• 2021-12-07 09:56:36
  • ព័ត៌មាន

នេះហើយព្រះបុត្រាវ័យក្មេងទាំងពីរអង្គ របស់សម្ដេចក្រុមព្រះ ព្រះមាតាទទួលមរណភាពពី៣ឆ្នាំមុន ពេលនេះបិតាក៏ត្រូវឃ្លាតឆ្ងាយជារៀងរហូត

  • 2021-12-07 09:56:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជានុរាស្ត្រខ្មែរ នៅតែចងចាំមិនភ្លេចឡើយ កាលពី៣ឆ្នាំមុន ក្នុងឆ្នាំ ២០១៨ ក្នុង​ទិដ្ឋភាព​ដ៏​សោកសៅ​ថ្ងៃ​បូជាសព អ្នកម្នាង អ៊ុក ផល្លា នៃ​សម្ដេច​ក្រុមព្រះ នរោត្ដម រណឬទ្ធិ កាលពី​ថ្ងៃ​ទី២០ ខែ​មិថុនា ២០១៨ បាន​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​ស្ទើរ​ទូទាំង​ប្រទេស​មាន​ក្ដីអាណិត​អាសូរ សោក​ស្រណោះ​ជាពន់​ពេក ចំពោះ​ព្រះបុត្រា​ទាំង​២ គឺ​បុត្រ​ច្បង​មាន​នាម ​នរោត្តម​ សុធា​ឫទ្ធិ ប្រសូត​ក្នុង​ឆ្នាំ ២០០៣ ​និង​បុត្រទី២ ​មាន​នាម នរោត្តម ​រណ​វង្ស ប្រសូត​ក្នុង​ឆ្នាំ ២០១១។ ព្រះបុត្រាទាំងពីរនេះ ជាចំណងដៃនៃក្ដីស្នេហារវាង អ្នកម្នាង អ៊ុក ផល្លា និងសម្ដេចក្រុមព្រះនរោត្ដម រណ ឫទ្ធិ ។

បុត្រ​ច្បង​មាន​នាម ​នរោត្តម​ សុធា​ឫទ្ធិ (រូបភាពឆ្នាំ ២០១៨)
បុត្រទី២ ​មាន​នាម នរោត្តម ​រណ​វង្ស (រូបភាពឆ្នាំ ២០១៨)
រូបភាពថ្ងៃព្រះសពសម្ដេចក្រុមព្រះមកដល់មាតុភូមិប្រទេសកម្ពុជា

កាន់តែស្រណោះពេលនេះ ព្រះបុត្រាទាំងពីរអង្គ បានបាត់បង់បិតាជាទីកក់ក្ដៅជារៀងរហូតហើយ ខណៈព្រះបុត្រាពៅ នៅវ័យក្មេងជាងគេ កំពុងត្រូវការការមើលថែ ក្ដីស្រលាញ់ពីមាតា-បិតា ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ​ដោយឡែកកាលពីថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៨ ​​អ្នក​ម្នាង អ៊ុក ផល្លា​ បាន​ទទួល​មរណភាព​​ក្នុង​ព្រះជន្ម ៣៩ឆ្នាំ​ ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ដំណើរ​​ជាមួយ​ព្រះ​ស្វាមី ដើម្បី​យាង​ចុះ​សួរ​សុខទុក្ខ​ប្រជាជន​ដែល​ជា​សមាជិក ​សមាជិកា​ គណបក្ស​ហ្វ៊ុនស៊ីប៉ិច នៅផ្លូវជាតិលេខ៤ ​ក្នុង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។ សព​របស់​អ្នក​ម្នាង​ត្រូវ​បាន​បូជាថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨។

ទិដ្ឋភាពដង្ហែសពអ្នកម្នាង អ៊ុក ផល្លា​

រាជរដ្ឋាភិបាលកម្ពុជាបានចេញប្រកាសសម្រេចយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ព្រះមរណទុក្ខផ្លូវការទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាកិច្ចថ្វាយតបនូវព្រះគុណូបក្ការៈដ៏ធំធេង នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលពេញមួយព្រះជន្មព្រះអង្គ មានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ៕

មតិយោបល់
អត្ថបទថ្មី