- 2021-11-16 06:53:01
- ព័ត៌មាន
តិចថានៅក្រចេះអត់សូវមានកន្លែងដើរលេងចុះ ៤ កន្លែងនេះ សប្បាយក្រៃលែង ទេសភាពស្អាតៗ
- 2021-11-16 06:53:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចថានៅក្រចេះអត់សូវមានកន្លែងដើរលេងចុះ ៤ កន្លែងនេះ សប្បាយក្រៃលែង ទេសភាពស្អាតៗ
ចន្លោះមិនឃើញ
«ខេត្តក្រចេះ» ជាដែនដីល្បីល្បាញនំក្រឡានដ៏ឆ្ងុយឆ្ងាញ់ នៃតំបន់ខ្ពង់រាបភាគឥសាន្តរបស់កម្ពុជា និងជាខេត្តដែលបន្សលទុកនូវសិល្បៈសំណង់បុរាណនាសម័យបារាំងជាច្រើន ហើយក៏ជាដែនដីសម្បូរផលិតផល ទេសចរណ៍លក្ខណអេកូធម្មជាតិ ពោរពេញដោយជីវៈចម្រុះគ្រប់ប្រភេទ យ៉ាងស្រស់ត្រកាលបំផុត។ «ខេត្តក្រចេះ» ស្ថិតនៅតំបន់ខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ សត្វព្រៃ ហើយមានទន្លេមេគង្គលើ ដែលជាប្រភពទឹក ជាជំរកមច្ឆាជាតិ និងជាពិសេសទៅទៀត ទន្លេមេគង្គមានអន្លង់ជ្រៅៗដែលជាជំរកត្រី នឹងសត្វផ្សោត ហើយសត្វផ្សោតនេះជាប្រភេទសត្វទឹកកំរ ។
ត្បិតខេត្តក្រចេះឆ្ងាយបន្តិចមែន តែបានទៅដល់ គឺមិនខកបំណងនោះទេ ថ្ងៃនេះសប្បាយសូមណែនាំកន្លែងកម្សាន្តចំនួន៤ ក្នុងខេត្តក្រចេះ សុទ្ធតែគួរឲ្យចាប់អារម្មណ៍ និងមិនអាចបំភ្លេចបាន តំបន់ទេសចរណ៍ទាំង៤នេះ ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិ ប្រវត្តិសាស្ត្រដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកំសាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ។ តំបន់ទាំងនោះរួមមាន៖
១. ទស្សនា សត្វផ្សោតនៅអន្លង់ផ្សោតកាំពី និងគយគន់ទេសភាពតាមដងទន្លេ
រមណីយដ្ឋានអន្លង់ផ្សោតកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី គឺជាទីតាំងទេសចរណ៍ដ៏មានសក្ដានុពលមួយ ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនកន្លែងនៅក្នុងខេត្តក្រចេះ។ ដើម្បីទៅដល់អន្លង់ផ្សោតកាំពី យើងត្រូវធ្វើដំណើរប្រមាណ ១៥គីឡូម៉ែត្រ ចេញពីទីរួមខេត្តក្រចេះ តាមបណ្ដោយផ្លូវលេខ ៣៧៧។ ក្នុងការទស្សនាសត្វផ្សោតនៅអន្លង់ផ្សោតកាំពី អ្នកទេសចរមានជម្រើស២ គឺទស្សនាសត្វផ្សោតពីចម្ងាយតាមច្រាំងទន្លេ ឬជួលទូកពីសហគមន៍ ដើម្បីជិះទៅទស្សនាសត្វផ្សោតនាដងទន្លេតែម្ដង។
ពេលធ្វើដំណើរតាមទូកទៅដល់កណ្ដាលទន្លេក្បែរអន្លង់ផ្សោត ទូកត្រូវពន្លត់ម៉ាស៊ីន ហើយអ្នកទេសចរ ត្រូវចាំស្ដាប់សម្លេងដង្ហើមរបស់សត្វផ្សោត នៅពេលពួកវាផូសចេញពីទឹក ដើម្បីដកដង្ហើម នៅក្នុងរយៈពេលពី ១២ ទៅ ១៥នាទីម្ដង។ ក្រៅអំពីការទស្សនា សត្វផ្សោតលោកអ្នកអាចជិះទូកបន្តដំណើរ តាមបណ្ដោយដងទន្លេគយគន់ សម្រស់ព្រៃប្រឹក្សាអមសងខាង ស្រូបយកខ្យល់ដ៏បរិសុទ្ធនៃដងទន្លេលាយឡំ និងពន្លឺថ្ងៃចាំងចំផ្ទៃទឹកទន្លេចែងចាំងពន្លឺផ្លេកៗប្រៀបបានដូចត្បូងពេជ្រ ផុសកណ្ដាលដែនពសុធាដ៏ធំល្វឹងល្វើយ។
សត្វផ្សោតទន្លេមេគង្គ ដែលចិញ្ចឹមកូនដោយទឹកដោះ គឺជាប្រភេទថនិកសត្វដ៏កម្រ ហើយមាននៅសល់តិចតួចណាស់នៅលើពិភពលោក។ នៅកម្ពុជា សត្វផ្សោតនិយមរស់នៅតាមដងទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ រហូតដល់ព្រំប្រទល់កម្ពុជា-ឡាវ ដែលមានចម្ងាយប្រមាណ ១៩០គីឡូម៉ែត្រ ក្នុងនោះអន្លង់ផ្សោតកាំពី មានសត្វផ្សោតរស់នៅច្រើនជាងគេបង្អស់។
២. ទស្សនាតំបន់ប្រវត្តិសាស្ត្រ ព្រះវិហារសសរ១០០
វត្តសសរ១០០ គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ដដ៏ចំណាស់មួយ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។ ដើម្បីធ្វើដំណើរទៅកាន់វត្តសសរ១០០ យើងត្រូវធ្វើដំណើរចេញពីក្រុងក្រចេះ តាមផ្លូវលេខ ៣៧៧ ក្នុងរយៈចម្ងាយប្រមាណ ៣៦គីឡូម៉ែត្រ។ កសាងឡើងនៅសតវត្សទី១៦ ក្នុងរាជកាលស្ដេចអង្គច័ន្ទរាជាទី២ វត្តសសរ១០០ មានលក្ខណៈពិសេសខុសពីវត្តដទៃ ត្រង់វត្តនេះមានព្រះវិហារបែរមុខទៅកាន់ទិសខាងជើង និងមានប្រវត្តិទាក់ទងរឿងព្រេងនៃសត្វក្រពើ២ក្បាល គឺក្រពើនេនធន្ទ និងក្រពើសុពណ៌កាឡី។ អ្នកទេសចរដែលបានទៅដល់វត្តសសរ១០០ ពិតជាលាន់មាត់សរសើរពុំខានឡើយ នៅចំពោះមុខព្រះវិហារដ៏ធំស្កឹមស្កៃ ទ្រទ្រង់ដោយសសរខ្ពស់ត្រដែត ចំនួន ១១៦ដើម។
ក្រោមជំនោរដ៏ត្រជាក់នៃដងទន្លេមេគង្គ អ្នកទេសចរអាចដើរទស្សនាសំណង់វិហារដ៏ចំណាស់នេះ ព្រមទាំងគយគន់ផ្ទាំងគំនូរសាសនាដ៏ត្រណីត នៅតាមជញ្ជាំង និងពិដានព្រះវិហារថែមទៀត។ នៅក្នុងបរិវេណវត្តសសរ១០០ ក៏មានផងដែរនូវមជ្ឈមណ្ឌលអភរក្សសត្វអណ្ដើក និងកន្ធាយទន្លេមេគង្គ។ មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ក្នុងគោលបំណងការពារសត្វអណ្ដើក និងជាពិសេសសត្វកន្ធាយក្បាលកង្កែបដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតនៅលើពិភពលោក។ការទស្សនាសត្វអណ្ដើក និងកន្ធាយដ៏កម្រនេះ តិចឬច្រើន ពិតជាអាចបណ្ដុះមនោសញ្ចេតនាស្រឡាញ់សត្វដល់ភ្ញៀវទេសចរ ដែលនឹងក្លាយជាចលករដ៏សំខាន់ក្នុងការសង្រ្គោះការពារធនធានធម្មជាតិដ៏កម្រនេះ ឲ្យបានគង់វង្ស។
៣. គយគន់សម្រស់ធម្មជាតិដ៏ស្រស់បំព្រង នៅកោះទ្រង់
កោះទ្រង់ គឺជាសហគមន៍អេកូទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៃខេត្តក្រចេះ។ មានទីតាំងនៅទល់មុខក្រុងក្រចេះ អ្នកទេសចរអាចធ្វើដំណើរទៅដល់ដែនកោះដ៏ស្រស់ស្អាតចំកណ្ដាលទន្លេមេគង្គនេះ ដោយចំណាយពេលប្រមាណត្រឹមតែ ១៥នាទីប៉ុណ្ណោះ តាមរយៈកំពង់ចម្លង។ កោះទ្រង់ ថ្វីត្បិតតែមានទំហំតូច ប៉ុន្តែសហគមន៍អេកូទេសចរណ៍នៅទីនេះ បានរៀបចំសកម្មភាពកម្សាន្តជាច្រើនសម្រាប់អ្នកទេសចរ ដែលមានដូចជាការជួលរទេះគោ រទេះសេះ និងកង់ សម្រាប់ជិះលេងកម្សាន្ត ស្រូបយកខ្យល់ទន្លេដ៏បរិសុទ្ធ។ តាមផ្លូវបេតុងមួយខ្សែព័ទ្ធជុំវិញកោះ អ្នកទេសចរក៏អាចគយគន់ទេសភាពដ៏ស្រស់បំព្រងតាមដងទន្លេ ដែលប្រកបទៅដោយភូមិដ្ឋាន និងចម្ការដំណាំតាមបែបធម្មជាតិរបស់អ្នកភូមិកោះទ្រង់។
បន្តដំណើរប្រមាណជា ១៥នាទីទៀត ភ្ញៀវទេសចរនឹងទៅដល់ចុងកោះ ដែលមានដើមរការដ៏ធំស្កឹមស្កៃមួយ ឈរបង្អួតខ្លួនយ៉ាងទាក់ទាញ។ ដើមរការចំណាស់ដែលមានកម្ពស់ជាង ៣០ម៉ែត្រនេះ មិនត្រឹមតែជាចំណុចទាក់ទាញ សម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីសក្ការៈដ៏ស័ក្តិសិទ្ធកោះទ្រង់ផងដែរ។ អ្នកទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់ និងបរិយាកាសនៅកោះទ្រង់ តែងតែចំណាយពេលស្នាក់នៅទីនេះ ក្រោមការសម្របសម្រួលពីសហគមន៍អេកូទេសចរណ៍កោះទ្រង់។ មិនត្រឹមតែផ្ដល់កន្លែងស្នាក់នៅប៉ុណ្ណោះទេ ក៏មានការចម្អិនម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់ភ្ញៀវទេសចរផងដែរ។
៤. ទស្សនា កោះខ្សាច់ដ៏ធំល្វឹងល្វើយប្រៀបបានឋានសួគ៌លើដី
កោះសាមសិប គឺជាសហគមន៍ទេសចរណ៍ដែលទើបបង្កើតថ្មី នៅក្នុងឆ្នាំ២០១៨។ មានចម្ងាយប្រមាណ ៩៥គីឡូម៉ែត្រពីក្រុងក្រចេះ តំបន់ប្រជុំកោះសាមសិប លាតសន្ធឹងកាត់ភូមិសាស្រ្ដភូមិចំនួន ៣ គឺភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពុនជា នៃឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ភ្ញៀវទេសចរដែលបានធ្វើដំណើរទៅដល់សហគមន៍អេកូទេសចរណ៍កោះសាមសិប នឹងបានប្លែកភ្នែកជាមួយជីវភាពរស់នៅបែបជនបទដ៏សាមញ្ញ និងស្ងប់សុខ។ ក្នុងគោលបំណងលើកដំកើងជីវិភាពប្រជាជនក្នុងតំបន់ សហគមន៍នៅទីនេះ ក៏បានរៀបចំឲ្យមានសេវាកម្មផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរផងដែរ។
ចេញពីភូមិស្ថានដ៏មនោរម្យ យើងបន្តដំណើរតាមទូកឆ្លងកាត់ទន្លេមេគង្គ គយគន់សត្វបក្សីជាង ២០០ប្រភេទ និងទេសភាពដ៏ស្រស់ស្អាតតាមដងទន្លេ។ ធ្វើដំណើរបានប្រមាណ ៥គីឡូម៉ែត្រ កោះខ្សាច់មួយយ៉ាងធំ ដែលមានឆ្នេរខ្សាច់សក្បុស នឹងលេចត្រដែតឡើងចំកណ្ដាលផ្ទៃទឹក នោះគឺកោះសាមសិប។នៅលើកោះខ្សាច់ដ៏ធំនេះ យើងអាចងូតទឹកលេងយ៉ាងសប្បាយ មុនឡើងមកស្រស់ស្រូបអាហារដែលចម្អិនដោយប្រជាសហគមន៍។
សហគមន៍អេកូទេសចរណ៍កោះសាមសិបបង្កើតឡើងដោយផ្អែកទៅលើធនធានសក្តានុពលរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទខ្សាច់លាវ កោះខ្ញែរ និងពន្ធជា។ សហគមន៍នេះ សំបូរទៅដោយព្រៃឈើជាច្រើនប្រភេទរជាប្រភេទ ដែលជាប្រភេទព្រៃរបោះ និងពាក់កណ្តាលស្រោង ដែលជាជម្រកសត្វព្រៃដ៍សំខាន់ដូចជា សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក ត្មាតត្រយ៉ងចំកំកស និងសម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប។ល។ ចំណែកក្នុងដែនសហគមន៍នេសាទទាំងបីវិញ សំបូរដោយអន្លង់ទឹកជ្រៅ ទឹកជួរ សំបូរកោះ នឹងព្រៃលិចទឹកដែលជាជម្រកត្រីពងកូនដ៏សំខាន់។
ជារួមក្នុងក្នុងតំបន់នេះសំបូរ ទៅដោយធនធានធម្មជាតិដូចជា ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម និងប្រពៃណីជនជានដើមភាគតិច។ ក្រៅពីនេះប្រជាជនក្នុងតំបន់នេះមានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ភ្ញៀវ មានសុជីវធម៌ មិនកេងបន្លំគ្នាដែលជាគំរូដ៏ល្អផងដែរ ៕