• 2021-12-08 08:30:00
  • ព័ត៌មាន

ត្រៀម​ទាំង​អស់​គ្នា! ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ​របស់​យើង!

  • 2021-12-08 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពក្រៅរដ្ឋាភិបាល ដែលពឹងផ្អែកទៅលើជំនួយសប្បុរសធម៌ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្គត់ផ្គង់ដល់ដំណើរការផ្តល់សេវាថែទាំសុខភាពកុមារកម្ពុជាប្រកបដោយគុណភាព ក្តីមេត្តាករុណា និងមិនគិតកម្រៃ ដែលបានបើកបំរើសេវាសុខភាពជូនកុមារកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ។​

ទោះជាមានបញ្ហាថវិកា នៅក្នុងដំណើរការប្រតិបត្តិយ៉ាងណាក៏ដោយ ក៏មន្ទីរពេទ្យមួយនេះមិនអាចទុកកុមារណាម្នាក់ចោលដោយមិនពិនិត្យព្យាបាលឡើយ។ បន្ទាប់ពីមានសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការបើកដំណើរការឡើងវិញនូវបណ្តាអាជីវកម្ម សាលារៀន និងព្រឹត្តិការណ៍សាធារណៈនានាមក គណៈកម្មការរៀបចំព្រឹត្តិការណ៍ជិះកង់ (Cycling for Cambodia – CFC) និងមន្ទីរពេទ្យកុមារអង្គរ ក៏បានសម្រេចចិត្តរៀបចំព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរបស់ខ្លួនឡើងវិញ។

ព្រឹត្តិការណ៍​នេះ គឺ​ដើម្បីរៃអង្គាសមូលនិធិសម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ ជាបន្តទៅទៀត ដោយគ្រោងនឹងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីអនាម័យលាងដៃ ពាក់ម៉ាស់ រក្សាគំលាត រួមទាំងបញ្ចូលនូវសកម្មភាពមួយចំនួន ក្នុងការថែរក្សាបរិស្ថានផងដែរ។

ការជិះកង់ គឺជាសកម្មភាពកំសាន្ត ថែរក្សាសុខភាព និងកីឡា ដ៏ពេញនិយមនៅសម្រាប់ប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ននេះ ហើយព្រឹត្តិការណ៍សប្បុរសធម៌មួយនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១ រសៀល ដោយចាប់ចេញដំណើរពី ផ្សាររាត្រីសៀមរាបអាតសិនធ័រ ឆ្ពោះទៅកាន់រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិភ្នំក្រោម ដោយឆ្លងកាត់តាមប្រាសាទបុរាណវត្តអធ្វារ និងទីតាំងភូមិដ៏ស្រស់ស្អាតមួយចំនួន ព្រមទាំងមានបញ្ចូលនូវសកម្មភាពជាច្រើន ដូចជាការលេងល្បែងកំសាន្តបង្កើនកំលាំងស្មារតីជាក្រុម ការចាប់រង្វាន់ និងការរាំច្រៀងកំសាន្តផងដែរ។

អ្នកចូលរួមជិះកង់ ត្រូវ​បាន​រំពឹង​ថា​មាន​ប្រមាណ៤០០នាក់ ដោយ​ពួក​គេ​តម្រូវ​ឲ្យ​ធ្វើការបរិច្ចាគជាថវិកាចំនួន ២០ ដុល្លារអាមេរិក ក្នុងម្នាក់ ហើយ​ទទួល​បាន​មក​វិញ​នូវ​អាវយឺត កន្សែងមានមុខងារចម្រុះ ទឹកញ៉ាំ និងអាហារថ្ងៃត្រង់ដែលវេចខ្ចប់ដោយស្លឹកឈូកប្រកបដោយអនាម័យ ក្នុងគោលបំណងកាត់បន្ថយផ្លាស្ទិកថែមទៀតផង។

គណៈកម្មាធិការជិះកង់កម្ពុជា លោក ហ៊ុន សុជាតិ មានប្រសាសន៍ថា “ទោះបីជាមានឧបសគ្គមួយចំនួនក្នុងការរៀបចំកម្មវិធីជិះកង់នេះក៏ដោយ ក៏គណៈកម្មាធិការទាំងមូលនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីជាចំណែកមួយជួយដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងតែជួបប្រទះការខ្វះខាត” ។ លោកវេជ្ជបណ្ឌិត ងួន ចន្ទ័ភត្រ្តា នាយកមន្ទីរពេទ្យ មានប្រសាសន៍បន្ថែមដោយទឹកមុខរីករាយថា “សូមកោតសសើរនូវទឹកចិត្តរបស់គណៈកម្មាធិការទាំងមូលដែលប្រឹងប្រែងទាំងកម្លាំងកាយ ចិត្តដើម្បីធ្វើឲ្យព្រឹត្តិការណ៍មួយនេះកើតឡើង។ ក្នុងនាមថ្នាក់ដឹកនាំមួយរូបនៃមន្ទីរពេទ្យកុមារអង្គរ សង្ឃឹមថាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស និងចូលរួម ក៏ដូចជាឧបត្ថម្ភដល់ព្រឹត្តិការណ៍ជិះកង់នេះ ដើម្បីសុខភាព កម្សាន្តនិងកិច្ចការមនុស្សធម៌“៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី