• 2021-12-08 10:40:00
  • ព័ត៌មាន

ដំណឹងល្អណាស់! ក្រុមហ៊ុនអាមេរិកមួយ ចង់វិនិយោគកែច្នៃដើមប្រេងខ្យល់និងអាកាស្យានាំចេញទៅទីផ្សារអន្តរជាតិ

  • 2021-12-08 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកមួយ ចង់រកឱកាសវិនិយោគដាំឈើប្រេងខ្យល់និងអាកាស្យានាំចេញទៅសហរដ្ឋអាមេរិកនិងទីផ្សារអន្តរជាតិ។ នេះបើតាមការផ្សាយលើគណនីហ្វេសប៊ុកផ្លូវការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនេសាទ នៅថ្ងៃទី០៨ ធ្នូ ២០២១នេះ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា លោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក មកពីសហរដ្ឋអាមេរិក មានគោលបំណងវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។ ទាក់ទងនឹងការវិនិយោគនេះ លោកនាយកក្រុមហ៊ុនបានស្នើសុំការណែនាំពីឯកឧត្តមរដ្ឋមន្រ្តីអំពីដំណើរការនៃការវិនិយោគលើឧស្សាហកម្មព្រៃឈើ ការដាំឈើឡើងវិញ ការកែច្នៃ និងនាំចេញ។

ទាក់ទងនឹងគោលបំណងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជូនយោបល់ក្រុមហ៊ុនថា៖
១. ក្រុមហ៊ុនអាចស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាពិសេសក្រុមហ៊ុនក្នុងស្រុក ដើម្បីប្រើប្រាស់ដីឲ្យអស់សក្តានុពល បង្កើនផលិត ភាពផលិតកម្មឧស្សាហកម្មឈើដាំ បង្កើតការងារសម្រាប់ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងទទួលបានប្រយោជន៍ទាំងរដ្ឋ និងឯកជន។

២. ធ្វើការសហការវិនិយោគលើការដាំឈើឡើង នៅតាមស្ថានីយ៍ផ្សព្វផ្សាយនិងដាំឈើឡើងវិញ ជាមួយរដ្ឋបាលព្រៃឈើ។

ចំពោះជំរើសទាំងពីរខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតបន្ថែមជាមួយរដ្ឋបាលព្រៃឈើ លើការងារបច្ចេកទេស និងនីតិវិធី ហើយបទដ្ឋានគិតិយុត្ត ដែលមានការពាក់ព័ន្ធ។ ដោយឡែក ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ នឹងរង់ចាំសហការ និងគាំទ្រលើគម្រោងនេះ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសម្រេចទទួលបាន ជោគជ័យ ៕

ប្រភព៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី