• 2021-10-18 09:24:13
  • ព័ត៌មាន

ម្នាក់ៗរត់ឱប ញញឹមបិទមាត់មិនជិតទេ! ឯកឧត្ដម ម៉ៅ ធនិន ចុះត្រួតពិនិត្យនិងសាកសួរសុខទុក្ខអាជីវករក្នុងផ្សារសាមគ្គីព្រឹកមិញនេះ

  • 2021-10-18 09:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយទទួលការផ្លាស់ប្ដូរថ្មីអតីតអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានកំពុងមានវត្តមានលើទឹកដីខេត្តកំពត ដែលមានការស្វាគមន៍ពីប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ម្នាក់ៗរត់ឱប ញញឹមបិទមាត់មិនជិតទេ ក្រោយវត្តមានរបស់ឯកឧត្តម អញ្ជើញមកដល់ក្នុងទឹកដីនៃខេត្តកំពតបានចុះត្រួតពិនិត្យនិង សាកសួរសុខទុក្ខអាជីវករនិងពលរដ្ឋក្នុងផ្សារសាមគ្គី ខេត្តកំពត នាព្រឹកថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២១នេះ។ នេះបើតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពត​។

ទន្ទឹមនេះដែរ​​​​​​​ មានមហាជនជាច្រើនដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានសំដែងក្ដីរំភើប និងសសើរគ្រប់គ្នាថា ឯកឧត្តមជាមេដឹកនាំល្អគឺយកពលរដ្ឋជាធំ ស្រលាញ់យកចិត្តទុក្ខដាក់ពលរដ្ឋ បានធ្វើឲ្យមហាជន និងប្រជាពលរដ្ឋទូទាំងខេត្តមានការគោរពស្រលាញ់ជាខ្លាំង។

ឯកឧត្តម ម៉ៅ ធនិន ត្រូវបានគេស្គាល់ថាជាអភិបាលខេត្តពោធិ៍សាត់ ដែលតែងជួយដោះស្រាយបញ្ហាទំនាស់របស់រាស្ត្រទូទាំងខេត្តទាំងមូល រហូតត្រូវបានពលរដ្ឋដាក់រហស្សនាមជូនថា ជាប៉ាវចិនខ្មែរ។ ឯកឧត្តម ម៉ៅ ធនិន បានចូលរួមចំណែកយ៉ាងច្រើនលើសលប់ ចំពោះពលរដ្ឋនៅក្នុងខេត្តដែលលោកធ្លាប់បានគ្រប់គ្រងកន្លងមក រហូតត្រូវបានទទួលការកោតសរសើរ និងការស្រលាញ់ ពីសំណាក់ពលរដ្ឋគ្រប់ៗគ្នា។ ដោយឡែក ពលរដ្ឋជាច្រើន ក្នុងខេត្តពោធិ៍សាត់ បានបង្ហាញអារម្មណ៍ក្តុកក្តួល ចំពោះការចាកចេញទៅកាន់ដំណែងថ្មីរបស់លោកអភិបាលនៅក្នុងខេត្តកំពត តែទោះជាយ៉ាងណាឯកឧត្តមក៏ត្រូវតែចាកចេញព្រោះនេះជាភារកិច្ច និងការចាត់តាំង ។

សូមជម្រាបថា ឯកឧត្តម ម៉ៅ ធនិន អតីតអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតែង និងផ្ទេរភារកិច្ចពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត។ឯកឧត្តម ម៉ៅ ធនិន នឹងត្រូវផ្លាស់ប្ដូរគ្រប់គ្រងខេត្តកំពតជំនួស ឯកឧត្តម ជាវ តាយ ។ ទន្ទឹមនឹងនេះ ឯកឧត្តម ជាវ តាយក៏ត្រូវផ្លាស់ប្ដូរផងដែរ ដោយប្ដូរពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់វិញ។ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា​មានអភិបាលខេត្តចំនួន ៧ ដែលត្រូវបានតែងតាំង និងផ្លាស់ប្ដូរ នៅថ្ងៃជាមួយគ្នា៕

អត្ថបទដោយ ៖ ស៊ូ​ អីន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី