- 2021-10-22 07:33:06
- ព័ត៌មាន
ធ្វើការលឿនៗគ្មានដំអក់ ពេលនេះលោកអភិបាលខេត្ត ឱ្យសម្រុកធ្វើផ្លូវជាតិលេខ៥ ឱ្យហើយបំណាច់ឆ្នាំនេះ
- 2021-10-22 07:33:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើការលឿនៗគ្មានដំអក់ ពេលនេះលោកអភិបាលខេត្ត ឱ្យសម្រុកធ្វើផ្លូវជាតិលេខ៥ ឱ្យហើយបំណាច់ឆ្នាំនេះ
ចន្លោះមិនឃើញ
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានស្នើឱ្យក្រុមការងារគណៈកម្មការអន្តរក្រសួង ពិនិត្យ និងពិភាក្សាជួយពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យងាយស្រួលដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋធ្វើចរាចរណ៍ បើអាចក្នុងដំណាច់ឆ្នាំ២០២១ ឬយ៉ាងយូរដើមឆ្នាំ២០២២ខាងមុខ។ ការស្នើរបស់ឯកឧត្តម ជាវ តាយ បានធ្វើឡើងនៅសាល Video Conferenceខេត្ត ក្នុងកិច្ចប្រជុំពិភាក្សាការងារ ជុំវិញការដោះស្រាយផលប៉ះពាល់ ការស្ថាបនាស្ថានីយ៍ថ្លឹងយានយន្តលើសទំងន់ នៃគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។ នេះបើតាមការផ្សាយរបស់ រដ្ឋបាលខេត្តពោធិ័សាត់ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១នេះ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ផ្លូវមួយចំនួន ក្នុងគម្រោងមូលដ្ឋានខេត្ត បានស្ថាបនារួចខ្លះហើយដែរ ហើយមួយចំនួនទៀតក៏មានការលំបាក ជាក់ស្តែងដូចនៅព្រំប្រទល់ នៃខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង គឺមានលំបាកពិតប្រាកដ ដែលធ្វើឱ្យរថយន្តតូចធំគ្រប់ប្រភេទពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។ ជាការពិតណាស់ថា រដូវវស្សាពិបាកក្នុងការស្ថាបនា តែការយឺតយ៉ាវនេះ អាចមកពីក្រុមហ៊ុនខ្វះខាតធនធានមនុស្ស ឬខ្វះខាតគ្រឿងចក្រ? ត្រង់ចំណុចនេះឯកឧត្តមអភិបាលខេត្ត សូមឱ្យក្រុមហ៊ុន និងក្រុមការងារអន្តរក្រសួង ជួយបន្ថែមគ្រឿងចក្រ និងជម្រុញពន្លឿនការស្ថាបនាគម្រោងនេះ ឱ្យបានឆាប់រហ័ស ឬអាចធ្វើដំណើរបានក្នុងគន្លងណាមួយក៏បាន នៅដំណាច់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដើម្បីឱ្យងាយស្រួលដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋធ្វើចរាចរណ៍បាន មុនពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។
សូមបញ្ជាក់ថា គម្រោងកែលម្អផ្លូវជាតិលេខ៥ មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ លើផ្លូវចាស់ពីព្រែកក្តាមទៅប៉ោយប៉ែតមានប្រវែង ៣០៤គីឡូម៉ែត្រ។ គម្រោងផ្លូវនេះ ជាប្រភេទផ្លូវបេតុងកៅស៊ូAC ដោយការសាងសង់ចែកចេញជា៣ផ្នែក ក្នុងនោះផ្នែកខាងជើងចាប់ពីបាត់ដំបង ដល់ប៉ោយប៉ែត (រួចរាល់) មានប្រវែង ៨៤,៧២គីឡូម៉ែត្រ, ផ្នែកកណ្តាលចាប់ពីធ្លាម្អម ដល់បាត់ដំបង មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ ទទឹងប្រវែង ២៣ម៉ែត្រ ចែកជាពី២គន្លង ទៅ៤គន្លង និងផ្នែកផ្លូវភាគខាងត្បូង ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ចែកជា២គន្លង ទៅ២គន្លងមក។ គម្រោងផ្លូវនេះ ជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ដែលតភ្ជាប់ពីប្រទេសចិន មកភូមា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងជាពិសេសជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍន៍ថែមទៀត៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់