monster Day Tours

នៅ Chinatown លោក​អ្នក​អាច​ដើរ​កម្សាន្ត​នៅ​តាម​ទីកន្លែង​ជាច្រើន ដូច​ជា​ សារមន្ទីរ Fuk Tak Chi ដែល​​​ធ្លាប់​ជា​ប្រាសាទ​បុរាណ​ចិន​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​សិង្ហបុរី និង Thian Hock Keng ដែល​ជា​ប្រាសាទមាន​វ័យ​ចាស់​ជាង​គេ​បំផុត​​។

ក្រៅពី​នេះ លោក​អ្នក​ក៏​អាច​ដើរ​កម្សាន្ត​នៅកន្លែង​ជា​ច្រើន​ទៀត​ដូច​ជា ប្រាសាទ និង​សារមន្ទីរ Buddha Tooth Relic និងផ្សារ​លក់​ទំនិញ​ចម្រុះ Chinatown Complex ដើម្បី​ដឹង​កាន់​តែ​ច្បាស់​បន្ថែម​ទៀតពី​ជន​អន្តោប្រវេស​ន៍​ចិន​។ ជាមួយគ្នានេះ លោក​អ្នក​ក៏​អាច​ពិសារអាហារ​​ជាច្រើន​ប្រភេទ​ផង​ដែរ ដូច​ជា​ បបែល​អាំង និង​អយ​ស្ទើរ ជា​ដើម នៅតាម​ដង​វិថីអាហារចិន Chinatown Food Street​។ បន្ទាប់​មក លោក​អ្នក​អាច​បន្តដំណើរ​ទៅ​​វិថី​ Sago Lane ដែល​ប្រមូលផ្តុំ​ដោយ​ភោជនីយដ្ឋាន​ជា​ច្រើនទៀត​​។

៣. ការ​ដើរ​កម្សាន្តនៅ Kampong រាល់​ថ្ងៃពុធ ជាមួយ​ភ្នាក់​ងារ​ទេស​ចរណ៍ Tribe Tours

ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់ព្រះ​រាជ​វាំង​បុរាណ​របស់​អតីត​ស្តេច​ស៊ុល​តង់ នឹង​ធ្វើ​ឲ្យ​លោក​អ្នកមាន​​អារម្មណ៍​​ប្លែកជាមួយនឹង​រូប​គំនូរ​លើ​ជញ្ជាំង​ធំ​ៗជាច្រើន​នៅ​តំបន់ Kampong Gelam​។ Kampong Gelam គឺ​ជាកន្លែង​ដ៏ល្អ​ក្នុង​ការ​សិក្សា​បន្ថែម​ទៅលើ​ស្មារតី​គ្រហគ្រិនទាំង​លើ​អាជី​វកម្ម​បែប​ប្រពៃ​ណី និង​សម័យ​ទំនើ​​ប។ ជាមួយ​គ្នានេះ លោក​អ្នក​ក៏​អាច​សាក​ល្បង​រស​ជាតិ​តែ ឬ​កាហ្វេ នៅ​ក្បែរ​នោះ​ផង​ដែរ​។

លោក​​អ្នក​ក៏​​អាច​ស្វែង​យល់​ពី​ស្នាដៃ​សិល្បៈ​បែប​ប្រពៃណី និង​វប្បធម៌​សម័យ​ទំនើប ក៏ដូច​ជា​ដឹង​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ពី​របៀប​ដែល​​ក្រុមជនជាតិនានានៅ Kampong Gelam បាន​ចូលរួម​សាង​សង់​ព្រះ​វិហារ Sultan Mosque ផង​ដែរ ហើយ​លោក​​អាច​ទៅមើល​ការសម្តែង​នានា​នៅមជ្ឈមណ្ឌល​សិល្បៈ Aliwal ឬ​​ទស្ស​នា​តន្ត្រីករនៅ​តាម​បា​ផឹក​ស៊ី​ជាច្រើន​កន្លែង​។

៤. ការ​ធ្វើ​ដំណើរកម្សាន្តនៅតាម​មាត់​ទន្លេ រាល់​ថ្ងៃព្រហស្បតិ៍ ជាមួយ​ភ្នាក់​ងារ​ទេស​ចរណ៍ Tribe Tours

ការ​ធ្វើ​ដំណើរ​​កម្សាន្ត​នៅ​តំបន់​នេះ នឹង​ជួយ​ឲ្យ​លោក​អ្នក​ទទួលបាន​អារម្មណ៍​រីក​រាយ​ជា​ពិសេស ព្រោះ​លោក​អ្នក​នឹង​ឃើញ​ហាង​ជាប់​មាត់​ទន្លេ​ជាច្រើន ដែល​មាន​ការ​រៀប​ចំ​ដ៏​គួរ​ឲ្យ​ប្លែក​ភ្នែក ក៏​ដូច​ជា បា និង​ភោជនីយដ្ឋាន​ ដ៏​រស់​រវើក​​។ នៅ​ទីនោះ លោក​អ្នក​អាច​ដើរ​ឆ្លង​កាត់​ស្ពាន​ជាច្រើន ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​បន្ទាប់​ពី​ជន​ល្បី​ៗ​ ដែល​បាន​ធ្វើ​ដំណើរ​ទស្ស​ន​កិច្ច​ទៅកាន់​កំពង់​ផែ​បុរាណនេះ​ ហើយ​លោកអ្នក​ក៏​នឹង​ទទួល​បាន​ចំណី​អារម្មណ៍​បែប​រ៉ូមែនទិក ក្នុង​ពេល​ថ្ងៃលិច​នៅ Marina Bay Sands ផង​ដែរ​។

៥. ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ Bukit Brown ជាមួយ​ភ្នាក់​ងារ​ទេស​ចរណ៍ Sneak Peek Singapore

ការ​ដើរ​មើល​ផ្នូរ​ជាច្រើនរបស់​បិតា​ស្ថាប​និក​សិង្ហបុរី នៅ Bukit Brown នឹង​ជួយ​ឲ្យ​លោកមាន​​អារម្មណ៍​ប្លែក​ ក៏ដូច​ជា​ទទួល​បាន​បទពិសោធ​ថ្មីមួយ​។ អ្នក​ទេសចរ​ក៏អាច​​ស្វែង​យល់​បន្ថែមពី​ប្រវត្តិ​សាស្ត្រ​​សម្បូរ​បែប​នៅទីស្មសាន​បុរាណ​នោះ​ ក្រោម​ការ​រៀប​រាប់​របស់​ភ្នាក់ងារ​ទេសចរណ៍ ក៏ដូច​ជា​រូប​ចម្លាក់នានា រួម​ជាមួយនឹង​លក្ខខណៈ​ពិសេស​នៃ​ផ្នូរនីមួយ​ៗ​ផង​ដែរ​។

៦. កន្លែកម្សាន្ត Sungei Buloh Wetland Reserve ជាមួយ​ភ្នាក់​ងារ​ទេសចរណ៍ All things Bukit Brown

នៅ​ភាគ​ពាយ័ព្យ​ប្រទេស​សិង្ហបុរី ប្រមូល​ផ្តុំ​ដោយ​តំបន់​ធម្មជាតិ​ជាច្រើន ហើយ​ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ធម្ម​ជាតិ លោក​អ្នក​អាច​​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​ថ្មើរ​ជើង​ទៅកាន់​ព្រៃកោងកាង ស្រប​ពេល​ដែល​លោក​អ្នកក៏​​អាច​ថត​រូប​ភាព​របស់​សត្វ​ជាច្រើន​នៅ​ក្នុង​តំបន់ Sungei Buloh Wetland Reserve ផង​ដែរ​។

ជាមួយ​គ្នានេះ លោក​អ្នក​ក៏​អាច​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​បេតិកភណ្ឌ​ជាច្រើន​ដូច​ជា MacRitchie Reservoir ជា​ដើម ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​លោក​លើក​ទី​២ និ​ង​ការ​ត្រួតត្រា​​បស់​ជប៉ុន៕

ប្រភព​ព័ត៌​មាន៖ visitsingapore.com

អត្ថបទ៖ In Sopheng

មតិយោបល់