• 2021-09-27 01:24:04
  • ព័ត៌មាន

កម្មវិធី MoEYS E-Learning របស់ក្រសួងអប់រំ ដាក់ដំណើរការជាផ្លូវការ ក្រោយសិស្សដោនឡូតប្រើជាង២០ម៉ឺននាក់

  • 2021-09-27 01:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីស្វ័យសិក្សាតាមទូរស័ព្ទ ដែលមានឈ្មោះថា «MoEYS E-Learning» របស់ក្រសួងអប់រំ ដែលមានការរួមសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី ២៣ កញ្ញា ២០២១នេះ បន្ទាប់ពីការដាក់ឱ្យដំណើរការសាកល្បង តាំងពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ និងបានឆ្លងកាត់ការប្រើប្រាស់សាកល្បងផង កែសម្រួលផង និងការធ្វើវឌ្ឍនភាពជាបន្តបន្ទាប់ ដើម្បីសំដៅដល់ការប្រើប្រាស់មួយដែលពេញលេញ និងមានភាពងាយស្រួល។

នាព្រឹកថ្ងៃទី ២៣ កញ្ញា ២០២១ នេះ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីអំពី «ការដាក់ដំណើរការជាផ្លូវការកម្មវិធីស្វ័យសិក្សា MoEYS E-Learning» ដែលនឹងរៀបរាប់ពីវឌ្ឍនភាពចុងក្រោយបំផុតនៃកម្មវិធីស្វ័យសិក្សានេះ ដែលនឹងផ្តល់ជាជម្រើសមួយបន្ថែមទៀត ក្នុងការអនុវត្តទស្សនាទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” នៅកម្ពុជា ដែលសិស្សានុសិស្សនៅកម្រិតចំណេះទូទៅ អាចធ្វើស្វ័យសិក្សាបន្ថែមស្របតាមភាពចាំបាច់។

ដោយឡែក ចំពោះសន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ក៏ដូចជាប្រធានមន្ទីរ និងនាយកសាលាទូទាំងប្រទេស តាមប្រព័ន្ធប្រជុំពីចម្ងាយ។

គួរឱ្យដឹងដែរថា រហូតមកដល់បច្ចុប្បន្ន កម្មវិធីនេះមានអ្នកចុះឈ្មោះចូលប្រើប្រាស់រហូតដល់ជាង២៤ម៉ឺននាក់ និងមានការដោនឡូតជាបន្តបន្ទាប់ទៀត មកពី២៥រាជធានី ខេត្ត។ មាតិកាវីដេអូ បានទទួលការចូលទស្សនាសិក្សារហូតដល់ជិត ២លានដង។ ភាគច្រើននៃអ្នកប្រើប្រាស់គឺស្ថិតក្នុងថ្នាក់ទី១២ និងថ្នាក់ទី៩ ចំណែកឯប្អូនៗថ្នាក់បឋមសិក្សាមួយចំនួន ដែលពុំទាន់ចេះប្រើប្រាស់ទូរស័ព្ទសម្រាប់ដំណើរការកម្មវិធី គឺមាតាបិតា បានចូលទៅសិក្សារួចយកទៅបង្ហាត់បង្រៀនប្អូនៗបន្ថែម ដែលធ្វើឲ្យមានចំនួននៃការប្រើប្រាស់មានរហូតដល់ជិត៧ពាន់ដងក្នុងមួយថ្ងៃ។

កម្មវិធីស្វ័យសិក្សា MoEYS E-Learning គឺកម្មវិធីដែលប្រមូលផ្តុំទៅដោយវីដេអូសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ អមជាមួយការបញ្ចូលសៀវភៅសិក្សា (ចំណេះដឹងទូទៅ រឿងនិទាន ភាសាបរទេស) ព្រមទាំងមានលំហាត់សម្រាប់ការអនុវត្តក៏ដូចជាព័ត៌មានអប់រំផ្សេងៗ។

