• 2021-12-12 01:44:43
  • ព័ត៌មាន

ទីបំផុតរកឃើញហើយ បេក្ខជនជើងខ្លាំងទាំង ៤ រូប ក្លាយជាម្ចាស់ជយលាភី «ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១» ក្រោយប្រកួតយ៉ាងស្វិតស្វាញ

  • 2021-12-12 01:44:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ សហគ្រិនខ្មែរ (Khmer Enterprise) ក្រោមកិច្ចសហការ ក្នុងភាពជាដៃគូជាមួយ វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ (National Institute of Entrepreneurship and Innovation) បានរៀបចំ កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចំាការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធាន ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង ឯកឧត្ដមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នេះជាលើកទី២ហើយ ដែលសហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍បានរួមគ្នាបង្កើត ឱ្យមាន កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់វិស័យ សហគ្រិនភាពនៅកម្ពុជា តាមរយៈការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់សហគ្រិនក្នុងការគ្រប់គ្រង សហគ្រាសធុនតូច និងមធ្យម ព្រមទាំងដើម្បីពង្រឹង និងពង្រីកភាពជាដៃគូររវាងវិស័យសាធារណៈ និង វិស័យឯកជន។

តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងប្រកបដោយសុក្រឹតភាពអស់រយៈពេលប្រមាណ៣ខែ កន្លងមកនេះ កម្មវិធី «ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១» បានរកឃើញ បេក្ខជនជាជ័យលាភីចំនួន ២០រូបមកពី៥តំបន់ផ្សេងៗគ្នានៅ ទូទាំងប្រទេសដើម្បីចូលរួមធ្វើបទបង្ហាញអំពីគំរូអាជីវកម្ម និងសក្តានុពលរបស់ខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ ចំពោះមុខគណៈកម្មការចំនួន៧រូប ដែលមកពីអង្គភាព-ស្ថាប័នចម្រុះ។

ក្រោយការប្រកួតអស់ជាច្រើនម៉ោង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២១ នេះ គណៈកម្មការទាំង ៧ រូប បានរកឃើញម្ចាស់ជយលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ទំាង៤រូប ដែលរួមមាន៖

  • ម្ចាស់ជយលាភីលេខ៤ បានទៅលើ លោកស្រី រី ថានី (ម្ចាស់អាជីវកម្ម នរា អង្គរ ហេនឌីក្រាហ្វ ឯ.ក មកពីខេត្តសៀមរាប)

  • ម្ចាស់ជយលាភីលេខ៣ បានទៅលើ លោក យិន សុភាព (ម្ចាស់អាជីវកម្ម សាលារៀនគ្រូយើង មកពីខេត្ត រតនៈគិរី)

  • ម្ចាស់ជយលាភីលេខ២ បានទៅលើ លោកស្រី ឆាប៉ូច អឹប៉េពណ៍រេណាថាលីម៉ារី (ម្ចាស់អាជីវកម្ម ឡាផ្លេនថេសិន មកពីខេត្តកំពត)
  • ម្ចាស់ជយលាភីលេខ១ បានទៅលើ លោក ហៃ លីអ៊ាង (ម្ចាស់អាជីវកម្ម ខនហ្វីរេល មកពីរាជធានីភ្នំពេញ) ។

សហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ មានមោទកភាពដែល កម្មវិធីពានរង្វាន់ សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ទទួលបានការដាក់ពាក្យចូលរួមរហូតដល់ ២១០ ក្រុមហ៊ុន ខ្ពស់ជាង ឆ្នាំមុនប្រមាណ ១៦% ពីទូទាំងប្រទេសកម្ពុជា មាន២៥រាជធានី-ខេត្តដែលបែកចែកទៅជា៥តំបន់រួមមាន តំបន់បាត់ដំបង តំបន់សៀមរាប តំបន់កំពង់ចាម តំបន់កំពត និងតំបន់កណ្តាល ។

កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ នេះត្រូវបានបញ្ចប់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ដោយជោគជ័យ ក្រោមអធិបតីភាពថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហគ្រិនខ្មែរ វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ ព្រមទាំងស្ថាប័ន ពាក់ព័ន្ធនានាមកពីវិស័យសាធារណៈ និងឯកជនជាច្រើនរូប។

គួរបញ្ជាក់ផងដែរថា សហគ្រិនខ្មែរត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុង គោលបំណងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់ សហគ្រិនភាព តាមរយៈការគាំទ្រទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាពដូចជាវិស័យព័ត៌មានវិទ្យា សេវាកម្ម កម្មន្តសាល និងផលិតកម្មឱ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

មតិយោបល់
អត្ថបទថ្មី