• 2021-12-15 03:45:20
  • ព័ត៌មាន

លែងអនុគ្រោះហើយ! សម្ដេចតេជោ បើរថយន្តមិនបង់ពន្ធក្រោយថ្ងៃ៣១ធ្នូ នឹងមិនរួចខ្លួនទេ

  • 2021-12-15 03:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» តម្លៃ១៨០លានដុល្លារ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា នឹងចាត់ការតាមផ្លូវច្បាប់តឹងរឹងបំផុត និងលែងអនុគ្រោះទៀតហើយ បើម្ចាស់រថយន្តមិនបង់ពន្ធក្រោយថ្ងៃ៣១ធ្នូ ២០២១នេះទេ និងមិនរួចខ្លួនឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នឹងមានការអនុគ្រោះពន្ធរហូតដល់១០ភាគរយ ក្នុងករណីម្ចាស់យានយន្តទៅបង់ពន្ធមុនថ្ងៃ៣១ ខែធ្នូ ត្រូវចូលមកបង់ពន្ធ នឹងទទួលបានអនុគ្រោះ ។ សម្ដេចបន្តថា តែក្នុងករណីក្រោយថ្ងៃ៣១ ខែធ្នូបើមិនបានបង់ពន្ធពេញលេញត្រឹមត្រូវនោះទេ មិនរួចខ្លួនឡើយ ដោយមិនឲ្យមានព្រឹត្តិការណ៍ច្រំដែលទៀតទេ ពោលគឺនឹងត្រូវមានចំណាត់ការតាមផ្លូវច្បាប់ ដោយមិនមានការអនុគ្រោះយោគយល់ដូចមុនៗនោះទេ។ សម្ដេចមានប្រសាសន៍ទៀតថា ពីពេលនេះទៅ មិនឲ្យមានវត្តមានរថយន្តប្រភេទចង្កូតស្ដាំបើកបរនៅលើផ្លូវដូចមុនទៀតឡើយ។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រកាសពីកន្លែងបង់ពន្ធ គឺធ្វើនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ធនាគារស្ថាបនា ធនាគារប្រៃសណីយ៍កម្ពុជា ឬនៅតាមធនាគារ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

តាមអគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រកាសបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអាជ្ញាធរសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់