• 2021-09-27 01:58:40
  • ព័ត៌មាន

រម្មណីយដ្ឋានទឹកធ្លាក់បរយ៉ាខា ជាកន្លែងទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយនៅខេត្តប៉ៃលិន

  • 2021-09-27 01:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់បរយ៉ាខា មានចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ពីទីរួមខេត្ត ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយរមណីយដ្ឋាននេះ មានទេសភាពល្អ ស្រស់ស្អាតតាមបែបធម្មជាតិ ដោយមានទឹកជ្រោះថ្លាឆ្វេង ហូរកាត់ផ្ទាំងថ្ម ជាច្រើនដំណាក់ ជាមួយសម្រស់ធម្មជាតិនៅអមទឹកហូរ ដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍មកកំសាន្ត។

រមណីយដ្ឋានទឹកធ្លាក់បរយ៉ាខា មានឈ្មោះល្បីល្បាញ ដោយទាក់ទងទៅនឹងបទចម្រៀងពីសម័យដើមរបស់លោក ស៊ីន ស៊ីសាមុត បទ “ ជ្រៃដុះមាត់ជ្រោះ”គឺច្រៀងរៀបរាប់ពីទឹកធ្លាក់បរយ៉ាខានេះ ដែលធ្វើ ភ្ញៀវទេសចរណ៍ឆ្ងាយជិតចង់ស្គាល់ ចង់ឃើញ ហើយចូលទៅលេងកម្សាន្ត ដើម្បីបំបាត់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ថ្លា។

បច្ចុប្បន្ន រម្មណីយដ្ឋានទឹកធ្លាក់បរយ៉ាខា មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេងជារៀងរាល់ថ្ងៃ មិនថានៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យនោះទេ ជាពិសេសនៅរដូវបុណ្យទៀនធំ ដូចជា៖ បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្យជាដើម តែដោយសារផ្លូវធ្វើដំណើរចូលទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់បរយ៉ាខានេះ ប្រមាណជាង ២គីឡូម៉ែត្រ ដែលបំបែកចេញពីផ្លូវកៅស៊ូ ក្នុងភូមិបរហ៊ុយត្បូង គឺមានសភាពលំបាកខ្លាំងក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវភ្លៀងធ្លាក់ជោគជាំ អត់សូវមានអ្នកចូលមកលេងកំសាន្តប៉ុន្មានទេ ហើយសង្ឃឹមថា នៅពេលខាងមុខ អាជ្ញាធរនឹងធ្វើការស្ថាបនាផ្លូវនេះ ដើម្បីលើកកម្ពស់វិស័យក្នុងខេត្ត។

ភ្ញៀវទេសចរណ៍ដែលមកលេងកំសាន្តនៅ រម្មណីយដ្ឋានទឹកធ្លាក់បរយ៉ាខានេះ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ចំពោះទេសភាពដ៏ស្រស់ត្រកាល តាមបែបធម្មជាតិពិតៗ ហើយមកលេងច្រើនដង នៅតែមិនជិនណាយ។ រម្មណីយដ្ឋានទឹកធ្លាក់បរយ៉ាខា មិនត្រឹមតែមានទឹកធ្លាក់ដ៏ស្រស់ស្អាតនោះទេ គឺមានជីវចម្រុះ និងធម្មជាតិដ៏ស្រស់បំព្រង ហើយមានអាស្រមតូចមួយ ដែលដំកល់រូបសំណាកព្រះពុទ្ធរូបព្រះអង្គខ្មៅ សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយគោរពបូជាទៅតាមជំនឿ និងជាទីកន្លែងដ៏ស្ងប់ស្ងាត់ ដែលអំណោយផលដល់ការធ្វើសមាធិ តាមបែបព្រះពុទ្ធសាសនា៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន

កែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី