• 2021-09-17 10:51:00
  • ព័ត៌មាន

ទ្រូម៉ាន់នី ចាប់ដៃគូជាមួយផ្សារ 7-Eleven ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន

  • 2021-09-17 10:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានបង្កើតភាពជាដៃគូសំខាន់មួយជាមួយហាងលក់ទំនិញ «7-Eleven» ដែលថ្មីៗនេះហាងល្បីឈ្មោះជាលក្ខណៈអន្តរជាតិមួយនេះបានបើកដំណើរការហាងលក់ទំនិញរបស់ខ្លួនក្នុងប្រទេសកម្ពុជា។

7-Eleven ដែលត្រូវបាននាំចូលមកប្រទេសកម្ពុជាដោយក្រុមហ៊ុន CP All (Cambodia) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដោយផ្ទាល់របស់ក្រុមហ៊ុនថៃ CP All Pcl បានជ្រើសរើសក្រុមហ៊ុន TrueMoney ធ្វើជាដៃគូដ៏សំខាន់ដំបូងគេរបស់ហាងលក់ទំនិញមួយនេះនៅកម្ពុជា។ អតិថិជនរបស់ហាង 7-Eleven នឹងអាចទិញទំនិញដោយប្រើប្រាស់ការទូទាត់តាមកម្មវិធី TrueMoney Wallet ហើយពួកគេក៏នឹងទទួលបានអត្ថប្រយោជន៍ផ្សេងទៀតផងដែរដូចជា ការទទួលបានការបង្វិលប្រាក់ត្រឡប់មកវិញ និងរង្វាន់ផ្សេងទៀត ផងដែរ។

អតិថិជនរបស់កម្មវិធីទូទាត់ TrueMoney Wallet មានសិទ្ធិទទួលបានការបង្វិលប្រាក់ត្រឡប់មកវិញ ២០% សម្រាប់រាល់ការទិញទំនិញដែលទូទាត់តាមការស្គែន QR Code។ លើសពីនេះទៀត ជាការលើកទឹកចិត្តបន្ថែមឱ្យមានការទូទាត់តាមកម្មវិធី TrueMoney Wallet អតិថិជនថ្មី ១០០នាក់ដំបូងដែលចុះឈ្មោះប្រើប្រាស់កម្មវិធី TrueMoney Wallet និងបង្ហាញរូបភាពប្រម៉ូសិននេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ TrueMoney Cambodia ឬ 7-Eleven Cambodia រួមជាមួយនឹងការចុចចូលចិត្ត ឬចែករំលែក នឹងទទួលបានកែវទឹកពិសេសមួយសម្រាប់ធ្វើជាអំណោយ។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “ក្រុមហ៊ុន TrueMoney មានមោទនភាពដែលបានក្លាយជាដៃគូសំខាន់ដំបូងគេរបស់ 7-Eleven ក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាម៉ាកយីហោល្បីបំផុតមួយក្នុងពិភពលោក យើងប្រាកដថា អតិថិជនរបស់ TrueMoney នឹងរីករាយជាមួយនឹងការសហការនិងប្រម៉ូសិនពិសេសរបស់យើងជាមួយ 7-Eleven“។

អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet ថ្មី និងចាស់ មានសិទ្ធិចូលរួមក្នុងប្រម៉ូសិនបង្វិលប្រាក់ត្រឡប់មកវិញ ២០% រវាងក្រុមហ៊ុន TrueMoney និង 7-Eleven នេះគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។ អតិថិជនក៏អាចបញ្ចូលទឹកប្រាក់ក្នុងកម្មវិធី TrueMoney Wallet របស់ពួកគេបាននៅតាមហាងទំនិញ 7-Eleven ផងដែរ នៅពេលដែលកម្មវិធីទូទាត់របស់ពួកគេអស់ទឹកប្រាក់។

លោក Chomrom Jenchai នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន CP ALL (Cambodia) ដែលប្រតិបត្តិការហាងទំនិញ 7-Eleven ក្នុងប្រទេសកម្ពុជា បានថ្លែងថា៖ «ក្នុងនាមជាអ្នកចូលមកថ្មីក្នុងទីផ្សារកម្ពុជា ហាងទំនិញ 7-Eleven រីករាយដែលអាចចាប់ដៃគូជាមួយក្រុមហ៊ុនហិរញ្ញវត្ថុ និងជាផ្លែតហ្វមទូទាត់ឈានមុខគេមួយនៅកម្ពុជា។ គោលបំណងរបស់យើងគឺផ្តល់ជម្រើស ភាពងាយស្រួល និងគុណភាពដល់អតិថិជនរបស់យើង ដូចអ្វីដែលក្រុមហ៊ុន TrueMoney ផ្តល់ជូនអតិថិជនរបស់ពួកគេដែរ»។

សាខាទីមួយរបស់ហាងទំនិញ7-Eleven នៅជ្រោយចង្វារ បានបើកដំណើរការកាលពីចុងខែសីហានៅតាមបណ្តោយផ្លូវជាតិលេខ ៦ A ស្ថិតក្នុងសង្កាតព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយ សាខាទីពីរនៅព្រែកព្នៅ បានបើកដំណើរការនៅដើមខែនេះ។

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។

ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា។

ក្រុមហ៊ុន CP ALL Pcl បានប្រតិបត្តិការហាងទំនិញ 7-Eleven ដោយជោគជ័យនៅក្នុងប្រទេសថៃក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ។ ដូចហាងទំនិញផ្សេងទៀតនៅទូទាំងពិភពលោកដែរ ហាង 7-Eleven នៅកម្ពុជានឹងលក់ភេសជ្ជៈ នំ ចំណីអាហារ សាច់ឆ្អិនស្រាប់ សេវាហរិញ្ញវត្ថុដូចជាការទូទាត់តាមធនាគារ ការទូទាត់វិក្កយបត្រ បច្ចេកវិទ្យាឌីជីថល និងការដឹកជញ្ជូន៕

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទថ្មី