• 2021-11-30 10:39:46
  • ព័ត៌មាន

ក្រុងសៀមរាប បិទផ្លូវសម្រុកចាក់កៅស៊ូរលោងស្រិល ត្រៀមទទួលទេសចរដើរកម្សាន្តចុងឆ្នាំនេះ

  • 2021-11-30 10:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ វិច្ឆិកា ២០២១នេះ បានប្រកាសជូនដំណឹងដល់ពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងសាធារណជនទាំងអស់ឲ្យជ្រាបថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ក្រុមការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងបិទផ្លូវមួយចំនួន ដើម្បីស្ថាបនា សាងសង់ រៀបចំអ៊ុតកៅស៊ូ លើផ្លូវក្នុងក្រុងសៀមរាប។

ផ្លូវជាច្រើនខ្សែនៅតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ត្រូវបានកែលម្អ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ កាន់តែរីករាយជាមួយនឹងដំណើរកម្សាន្តរបស់ខ្លួនមកកាន់ដែនដីអច្ឆរិយរបស់កម្ពុជានេះ ។ ទេសភាពព្រៃឈើតូចធំ ចោលម្លប់ត្រជាក់ ត្រឈឹងត្រឈៃ ការរៀបចំសួនច្បារនៅតាមទីសាធារណ កាន់តែបង្កើនសម្រស់ដងផ្លូវនៅតំបន់អង្គរនេះ កាន់តែស្អាតទាក់ទាញក្រសែភ្នែកទេសចរគយគន់មិនចេះជិនណាយ ពិសេសងាយស្រួលធ្វើដំណើរកម្សាន្តនាចុងឆ្នាំខាងមុខនេះផងដែរ។

អាជ្ញាធរខេត្តសៀមរាបបានបញ្ជាក់ទៀតថា ក្រុមការងារសាងសង់ផ្លូវ នឹងផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវ ដូចខាងក្រោមនេះ៖

១. ចាប់ពីផ្លូវ ៣០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវសាលឌីហ្គោល

២. ចាប់ពីស្តុបសណ្ឋាគារសុខាអង្គរ ឆ្ពោះទៅវង្វង់មូលជ័យវរ័ន្មទី៧

៣. ចាប់ពីស្ពានវត្តព្រះព្រហ្មរ័ត្ន ឆ្ពោះទៅកាន់ផ្សារចាស់

អាស្រ័យដូចបានជម្រាបជូនខាងលើ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរដោយបញ្ចៀសនូវផ្លូវខាងលើ ដោយប្រើប្រាស់ខ្សែផ្លូវផ្សេងជំនួស។ រដ្ឋបាលខេត្តក៏បានសូមការយោគយល់ខ្ពស់ចំពោះការបិទផ្លូវនេះ ដើម្បីក្រុមការងារធ្វើការចាក់កៅស៊ូឱ្យបានទាន់ពេលវេលាតាមផែនការដែលបានកំណត់ផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់