• 2021-12-24 08:41:41
  • ព័ត៌មាន

ឆ្នាំសិក្សា២០២១-២០២២ SCG បន្តផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាជាង១០០នាក់

  • 2021-12-24 08:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១៖ ទោះបីមានភាពប្រឈមខ្លះដោយសារជំងឺរាតត្បាតកូវីដ ១៩ក្ដី ក្រុមហ៊ុន SCG ដែលឈានមុខគេនៅអាស៊ានក្នុងវិស័យផលិតស៊ីម៉ងត៍និងគ្រឿងសម្ភារៈសាងសង់ បានបន្តផ្ដល់ការគាំទ្រដល់សិស្សនិស្សិតកម្ពុជាដើម្បីជួយពួកគេឲ្យសម្រេចក្ដីសុបិនរបស់ខ្លួន សម្រាប់ការសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ជាមួយនឹងការផ្ដល់អាហារូបករណ៍ចំនួន១១២នាក់ សម្រាប់ឆ្នាំសិក្សា២០២១-២០២២នេះ។

អ្នកទទួលអាហារូបករណ៍ពីក្រុមហ៊ុននៅឆ្នាំនេះ រួមមាន ១២នាក់ជានិស្សិតសាកលវិទ្យាល័យ និង ១០០នាក់ជាសិស្សវិទ្យាល័យ។

ថ្លែងនៅក្នុងពិធីប្រគល់អាហារូបករណ៍ដែលធ្វើឡើងនៅការិយាល័យកណ្ដាលរបស់ SCG នៅភ្នំពេញ លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន SCG ប្រចាំកម្ពុជា បានមានប្រសាសន៍ថា នៅក្រោមកម្មវិធី «អេសស៊ីជី ចែករំលែកក្ដីសុបិន» របស់ខ្លួន ក្រុមហ៊ុនបានផ្ដល់អាហារូបករណ៍ដល់សិស្សនិងនិស្សិតកម្ពុជាជាច្រើននាក់ ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ។

លោក វីរុត ផានិតភុតចាម៉ាន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ជាមួយនឹងអាហារូបករណ៍ទាំងនេះ យើងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយជួយដល់យុវជនកម្ពុជាក្មេងៗ សម្រេចនូវក្ដីសុបិនរបស់ពួកគេក្នុងការស្វែងរកចំណេះវិជ្ជាខ្ពង់ខ្ពស់ ដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួន»។ «សម្រាប់ឆ្នាំបន្តបន្ទាប់ទៅមុខទៀត កម្មវិធីអាហារូបករណ៍ «អេសស៊ីជី ចែករំលែកក្ដីសុបិន» ប្ដេជ្ញាបន្តជួយគាំទ្រដល់សិស្សនិស្សិតកម្ពុជាជាបន្តទៀត»។

លោក វីរុត ក៏បានលើកទឹកចិត្តដល់សិស្សនិស្សិតដែលបានទទួលអាហារូបករណ៍ ឲ្យតាំងចិត្តខិតខំរៀនសូត្រឲ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់ដើម្បីជួយអភិវឌ្ឍប្រទេសជាតិនៅពេលអនាគត។

កញ្ញា អុី ចំណាន អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពងទឹក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានទទួលអាហារូបករណ៍ពីក្រុមហ៊ុន អេសស៊ីជី តាំងពីថ្នាក់ទី១០មក បាននិយាយថា អាហារូបករណ៍នេះ«ជួយសម្រាលបន្ទុកចំណាយលើការសិក្សារបស់ខ្ញុំ និងជួយសម្រាលបន្ទុកគ្រួសារខ្ញុំបានច្រើន»។

អ្នកទទួលអាហារូបករណ៍មួយរូបទៀត យុវជន ឃឿន ឡាំងហេង មកពីខេត្តកំពត ដែលជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បាននិយាយថា ខ្លួនបានទទួលអាហារូបករណ៍ពីក្រុមហ៊ុន អេសស៊ីជី តាំងពីឆ្នាំទីមួយមកម្ល៉េះ។

និស្សិត ឃឿន ឡាំងហេង បាននិយាយដូច្នេះថា៖ «អាហារូបករណ៍នេះសំខាន់ណាស់ចំពោះខ្ញុំ និងគ្រួសារ ពីព្រោះគ្រួសារខ្ញុំពុំមានលទ្ធភាពឲ្យខ្ញុំបន្តការសិក្សានៅសាកលវិទ្យាល័យទេ ។ អាហារូបករណ៍ជួយដល់ថ្លៃសាលានិងការរស់នៅក្នុងទីក្រុងភ្នំពេញរបស់ខ្ញុំ»។

ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់អាហារូបករណ៍ «អេសស៊ីជី ចែករំលែកក្ដីសុបិន» ដល់សិស្សនិស្សិតកម្ពុជាសរុបជាង ១៥០០នាក់ហើយ ហើយនៅឆ្នាំនេះ ជាឆ្នាំពិសេសបន្តិច ដោយសិស្សនិស្សិតបានទទួលប្រាក់អាហារូបករណ៍ហើយ ថែមទាំងបានទទួលឧបករណ៍ tablet ម្នាក់មួយគ្រឿងសម្រាប់ការសិក្សាតាមអនឡាញរបស់ពួកគេ ផងដែរ។

ជាផ្នែកនៃសកម្មភាព CSR របស់ខ្លួនក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលជំនាញ ក្រុមហ៊ុន អេសស៊ីជី កន្លងមក បានធ្វើកិច្ចការជាច្រើនដើម្បីលើកកម្ពស់ជំនាញរបស់មេជាងសំណង់មកពីបណ្ដាខេត្តក្រុងនៅទូទាំងកម្ពុជា តាមរយៈកម្មវិធីបណ្ដុះបណ្ដាលមេជាងសំណង់របស់ខ្លួន។

ក្រុមហ៊ុនក៏បានបរិច្ចាគសម្ភារៈសាងសង់ដល់សាលារៀននិងវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើដល់សកម្មភាពបណ្ដុះបណ្ដាលនិងអប់រំប្រជាជនកម្ពុជា ជាច្រើនទៀត ផងដែរ៕

អត្ថបទ៖ In Sopheng

មតិយោបល់