• 2021-12-08 04:22:04
  • ព័ត៌មាន

ព្រឹកនេះព្រះមហាក្សត្រ ស្ដេចទ្រង់យាងថ្វាយព្រះភ្លើងព្រះសព ព្រះរាមរបស់ទ្រង់ ក្នុងព្រះភ័ក្ដ្រយ៉ាងស្រពាប់ស្រពោន

  • 2021-12-08 04:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះបាទសម្ដេច នរោត្ដម សីហមុនី ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះអង្គទាំងទ្វេ ស្ដេចយាងជាព្រះរាជាធិបតីថ្វាយព្រះភ្លើងបូជាព្រះសព សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលជាព្រះរាម និងបុត្រានៅមេរុ នាវត្តមុខវត្តបទុមវតី ក្នុងទិដ្ឋភាពដ៏សោកសៅ ស្រណោះពន់ពេក រកទីបំផុតគ្មាន ។

ពិធីដង្ហែព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើឡើង ក្រោមទិដ្ឋភាពដ៏ក្រៀមក្រំ ដោយមានវត្តមានការចូលរួមពីសព្វអសើមុខមន្ត្រី អ្នកមុខ អ្នកការ ថ្នាក់ដឹកនាំ ព្រមទាំសែរាជវង្សានុវង្សជាច្រើនអង្គ។ ព្រះសពរបស់សម្ដេចក្រុមព្រះ បានធ្វើការរំកិលចាកចេញពីអតីតព្រះដំណាក់ព្រះអង្គនៅផ្លូវសម្តេចប៉ាន តាមរយៈទីនាំងរថយន្តបុស្បុក ហើយដង្ហែរតាមមហាវិថីព្រះនរោត្តម ឆ្ពោះមកកាន់មេរុ នៅមុខវត្តបទុមវតី ដើម្បីធ្វើការបូជាព្រះសព តាមបែបសាសនា និងប្រពៃណីរាជវង្សានុវង្ស ក្រោយពីតម្កល់ក្នុងមជ្ជូសា ធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនាអស់រយៈពេលបួនថ្ងៃមកនេះ។ នេះបើតាមប្រភពបន្ថែមពី BTV Cambodia ។

ក្រឡេកមកមើលក្នុងរោងពិធី ក៏មានវត្តមានថ្នាក់ដឹកនាំប្រទេសជាតិជាច្រើនរូបមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ននានា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ៕

មតិយោបល់
អត្ថបទថ្មី