មុខងារពិសេសៗបន្ថែមនៃកម្មវិធីមានដូចជា៖

(១) Download៖ វីដេអូសិក្សា និងសៀវភៅ អាចទាញយកមកប្រើប្រាស់ពេលមិនមានអ៊ីធឺណិត (Offline) ដើម្បីដោះស្រាយបញ្ហាកង្វះខាតអ៊ីនធឺណិត

(២) Multi-User៖ អ្នកប្រើប្រាស់អាចប្រើ ៥គណនីផ្សេងគ្នា លើទូរស័ព្ទតែមួយ (Switch User Method) ដើម្បីដោះស្រាយបញ្ហាកង្វះខាតទូរស័ព្ទ

(៣) Reminder៖ គឺការកំណត់តារាងកាលវិភាគសិក្សាផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្ត និងដាស់តឿនសិស្សក្នុងការរៀនសូត្រតាមរយៈPush Notification

(៤) Graph សិក្សា៖ មុខងារនេះប្រាប់ពីចំនួនម៉ោងប្រើប្រាស់កម្មវិធី ភាគរយសិក្សាតាមមុខវិជ្ជា មេរៀន និងលទ្ធផលលំហាត់ ដើម្បីមាតាបិតា និងសិស្សខ្លួនឯងផ្ទាល់តាមដាន ការសិក្សា និងអភិវឌ្ឍការសិក្សារបស់សិស្ស

(៥) ឯកសារមេរៀន៖ ជាជំនួយដល់សិស្សក្នុងការសិក្សា និងអាច Download ទុកបាន

(៦) Ownership: សិស្សអាចដាក់ឈ្មោះ និងរូប របស់ខ្លួននៅក្នុងកម្មវិធី

(៧) កម្មវិធីនេះជា Platform មួយនៃបណ្តុំវីដេអូសិក្សា សៀវភៅសិក្សា ការតេស្ដសមត្ថភាព និងព័ត៌មានថ្មីៗស្ដីពីការអប់រំ

(៨) វេទិកាសំណួរ ចម្លើយនៅក្រោមវីដេអូ

(៩) រាល់ការរចនាទាំងអស់គឺថ្មីទាំងស្រុងដោយមិនមានការលួចចំលង (Original Artwork)

(១០) មុខងារ History និង Bookmark

សិស្សានុសិស្សអាចទាញយកកម្មវិធីនេះដោយចូលទៅកាន់ PlayStore សម្រាប់ទូរស័ព្ទដំណើរការដោយប្រព័ន្ធAndriod និង AppStore សម្រាប់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ iOS ឬ App Gallery ហើយវាយពាក្យថា «MoEYS» រួចទាញយក បន្ទាប់មកចុះឈ្មោះចូលប្រើប្រាស់កម្មវិធីតាមការណែនាំ។

គួរបញ្ជាក់ដែរថា មិនមានផលប៉ះពាល់ណាមួយដែលកើតឡើង ចំពោះកម្មវិធីស្វ័យសិក្សា MoEYS E-Learning បើទោះបីជាសាលារៀនត្រូវបើដំណើរការឡើងវិញក៏ដោយ ព្រោះកម្មវិធីស្វ័យសិក្សា MoEYS E-Learning និងការបើកឲ្យសិស្សចូលរៀនដោយផ្ទាល់សារជាថ្មី មិនមានអ្វីជាប់ពាក់ព័ន្ធគ្នានោះទេ តែជាមធ្យោបាយសិក្សាបន្ថែមដែលជាជម្រើសថ្មីរបស់សិស្ស។

កម្មវិធីស្វ័យសិក្សា MoEYS E-Learning គឺជាកម្មវិធីដែលជាជំនួយសម្រាប់ការសិក្សា ឬជាការស្វ័យសិក្សាបន្ថែមលើកម្មវិធីសិក្សាដែលមានស្រាប់របស់ក្រសួងអប់រំ យុវជន និងកីឡា។ នេះមិនមែនបានន័យថា កម្មវិធីស្វ័យសិក្សានេះ ត្រូវបានប្រើប្រាស់ជំនួសឲ្យកម្មវិធី និងសកម្មភាពសិក្សានៅសាលានោះទេ ៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី