• 2021-11-02 05:00:41
  • ព័ត៌មាន

ទីបំផុតតុលាការសម្រេចឃុំខ្លួន មេបញ្ជាការអាវុធហត្ថក្រុងក្រចេះប្រើហិង្សាលើកុមារី២នាក់ហើយ ក្រោមបទល្មើសទាំងនេះ

  • 2021-11-02 05:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលាដំបូងខេត្តក្រចេះ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញបទចោទប្រកាន់លើជនត្រូវចោទឈ្មោះ ទេព ហ៊ុយ ជាមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ បទគំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅហាងលក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃទំនើប យីហោ «លាង ហ៊ុយ» នៅចំណុចផ្លូវកណ្ដាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ និងនៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុកឈ្មោះ Sorn Sopheak-ស៊ន សុភក្រ្ត នាថ្ងៃទី០១ វិច្ឆិកា ២០២១នេះ។

សាលាដំបូងខេត្តក្រចេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ទេព ហ៊ុយ ដែលជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បន្ទាប់ពីជននេះបានប្រើអំពើហិង្សាលើកុមារី២នាក់ ដែលជាអ្នកស៉ីឈ្នួលបម្រើនៅផ្ទះរបស់ខ្លួន។ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់វាយខ្នោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោយបុគ្គលរូបនេះបានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ដែលជាអ្នកស៉ីឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក បក្ខពួកឈ្មោះ គឹម សុវណ្ណារិទ្ធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

សម្រាប់ទង្វើអំពើហិង្សារបស់បុគ្គល ទេព ហ៊ុយ នេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក (Facebook) បង្ហាញនូវការខឹងសម្បារ ថែមទាំងថ្កោលទោសយ៉ាងដាច់អហង្កា ព្រមទាំងអំពាវនាវដល់ស្ថាប័នតុលាការផ្ដន្ទាទោសបុគ្គលនេះតាមផ្លូវច្បាប់ជាធរមាន។ ក៏បានស្នើសុំឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនល្មើសដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សា និងទារុណកម្មនេះថែមទៀតផង ពោលមិនលើកលែងឲ្យជាដាច់ខាត ដោយចាត់ទុកថា ទង្វើបែបនេះជាពាល រឿងអសីលធម៌ និងមិនអាចទទួលយកបាននោះឡើយ។

សូមជម្រាបថា មេអាវុធហត្ថក្រុងក្រចេះ បានប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើកុមារីដែលជាកូនឈ្នួលនៅក្នុងផ្ទះនេះ គឺដោយសារកុមាររីទាំង២នាក់នេះបានធ្វើឲ្យងាប់ឆ្កែមួយក្បាលនៅក្នុងផ្ទះរបស់ជនដៃដល់ ដែលជាហេតុនាំឲ្យជនដៃដល់កើតនូវការខឹងសម្បារតែម្ដង។ ក្រៅពីការប្រើប្រាស់អំពើហិង្សា ជនដៃដល់ក៏បានបង្ខំឲ្យកុមារីទាំង២នាក់នេះ ដេកឱបផ្នូរឆ្កែមួយយប់ និងចាប់បង្ខំឲ្យស៉ីអាចម៍ឆ្កែថែមទៀតផង។ ក្រោយមកបុគ្គលរូបនេះបានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ដែលជាអ្នកស៊ីឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត

អត្ថបទកែសម្រួលដោយ ៖ ស៊ូ អីន

មតិយោបល់