• 2021-11-24 01:58:37
  • ព័ត៌មាន

មកស្គាល់ទីឋានមួយកន្លែងនាដែនដីកោះកុង លាក់ខ្លួនកណ្ដាលព្រៃព្រឹក្សា ស្នាក់នៅបែបធម្មជាតិ១០០% ល្អបំផុតបើទៅលេងខែរងាបែបនេះ

  • 2021-11-24 01:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cardamom Tented Camp ជាតំបន់កម្សាន្តប្លែកអារម្មណ៍មួយបែប ដែលផ្ដល់ជូននូវជីវិតផ្សារភ្ជាប់នឹងធម្មជាតិសុទ្ធសាត បាននឹងកំពុងពួនលាក់ខ្លួនលាក់សម្ផស្សនៅក្នុងទីព្រៃដ៏ជ្រៅ នៃឧទ្យានជាតិបទុមសាគរ ខេត្តកោះកុង។ តំបន់ទេសចរណ៍មួយនេះ មិនសូវជាមានអ្នកផងឯនាយបានស្គាល់ច្រើននោះឡើយ ។ ដើម្បីទៅដល់ទីនោះ អ្នកទាំងអស់គ្នាត្រូវជិះតាមផ្លូវបំបែកស្រែអំបិលទៅកោះកុង ហើយឈប់នៅស្ពានត្រពាំងរូង។ នៅពេលទៅដល់ស្ពានត្រពាំងរូងហើយ ត្រូវបន្តដំណើរដោយថ្មើរជើងតាមផ្លូវដីក្រហមទៅផែ កុំភ័យខ្លាចឆ្ងាយ ដើរមិនដល់៥នាទីទេដល់ផែហើយ។

តំបន់ទេសចរណ៍ធម្មជាតិ Cardamom Tented Camp មានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ពីស្ពានត្រពាំងរូង ហើយត្រូវជិះទូកប្រមាណ៥០នាទីទើបទៅដល់ ។ អ្នកអាចជិះទូកបន្តដំណើរ តាមបណ្ដោយដៃសមុទ្រ ដ៏វែងអន្លាយ គយគន់ សម្រស់ព្រៃប្រឹក្សាអមសងខាង ស្រូបយកខ្យល់ដ៏បរិសុទ្ធ លាយឡំនឹងសំឡេងសត្វព្រៃយំល្វើយៗក្នុងព្រៃដ៏សែនស្ងប់ស្ងាត់ ពិសេសពន្លឺថ្ងៃចាំងចំផ្ទៃទឹកចែងចាំងពន្លឺផ្លេកៗប្រៀបបានដូចត្បូងពេជ្រ ផុសកណ្ដាលដែនពសុធាដ៏ធំល្វឹងល្វើយ គួរជាទីគយគន់នៃការធ្វើដំណើរកម្សាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ ពោរពេញដោយជីវៈចម្រុះគ្រប់ប្រភេទ យ៉ាងស្រស់ត្រកាលបំផុត ចំពោះតម្លៃស្នាក់នៅវិញគឺសមរម្យបំផុត។

ពេលលោកអ្នកបានទៅដល់ទីតាំងនៃរមណីយដ្ឋានដ៏ស្រស់ត្រកាល Cardamom Tented Camp នេះ គឺនៅដាច់ស្រយាលក្នុងព្រៃស្ងប់ស្ងាត់បន្តិច មិនសូវមានសេវា Internet ឬ Wifi នោះទេ ហើយភ្លើងអគ្គីសនីក៏មិនសូវសម្បូរប៉ុន្មានដែរ ដោយមានត្រឹមប្រើថាមពលសូឡា និងម៉ាស៊ីនភ្លើង តែទាំងអស់នេះពោរពេញទៅដោយសម្រស់ធម្មជាតិពិតៗ លាយឡំទៅដោយខ្យល់ត្រជាក់ៗ ម្លប់ឈើតូចធំត្រឈឹងត្រឈៃ សត្វព្រៃយំត្រហឹងអឺងកង បង្កឡើងជាសំឡេងរំពងពេញព្រៃ គួរជាទីមនោរម្យ រលាយអស់ភាពសៅហ្មង តប់ប្រម៉ល់តែម្ដង។

កាន់តែពិសេសទៀតនោះគឺ អាម្មណ៍ប្លែកបានចូលមកដល់ ដោយខាងសហគមន៍ទេសចរណ័មានស្វាគមន៍ជាមួយនឹងទឹកខ្ញីលាយក្រូចឆ្មា និងកន្សែងត្រជាក់។ បន្ទាប់មកគេក៏ប្រាប់យើងត្រួសៗអំពីប្រវត្តិរបស់កន្លែងនោះដល់ភ្ញៀវ ការអភិរក្ស ការការពារសត្វព្រៃ និងអ្វីដែលយើងគួរ និងមិនគួរធ្វើនៅជំរុំនេះ មុននឹងគេនាំយើងទៅកន្លែងសម្រាកនៅតង់។ នៅ Cardamom Tented Camp នេះមានតង់ចំនួន៩ ហើយតង់ខ្លះមានគ្រែ១ និងតង់ខ្លះមានគ្រែ ២ ហើយខ្លះទៀតក៏មានគ្រែ ៣ ដែលតង់នីមួយៗគឺនៅដាច់ៗពីគ្នា ហើយហុំព័ទ្ធទៅដោយព្រៃឈើក្រាស់ឃ្នឹក។ នៅក្នុងតង់អត់មានម៉ាស៊ីនត្រជាក់ មានតែកង្ហារ ដោយនៅកណ្តាលព្រៃត្រជាក់ស្រាប់ហើយ ដាក់តែកង្ហារក៏គេងលក់ស្រួលស្កប់ស្កល់ដែរ ។

Cardamom Tented Camp នេះលោកអ្នកអាចស្នាក់នៅប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់ បូករួមនឹងអាហារឆ្ងាញ់ៗបែបខ្មែរ និងអឺរ៉ុប និងសកម្មភាពកម្សាន្តដូចជាជិះទូកកាយ៉ាក់ ជិះខ្សែរ៉ត និងដើរព្រៃ ហែលទឹក ជាដើម។ បរិយាកាសស្ងប់ស្ងាត់ ពិសេសទឹកថ្លាឆ្លុះពណ៌ដើមឈើបញ្ចេញសម្រស់យ៉ាងស្រស់ស្អាត ដើរតាមបណ្ដោយស្ពានឈើដ៏វែង អមសងខាងដោយស្មៅបៃតងក្រាស ប្ដូរពណ៌តាមរដូវកាល ម្ដងបៃតង ម្ដងលឿង ស័ក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តថតរូប ។

ទាំងអស់នេះគ្រាន់តែជាផ្នែកខ្លះៗនៃCardamom Tented Campតែប៉ុណ្ណោះ ចង់ដឹងច្បាស់លោកអ្នកអាចបបួលគ្នាទៅស្នាក់នៅលេងកម្សាន្តម្ដង ពិសេសចុងឆ្នាំនេះខែត្រជាក់ចឹង បើបានទៅកន្លែងមួយនេះ ដឹងតែរលាយ Stressតែម្ដង ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់