• 2021-09-20 10:36:58
  • ព័ត៌មាន

គួរឱ្យសរសើរ! ពីបុគ្គលិកភោជនីយដ្ឋានម្នាក់ មានឱកាសទៅធ្វើការច្រើនប្រទេស រហូតក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់

  • 2021-09-20 10:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីជជែកពិភាក្សាពីមុខជំនួញគ្រប់វិស័យ Starting Up សប្ដាហ៍ថ្មី ដែលបានចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ កាន់តែធ្វើឱ្យប្រិយមិត្តមានការជក់ចិត្តដិតអារម្មណ៍ កាន់តែខ្លាំងជាមួយបទពិសោធថ្មីៗ ល្អៗ ពីភ្ញៀវកិត្តិយសម្នាក់ពោរពេញដោយភាពតស៊ូ រហូតក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់ គឺលោក ងួន វេងឆាយ ជាសហស្ថាបនិក និងជានាយកគ្រប់គ្រងភោជនីយដ្ឋាន Cuisine Wat Damnak។

លោក ងួន វេងឆាយ មានបទពិសោទន៍ ជាង១០ឆ្នាំ នៅក្នុងវិស័យម្ហូបអាហារ គិតចាប់តាំងពីលោកនៅរៀន និងចេញធ្វើការ។ រហូតរូបលោកទទួលបានឱកាសទៅធ្វើការនៅភោជនីយដ្ឋានលំដាប់ៗ នៅក្រៅប្រទេស។ មានស្រុកកំណើតនៅខេត្តបាត់ដំបង លោកវេងឆាយ បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅក្នុងឆ្នាំ២០០០។ ដោយសារមិនមានលទ្ធភាព បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ រូបលោកក៏សម្រេចចិត្តទៅរកការងារធ្វើ នៅក្នុងខេត្តសៀមរាប។ នៅទីនោះ លោកបានធ្វើការជាអ្នកបម្រើការនៅក្នុងភោជនីយដ្ឋាន រយៈពេលប្រហែល ២ឆ្នាំ។

ក្នុងឆ្នាំ២០០៥ លោក វេងឆាយ បានសម្រេចចិត្តរកការងារថ្មីជា Supervisor នៅក្នុងអូតែលមួយកន្លែង។ ជាបន្តបន្ទាប់មកទៀត នៅដើមឆ្នាំ២០០៧ លោកបានស្គាល់ភ្ញៀវម្នាក់ដែលតែងតែមកហូបអាហារជាប្រចាំ បានផ្តល់ឱកាសឱ្យលោកទៅធ្វើ់ការនៅប្រទេសសិង្ហបុរី ដោយសារមើលឃើញថាលោកធ្វើការបានល្អ។ ទៅដល់សិង្ហបុរី លោក វេងឆាយ បានថ្លែងថា លោកបានជួបឧបសគ្គមួយចំនួនផងដែរ ដោយហេតុថា កម្រិតស្តង់ដារខុសគ្នាពីប្រទេសខ្មែរ។

ក្នុងនាមជាអ្នកចូលចិត្តការប្រកួតប្រជែងថ្មី លោក វេងឆាយ មានអារម្មណ៍ថាការងារនៅសិង្ហបុរី គឺមានភាពដដែលៗ រូបលោកក៏សម្រេចចិត្តចាកចេញត្រឡប់មកធ្វើការងារនៅប្រទេសខ្មែរវិញ។ មិនយូរប៉ុន្មាន លោក​វេងឆាយ បានបន្តទៅធ្វើការនៅប្រទេស ហ្វីជី និង បន្តមកទៀតនៅម៉ាកាវ។ ចំណាយពេលជាច្រើនឆ្នាំ នៅក្រៅប្រទេស លោកទទួលបានបទពិសោធន៍ជោគជាំ ផ្នែកវិស័យម្ហូបអាហារ និង បដិសណ្ឋារកិច្ច។

ត្រឡប់មកស្រុកខ្មែរវិញ លោកទទួលបានដំណឹងថា ភោជនីយដ្ឋានខ្មែរដ៏ប្រណិតមួយដែលជាហាងមិត្តភក្តិរបស់លោក ជាប់ជាភោជនីយដ្ឋាន Cuisine Wat Damnak បានជាប់ជា Asia's 50 Best Restaurants ២ឆ្នាំជាប់គ្នា ដែលកម្រមានភោជនីយដ្ឋានក្នុងស្រុកធ្វើបានណាស់ ។ 

ដោយសារជាអ្នកមានបទពិសោទន៍ច្រើនក្នុងផ្នែកនេះ លោក ងួន វេងឆាយ បានសម្រេចសហការជាមួយមិត្តភក្តិរបស់លោក ដែលជាម្ចាស់ភោជនីយដ្ឋាន Cuisine Wat Damnak។ លោក បានទម្លាយកត្តាសំខាន់ៗមួយចំនួនដែលធ្វើឱ្យភោជនីយដ្ឋាននេះ ទទួលបានជោគជ័យ។ លោក វេងឆាយ បានថ្លែងថា ភោជនីយដ្ឋានរបស់លោក ម្ហូបអាហារ ថ្វីត្បិតតែជាម្ហូបរបស់ខ្មែរ ប៉ុន្តែរៀបចំចេញមកយ់ាងប្រណិត ខុសប្លែកពីភោជនីយដ្ឋានដទៃផ្សេងទៀត។ ការរៀបចំទទួលនិងបម្រើភ្ញៀវទៀតសោត ចេញមកគឺមានភាពស្តង់ដារ។ កត្តាអនាម័យ ក៏ជាកត្តាចំណង ដែលលោកបានយកចិត្តទុកដាក់ខ្លាំងផងដែរ។

ក្នុងពេលអនាគត លោក ងួន វេងឆាយ មានគម្រោងចង់បើកភោជនីយដ្ឋានដែលលក់ម្ហូបខ្មែរ ទៅកាន់ក្រៅប្រទេស ដូចជាអាមេរិកជាដើម។ លោកបន្តថា ក្តីស្រម៉ៃរបស់លោកចង់បង្ហាញឱ្យបរទេសស្គាល់ម្ហូបអាហាររបស់ខ្មែរ កាន់តែច្រើនឡើងថែមទៀត។ ជាចុងក្រោយ លោក វេងឆាយ បានផ្តាំថា សូមចូលរូមគាំទ្រ និង ឱ្យតម្លៃម្ហូបអាហាររបស់ខ្មែរទាំងអស់គ្នា។ ក្នុងនាមជាអ្នកស្រលាញ់វិស័យម្ហូបអាហារនេះ លោក វេងឆាយ មានគោលបំណងចង់បង្ហាញឱ្យបរទេសស្គាល់ពីភាពប្រណិត របស់ម្ហូបអាហារខ្មែរ និងអរិយធម៌ដ៏ល្អផួរផងរបស់ខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ៕

ទស្សនាវីដេអូសម្ភាសខាងក្រោមនេះ៖

អត្ថបទ ៖ សង្ហា

មតិយោបល់