• 2021-12-09 01:30:00
  • ព័ត៌មាន

កាន់តែងាយស្រួល! លោកអ្នកអាចប្រើប្រាស់ ABA PAY នៅផ្សារខេមបូឌាត្រេដ បានហើយ

  • 2021-12-09 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១៖ ក្រសួងពាណិជ្ជកម្ម និងធនាគារ ABA បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើភាពជាដៃគូប្រព័ន្ធទូទាត់ឌីជីថល និងការចែករំលែកចំណេះដឹង។

នៅក្រោមអនុស្សរណៈនេះ ផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម នឹងត្រូវតភ្ជាប់ជាមួយប្រព័ន្ធផេវេ (PayWay) ដែលជាកម្មវិធីទូទាត់អនឡាញរបស់ធនាគារ ABA ដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីអាចនាំយកអាជីវកម្មរបស់ពួកគេទៅកាន់ផ្សារអនឡាញបាន និងទទួលការទូទាត់យ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាព ដោយមិនប្រើប្រាស់សាច់ប្រាក់នោះទេ។ អនុស្សរណៈនេះ ក៏គូសបញ្ជាក់ផងដែរអំពីកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកចំណេះដឹង និងការបណ្ដុះបណ្ដាលសម្រាប់ SMEs ដែលបានចុះឈ្មោះជាមួយផ្សារខេមបូឌាត្រេដ។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខានាព្រឹកនេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពរបស់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ជាពិសេស ធនាគារ ABA ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការដាក់លក់ផលិតផលសម្រាប់អតិថិជន និងដៃគូអាជីវកម្មជាមួយប្រព័ន្ធទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលមានទំនុកចិត្តខ្ពស់»។

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះ អនុញ្ញាតឲ្យយើងផ្ដល់ជូនសហគ្រាសធុនតូច និងមធ្យមនូវឱកាសធ្វើឌីជីថលូបនីយកម្ម និងទំនាក់ទំនងអតិថិជនរបស់ពួកគេនៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាមួយការទទួលការទូទាត់ពីអតិថិជនបានយ៉ាងងាយស្រួល និងសុវត្ថិភាពតាមរយៈ ABA PAY។ ធនាគារ ABA នឹងសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកចំណេះដឹងហិរញ្ញវត្ថុឌីជីថល ដល់អាជីវកររបស់ផ្សារខេមបូឌាត្រេដ តាមរយៈការបណ្ដុះបណ្ដាល និងសកម្មភាពកសាងសមត្ថភាពនានា។ យើងជឿជាក់ថា ការតភ្ជាប់ប្រព័ន្ធទាំងពីរនេះ នឹងជួយដល់សហគ្រិនក្នុងស្រុក ក្នុងការពង្រីកការលក់ និងប្រាក់ចំណូលរបស់ខ្លួនតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈដែលសកម្មភាពនេះ នឹងជំរុញដល់បរិយាប័ន្នហិរញ្ញវត្ថុ និងវឌ្ឍនភាពឌីជីថលបន្ថែមទៀតរបស់ប្រទេស»។

ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមទទួលការចុះឈ្មោះជាមុនរបស់សហគ្រាសធុនតូច និងមធ្យម ចាប់តាំងពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ ដោយផ្ដល់នូវការតភ្ជាប់ប្រព័ន្ធដ៏ពេញលេញ ដែលអនុញ្ញាតឲ្យមានការពង្រីកទីផ្សារកាន់តែទូលំទូលាយជាងមុនទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ដែលនាំឲ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចចូលទៅកាន់សេដ្ឋកិច្ចឌីជីថលសកលដែលកំពុងរីកចម្រើន។ គិតមកត្រឹមខែធ្នូ ឆ្នាំ២០២១ នេះ សហគ្រាសធុនតូច និងមធ្យមកម្ពុជាចំនួន ៧៥ ត្រូវបានអនុញ្ញាតឲ្យដាក់លក់ផលិតផលសរុប ប្រមាណជា ៤៥០ ផលិតផលនៅលើផ្សារខេមបូឌាត្រេដនេះ។

ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដនេះ គឺជាផ្នែកមួយយ៉ាងសំខាន់របស់គម្រោង Go4eCAM ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF)។ ផ្សារខេមបូឌាត្រេដនេះត្រូវបានផ្តួចផ្តើមបង្កើត និងគ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលមានគោលបំណងបង្កើនឱកាសសេដ្ឋកិច្ចដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។

PayWay របស់ធនាគារ ABA គឺជាកម្មវិធីទូទាត់ប្រាក់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានឈ្នះពានរង្វាន់ ក្នុងការប្រើប្រាស់សម្រាប់ប្រមូលការទូទាត់ និងគ្រប់គ្រងការទូទាត់ដែលធ្វើតាមរយៈកាត Visa, Mastercard, UPI និង ABA PAY។ PayWay ត្រូវបានបង្កើតឡើងដើម្បីឲ្យឆ្លើយតបតាមតម្រូវការរបស់អាជីវកម្មក្នុងស្រុក ដែល PayWay គឺជាកម្មវិធីទូទាត់ងាយស្រួលតភ្ជាប់ មានសុវត្ថិភាព និងងាយស្រួលប្រើប្រាស់ ដែលជួយដល់សហគ្រាសនានាក្នុងការលក់ផលិតផល និងសេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬនៅតាមហាង និងទូទាត់ប្រាក់ពីអតិថិជនបានភ្លាមៗ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ www.nbc.ca

ទំនាក់ទំនងសម្រាប់សារព័ត៌មាន៖

ធនាគារវឌ្ឍនៈ អាស៊ីចំកាត់ (ធនាគារ ABA)

លោក Lee Weng Hoe (Brandon)

ប្រធានអង្គភាពទីផ្សារ

ទូរស័ព្ទ៖ 098 630 771

អុីមែល៖ lee.wenghoe@ababank.com

ក្រសួងពាណិជ្ជកម្ម

លោក ជា ឡៃជា

ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

ទូរស័ព្ទ៖ 017 878 016

អុីមែល៖ chealaichea@gmail.com

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទពេញនិយម