• 2021-09-20 09:26:29
  • ព័ត៌មាន

ភ្នាក់ងារ វីង រួមគ្នាគាំទ្រ មូលនិធិគន្ធបុប្ផាកម្ពុជា

  • 2021-09-20 09:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ វីង នៅទូទាំងប្រទេស បានស្ម័គ្រចិត្តបរិច្ចាគថវិកាប្រមាណ ៤៥,០០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យមួយបានផ្តល់ការថែទាំសុខភាពដល់កុមារនៅកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិភ្នាក់ងារវីងទើបតែត្រូវបានបង្កើតឡើងកាលពី ខែ សីហា ឆ្នាំ ២០២១ នេះ ក្នុងគោលបំណង កៀរគរថវិកាដើម្បីជួយគាំទ្រ ដល់បុព្វហេតុសង្គមក្នុងមូលដ្ឋានរបស់ពួកគេ។

ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាមានសារ:សំខាន់ណាស់ ជាពិសេសក្នុងអំឡុងពេលដែលកំពុងប្រឈមនិងការរាតត្បាតនៃជំងឺកូវីដ-១៩។ ធនាគារ វីង សហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការកៀរគរថវិកាបរិច្ចាគមួយ តាមរយៈមូលនិធិភ្នាក់ងារវីង ដើម្បីអំពាវនាវដល់ភ្នាក់ងារវីងនៅទូទាំងប្រទេស ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ, មូលនិធិភ្នាក់ងារ វីងបានកៀរគរថវិកាបរិច្ចាគចំនួនប្រមាណ ៤៥,០០០ ដុល្លារអាមេរិក ដើម្បីចូលរួមជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសកម្មភាពប្រកបដោយទឹកចិត្តសប្បុរស និងមានការលះបង់ខ្ពស់របស់ភ្នាក់ងាររបស់យើង ដើម្បីបុព្វហេតុកុមារនៅកម្ពុជា តាមរយៈការរួមគ្នាជាមួយមូលនិធិភ្នាក់ងារវីង បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ យើងមានទីភ្នាក់ងារវីងជិត ១០.០០០ កន្លែងគ្រប់ស្រុកក្នុងប្រទេសកម្ពុជា ហេតុនេះហើយទើបធ្វើឱ្យយើងអាចកៀរគរថវិកាដើម្បីបុព្វហេតុនេះបាន។ ភ្នាក់ងាររបស់យើងមិនត្រឹមតែបំរើសេវាកម្មហិរញ្ញវត្ថុសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ពួកគេថែមទាំងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីជួយដល់ជនងាយរងគ្រោះនៅក្នុងសហគមន៍របស់ពួកគេផងដែរ។”

លោកស្រី ផេង សារ៉េត អាយុ ៦១ ឆ្នាំដែលជាភ្នាក់ងារវីងនៅក្រុងព្រះសីហនុ បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន១០០ ដុល្លារអាមេរិកសម្រាប់បុព្វហេតុនេះផងដែរ ដោយបានលើកឡើងថា៖ “ខ្ញុំចាំបានថានៅពេលដែលចៅខ្ញុំឈឺធ្ងន់ វាពិបាកណាស់ដើម្បីស្វែងរកមន្ទីរពេទ្យដែលអាចជឿទុកចិត្តបានដើម្បីព្យាបាល។ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីដល់ចៅរបស់ខ្ញុំ។ តាម រយៈមូលនិធិភ្នាក់ងារវីង ខ្ញុំអាចសំដែងការដឹងគុណដល់មន្ទីរពេទ្យគន្ធបុប្ផាបាន”។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណដល់ភ្នាក់ងារវីងដែលបានជួយគាំទ្រដល់មន្ទីរពេទ្យកុមារក្នុងអំឡុងពេលដ៏លំបាកនេះ។ ឯកឧត្តម រស់ សីលវ៉ា បានមានប្រសាសន៍ថា៖ “មូលនិធិពិតជាត្រូវការការគាំទ្រពីសាធារណជន ដើម្បីជួយឱ្យប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាអាចដំណើរការបានយ៉ាងរលូន។ ការបរិច្ចាគរបស់ភ្នាក់ងារនឹងជួយដល់កុមារដែលកំពុងមានតម្រូវការពិនិត្យ និងព្យាបាលជំងឺ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់ភ្នាក់ងារ វីង និងសម្រាប់ការជួយលើកកម្ពស់យុទ្ធនាការសប្បុរសធម៌ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា”។

មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner។ មន្ទីរពេទ្យបានចំណាយថវិកាប្រមាណ ៤០ លានដុល្លារ សម្រាប់ប្រតិបត្តិការក្នុងមួយឆ្នាំៗ។ កុមារជាង ៦៣៩ ២៦០ នាក់ បានមកទទួលការពិនិត្យ និងព្យាបាល និងអ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣៣ ០២៦ នាក់ បានមកសម្រាក និងព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងដោយឥតគិតថ្លៃ នៅក្នុងឆ្នាំ២០២០ កនុ្លងទៅនេះ។

ភ្នាក់ងារវីងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងបានជួយសម្រួលលំហូរសាច់ប្រាក់ប្រកបដោយភាពងាយស្រួល ជាពិសេសដល់ស្រ្តីនៅក្នុងសហគមន៍របស់ពួកគេ។ អ្នកប្រើប្រាស់សេវាកម្មវីងអាចចូលរួមចំណែកដល់កិច្ចការសប្បុរសធម៌នេះ តាមរយៈការបរិច្ចាគទៅគណនីប្រាក់រៀលលេខ ៥៥៥៩ ឬ គណនីប្រាក់ដុល្លារលេខ ៥៥៥៨ ឬតាមភ្នាក់ងារវីង នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយមិនគិតថ្លៃសេវា។ ធនាគារវីងធានាថាប្រាក់វិភាគទានសប្បុរសធម៌ ១០០ % នឹងទៅដល់មន្ទីរពេទ្យគន្ធបុប្ផា៕

មតិយោបល់