• 2022-01-11 02:54:37
  • ព័ត៌មាន

ចែក​រំលែកដោយ​អ្នក​ជំងឺ​ផ្ទាល់! នេះ​គឺ​ជា​សភាព​ពិត​នៃ​អ្នក​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី អូមីក្រុង

  • 2022-01-11 02:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូវីដ១៩ បាន និង​កំពុង​លង​បន្លាច​ពិភព​លោក​សារ​ជា​ថ្មី​តាម​អំបូរ​ថ្មី អូមីក្រុង ដែល​មក​ទល់​ពេល​នេះ វា​ក៏បាន​ឆ្លង​ចូល​សហគមន៍​កម្ពុជា​ជា​ថ្មី។ អូមីក្រុង អ្វី​ដែល​ជា​ការ​គំរាម​កំហែង​របស់​វា គឺ​វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​បាន​យ៉ាង​លឿន​ជាង​អំបូរ​ណា​ៗ​ទាំង​អស់។ ដោយ​ឡែក​ការ​ធ្វើ​ទុក្ខ​ត្រូវ​បាន​រាយការណ៍​ថា មិន​គួរ​ឲ្យ​ខ្លាច​ប្រដូច​ទៅ​នឹង​ប្រភេទ​ដែលតា​នោះ​ទេ។

តាម​លោក ជំទាវ ឱ វណ្ណឌីន ថ្លែង​​ក្នុង​សន្និសីទ​របស់​ក្រសួង​សុខាភិបាល​កន្លង​មក អូមីក្រុង មិន​គួរ​ឲ្យ​ខ្លាច​ដូច ដែលតា នោះ​ទេ ដោយ​សារ​តែ​ការ​លេច​អាការ​រោគ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​អំបូរ​ចាស់​នោះ​ឡើយ។ ចំពោះ​លេច​អាការ​នេះ លោក​ជំទាវ បាន​លើក​ឡើង​ថា មាន​ចំណុច​ភាគ​ច្រើន​ដូច​គ្នា ខុស​តែ អ្នក​ជំងឺ​អូមីក្រុង មិន​មាន​សភាព​បាត់​ក្លិន បាត់​រសជាតិ​នោះ​ទេ។

ការ​លើក​ឡើង​របស់​លោក​ជំទាវ​រដ្ឋមន្ត្រី ស៊ី​សង្វាក់​គ្នា នឹង​ស្ថានភាព​ពិត​របស់​អ្នក​ជំងឺ​អូមីក្រុង​ម្នាក់។ សុភី បច្ចុប្បន្ន​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក រូប​គេ​ត្រូវ​បាន​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ១៩ ប្រភេទ អូមីក្រុង កាល​ពី​២ថ្ងៃ​មុន។

តាម​សភាព​របស់​គេ​នៅ​ក្នុង​រង្វង់ ២ថ្ងៃ​នេះ មិន​មាន​បាត់​ក្លិន បាត់​រសជាតិ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ខុស​ប្លែក គឺ​ស្កាត​អណ្ដាត ឈឺ​ទ្រូង និង​ឈឺ​ខ្លួន។ យ៉ាង​ណា យើង​មិន​ទាន់​ដឹង នា​ថ្ងៃ​បន្ទាប់​ទៀត សភាព​អ្នក​ជំងឺ​អាច​វិវត្ត​បែប​ណា​ទៀត​នោះ​ទេ។

សហរដ្ឋ​អាមេរិក ជា​ប្រទេស​លំដាប់​លេខ១ដែល​មាន​អ្នក​ឆ្លង​កូវីដ១៩​ខ្ពស់​បំផុត​ទូទាំង​ពិភព​លោក ខណៈ​ថ្ងៃ​នេះ Reuter បាន​រាយការណ៍​ថា ប្រទេស​នេះ បានកើនឡើងខ្ពស់បំផុតនូវ​អ្នក​ជំងឺ​កូវីដ១៩​ចូល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ ដល់ ១៣២,៦៤៦នាក់ គឺ​ខ្ពស់​តួលេខ​ចាស់​ត្រឹម​តែ ១៣២,០៥១នាក់។ បន្ថែម​ពី​លើ​នេះ ប្រភេទ​កូវីដ១៩​ដែល​កំពុង​វាយ​សង្គ្រប់​សហរដ្ឋអាមេរិក​នោះ គឺ អូមីក្រុង​នេះ​ឯង។

ដោយ​ឡែក​កម្ពុជា ត្រូវ​បាន​រាយការណ៍​នា​ថ្ងៃ​ម្សិលមិញ​ថា មាន ១០ករណី​អូមីក្រុង​ដែល​បាន​ឆ្លង​ចូល​សហគមន៍។ ការណ៍​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​សារ​បន្ទាន់​ទាំង​យប់ ឲ្យ​ថ្នាក់​ដឹកនាំ​ខេត្ត ភូមិ ឃុំ ស្រុក​ទាំង​អស់ កៀគរ ពលរដ្ឋ​ក្នុង​សហគមន៍​ឲ្យ​ទៅ​ចាក់វ៉ាក់សាំង​ដូស​ជំរុញ ដើម្បី​ពង្រឹង​ភាព​សុំា​ក្នុង​សហគមន៍ បូក​ផ្សំ​យន្តការ​មាន​ស្រាប់ គឺ ៣កុំ ៣ការពារ ដើម្បី​ទប់​ទល់​នឹង​ការគំរាម​គំហែង​របស់ អូមីក្រុង​៕

អត្ថបទ៖ ទារិកា

មតិយោបល់