• 2022-01-06 08:14:08
  • ព័ត៌មាន

ដើម្បីសុវត្ថិភាពសិស្សានុសិស្ស ព្រីនស៍ គ្រុប និងអង្គការភ្លែន ផ្តល់បរិក្ខារលាងដៃដល់សាលានៅព្រះសីហនុ

  • 2022-01-06 08:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២៖ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការអភិវឌ្ឍ និងមនុស្សធម៌មួយដែលចូលរួមលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ តាមរយៈការសហការមួយនេះ ក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជា នឹងដំឡើងបរិក្ខារសម្រាប់លាងសម្អាតដៃដល់សាលារៀនគ្រប់កម្រិតសិក្សានៅក្នុងខេត្តព្រះសីហនុ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងអប់រំ យុវជននិងកីឡា ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវ ជន និងកីឡា។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានជូនពរដល់តំណាងប្រតិភូរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក៏ដូចជាតំណាងអង្គការភ្លែនអន្តរជាតិកម្ពុជានាឱកាសឆ្នាំថ្មី២០២២នេះ សូមជួបប្រទះនូវសេចក្តីសុខ ចម្រុងចម្រើន និងជោគជ័យក្នុងការងារថ្មីៗថែមទៀត។ ជាមួយគ្នានេះឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងការវិនិយោគលើវិស័យអប់រំ ទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតរៀនតាមសាកលវិទ្យាល័យនៅកម្ពុជាព្រមទាំងការផ្តល់បរិក្ខារទឹកស្អាតនិងអនាម័យដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ ១៩។ ឯកឧត្តមបានលើកឡើងដែរថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ ១៩ ល្អប្រសើរតាមរយៈការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានជាង៩០ភាគរយ ការចូលរួមអនុវត្តវិធានការ៣ការពារ ៣កុំរបស់ប្រជាជន ការគ្រប់គ្រងបានល្អអ្នកជំងឺប្រភេទថ្មីអូមីក្រុងនាំចូលពីបរទេស ដែលធ្វើឱ្យអត្រាឆ្លងថ្មីក្នុងសហគមន៍ធ្លាក់ចុះស្ទើរតែគ្មាន និងអនុញ្ញាតឱ្យបើកឡើងវិញនូវសេដ្ឋកិច្ចជាតិយ៉ាងពេញលេញចាប់ពីចុងឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននិងទៅអនាគត។ តែទោះយ៉ាងនេះក៏ដោយ ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តវិធានអនាម័យ ពិសេសការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ត្រូវតែអនុវត្តជាប់ជាប្រចាំទាំងនៅសាលារៀន និងនៅតាមសហគមន៍ ទើបអាចយកឈ្នះជំងឺកូវីដ ១៩បាន។

ស្ថិតនៅក្រោមយុទ្ធនាការ «ត្រឡប់ទៅសាលារៀនវិញ» មូលនិធិព្រីនស៍ដែលជាអង្គការសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប នឹងធ្វើការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជាដើម្បីអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យចាប់ពីខែមីនាដល់ ខែ មេសា ឆ្នាំ២០២២។ មូលនិធិព្រីនស៍ នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិការទៅលើសកម្មភាពជាច្រើន ដែលនឹងជួយគាំទ្រទៅដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។

លោក Cliff Koh ដែលជាអគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបបានមានប្រសាសន៍ថា៖ «មូលនិធិព្រីនស៍ ធ្លាប់បានធ្វើការសហការនៅថ្នាក់ជាតិ តាមរយៈការផ្តួចផ្តើមលើអាហារូបករណ៍ ចេនហ្ស៊ី ហើយពេលនេះ ពួកយើងនឹងបន្តការសហការយ៉ាងសកម្មជាមួយនឹងថ្នាក់ខេត្តបន្ថែមទៀត។ ពួកយើងចង់ធានាឱ្យបាននូវការស្តារនូវសកម្មភាពនានារបស់ខេត្តព្រះសីហនុត្រលប់មកវិញ ហើយយើងក៏មានសេចក្តីរីករាយផងដែរដែលបានធ្វើការសហការជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា។ ពួកយើងក៏ត្រៀមនឹងធ្វើការសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡានៅក្នុងឆ្នាំថ្មីនេះ ដើម្បីធានាថាកុមារកម្ពុជាអាចទទួលបានការអប់រំប្រកបដោយសុវត្ថិភាព»។

មូលនិធិព្រីនស៍ និងអង្គការភ្លែនអន្តរជាតិកម្ពុជានឹងប្រារព្ធពិធីប្រគល់បរិក្ខារលាងដៃទាំងអស់ទៅដល់មន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា សាលាខេត្ត និងក្រុងព្រះសីហនុ នៅចន្លោះពីខែមីនាដល់ខែមេសា។ កម្មវិធីបែបនេះបានសបង្ហាញឱ្យឃើញពីលទ្ធផលដ៏គួរឱ្យសរសើរនៅក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក និងជាការពង្រឹងភាពធន់របស់កម្ពុជាក្នុងកាលៈទេសៈនៃជំងឺរាតត្បាតនេះ។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា៖ «កិច្ចសហការរវាងមូលនិធិព្រីនស៍និងអង្គការភ្លែនអន្តរជាតិកម្ពុជានឹងជួយធានាឱ្យបាននូវការត្រលប់ចូលរៀនវិញរបស់សិស្សានុសិស្ស ជាពិសេសកុមារីប្រកបដោយសុវត្ថិភាព បន្ទាប់ពីមានការផ្អាកមួយរយៈដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ ការផ្តល់ជូននូវបរិក្ខារលាងសម្អាតដៃទាំងនេះ នឹងជួយការពារពួកគេពីជំងឺ កូវីដ-១៩ និងអាចឱ្យពួកគេបានទទួលការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាពដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេនាពេលអនាគត»។

លោកបន្តថា៖ «ជំនួសមុខឱ្យសិស្សានុសិស្សនៅក្នុងសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ខ្ញុំសូមថ្លែងអំណរគុណ មូលនិធិព្រីនស៍ចំពោះគម្រោងការងារដំបូងដ៏គួរឱ្យរំភើបមួយនេះ។ គម្រោងនេះស្ថិតនៅក្រោមកម្មវិធីយុទ្ធសាស្ត្រការចាប់ផ្តើមជាមួយសុខភាពល្អ និងការសិក្សាពេញមួយជីវិតរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាដែលជាផ្នែកមួយនៃបេសកកម្មរបស់ពួកយើងក្នុងការសហការជាដៃគូផ្តល់ភាពអង់អាចដល់ក្មេងស្រីចំនួន ២,៥ លាននាក់ ជាពិសេសក្មេងស្រីវ័យជំទង់និងស្ត្រីវ័យក្មេងនៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៦»។

ក្រោមការឧបត្ថម្ភជាថវិកានិងភាពជាដៃគូសាជីវកម្មដែលផ្តល់ដោយមូលនិធិព្រីនស៍ កម្មវិធីទឹកស្អាត និងអនាម័យរៀបចំដោយអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការដំណើរការនៅក្នុងប្រទេសកម្ពុចាតាំងពីឆ្នាំ២០០២បានក្លាយជាដំណោះស្រាយក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព ក្នុងការធានាឱ្យទទួលបានប្រភពទឹកស្អាត និងសម្ភារៈអនាម័យនានាត្រូវបានរក្សាបានយ៉ាងល្អព្រមទាំងផ្តល់ភាពអង់អាចដល់ប្រជាជនក្នុងការគ្រប់គ្រងសុខភាពសាធារណៈរបស់ពួកគេ។ នៅអាស៊ីខាងត្បូងប្រជាជនជាង ៦,៦ លាននាក់ទទួលបានគ្រឿងបរិក្ខារ ទឹកស្អាតនិងអនាម័យដែលប្រសើរឡើង។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានយកចិត្តទុកដាក់ខ្ពស់លើការរួមចំណែកដល់ការអភិវឌ្ឍន៍យុវជនហើយថ្មីៗនេះ ព្រីនស៍ គ្រុបបានសម្ពោធកម្មវិធីអាហារូបករណ៍ចេន ហ្ស៊ី ដែលជាកម្មវិធីជំនួយផ្នែកហិរញ្ញវត្ថុទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០ នាក់ក្នុងរយៈពេលប្រាំពីរឆ្នាំខាងមុខនេះ តាមរយៈការផ្តល់ការសិក្សាដោយឥតគិតថ្លៃក៏ដូចជាផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន ២ លានដុល្លារអាមេរិក។

ក្រុមហ៊ុនខានូពីសែនឌីវេឡុបម៉ិនឯ.ក ដែលជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ដែលកំពុងធ្វើការលើគម្រោងអភិវឌ្ឍន៍ឆ្នេររាមក្នុងខេត្តព្រះសីហនុនាពេលថ្មីៗនេះក៏បានចែកចាយកញ្ចប់ថែទាំដល់អង្គការសប្បុរសធម៌ឈានមុខគេមួយក្នុងក្រុងព្រះសីហនុ គឺអង្គការម្លប់តាប៉ាងផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួនក្នុងការជួយដល់សហគមន៍មូលដ្ឋាន ខណៈពេលដែលប្រទេសកម្ពុជាបើកដំណើរការឡើងវិញសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត៕

សម្រាប់ព័ត៌មានបន្ថែមអំពីព្រីនស៍គ្រុប សូមទំនាក់ទំនងទៅកាន់៖

លោកស្រីលឹមស៊ាងហេង

Two Way Public Relations

ទូរសព្ទលេខ៖ +៨៥៥៦៩៧៧៣៩៦១

អ៊ីម៉ែល៖seangheng@twowaypr.com

មតិយោបល់
អត្ថបទពេញនិយម