• 2021-09-20 04:14:31
  • ព័ត៌មាន

ច្បាស់ៗ ចំៗ! សៀវភៅស្នាក់នៅ-គ្រួសារ អត្តសញ្ញាណប័ណ្ណ ធ្វើនៅឯណា ភ្ជាប់ឯកសារអីខ្លះ ប៉ុន្មានថ្ងៃបាន?

  • 2021-09-20 04:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូតមកដល់ពេលនេះ បញ្ហាធ្វើឯកសារសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ នៅតែជាក្ដីកង្វល់របស់ប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់បានយល់ពីនីតិវិធីក្នុងការស្នើសុំធ្វើឯកសារទាំងនោះដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណជាដើម ។

ពាក់ព័ន្ធជាមួយចម្ងល់នេះដែរ បើតាមលោកវីរសេនីយ៍ឯកឧត្ដម សាន សុខសីហា អ្នកនាំពាក្យស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងមកកាន់ Sabay ​ថា សម្រាប់សៀវភៅស្នាក់នៅបងប្អូនប្រជាពលរដ្ឋអាចធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ទីតាំង ធ្វើត្រឹមរយៈពេល ៥ ថ្ងៃ ទៅ ៧ថ្ងៃប៉ុណ្ណោះ ។

ចំពោះសៀវភៅគ្រួសារត្រូវធ្វើនៅអធិការនគរបាលខណ្ឌទាំង ១៤ គឺរយៈពេល ១០ ថ្ងៃទេ ។ ដោយឡែកចំពោះអត្តសញ្ញាណប័ណ្ណ ដោយសារជំនាញខាងប៉ុស្តិ៍ ខណ្ឌ ត្រឹមជួយសហការបំពេញបែបបទ ថតរូប រួចទើបបញ្ជូនទៅអគ្គនាយកយដ្ឋានអត្តសញ្ញាណកម្ម ដើម្បីរៀបចំនីតិវិធីបន្ត ទើបព្រីនចេញជូនប្រជាពលរដ្ឋ ដូច្នេះត្រូវការពេលវេលាមួយ រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ ទើបរួួចរាល់ ។

ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចង់ធ្វើសៀវស្នាក់នៅសូមអញ្ជើញទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ និងសៀវភៅគ្រួសារសូមអញ្ជើញ ទៅកាន់អធិការនគរបាលខណ្ឌទាំង ១៤ ។ ចំពោះអត្តសញ្ញាណប័ណ្ណ អ្នកដែលគ្រប់អាយុត្រូវធ្វើ ឬ ហួសសុពលភាព សូមអញ្ជើញទៅកាន់ ប៉ុស្តិ៍ ខណ្ណ ដែលខ្លួនរស់នៅ ។

ទន្ទឹមនឹងនេះដែរ លោកវីរសេនីយ៍ឯកឧត្ដម សាន សុខសីហា ក៏បានបញ្ជាក់ដែរថា ចំពោះករណីពលរដ្ឋធ្វើ ១ថ្ងៃបាន គឺក្នុងករណី ដែលពលរដ្ឋខ្លះដាក់ឯកសារទៅរាប់ខែហើយ ប៉ុន្តែខាងប៉ុស្តិ៍រដ្ឋបាល ឬ ខណ្ឌ ទុកចោលមិនធ្វើ គឺពលរដ្ឋអាចសុំជំនួយអន្តរាគមន៍ ពីក្រុមប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ នឹងជួយសម្របសម្រួលធ្វើជូនភ្លាមៗ បងប្អូនអាចទាក់ទងទៅកាន់លេខ 069 516 999 ៕

ខាងក្រោមនេះ ជាឯកសារត្រូវភ្ជាប់ពេលទៅធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ៖

សៀវភៅស្នាក់នៅ

សាមី​ខ្លួន​ត្រូវ​យក​លិខិត​ស្នាម​មួយ​ចំនួន ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ដូច​ខាង​ក្រោម៖

  • សេចក្ដី​ចម្លង​សំបុត្រ​កំណើត ឬ​សេចក្ដី​ចម្លង​បញ្ជាក់​សំបុត្រ​កំណើត

  • អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ

  • សំបុត្រ​អាពាហ៍ពិពាហ៍ (​បើ​មាន)

  • លិខិត​អនុញ្ញាត​ផ្លាស់​ប្ដូរ​ទី​លំនៅ ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ទីកន្លែង​ចាស់​ដែល​សាមី​ខ្លួន​​ធ្លាប់​រស់​នៅ (ប្រសិន​បើមាន​ការ​ផ្លាស់​ប្ដូរ​ទីកន្លែង​រស់នៅ)។

សៀវភៅ​គ្រួសារ

សាមី​ខ្លួន​ត្រូវ​យក​លិខិត​ស្នាម​មួយ​ចំនួន ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ដូច​ខាង​ក្រោម៖

  • សៀវភៅ​ស្នាក់នៅ

  • សេចក្ដី​ចម្លង​សំបុត្រ​កំណើត ឬ​សេចក្ដី​ចម្លង​បញ្ជាក់​សំបុត្រ​កំណើត

  • អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ

  • សំបុត្រ​អាពាហ៍ពិពាហ៍

មតិយោបល់