• 2022-01-11 03:19:14
  • ព័ត៌មាន

រំភើបណាស់! ស្ពានឆ្លងទន្លេមេគង្គពីភ្នំពេញ ទៅអរិយក្សត្រសិក្សាចប់ហើយ សាងសង់ឆាប់ៗ!

  • 2022-01-11 03:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងនៅឱកាសចុះពិនិត្យការសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឬស្ពានស្វាយជ្រុំ ត្រូវបានសិក្សាជិតចប់សព្វគ្រប់ហើយ ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប្រកបដោយសុខភាពសុវត្ថិភាព មិនពិបាកឆ្លងសាឡាងដូចពេលបច្ចុប្បន្ន។

ឯកឧត្តម បានបន្តទៀតថា ចំពោះទីតាំងតភ្ជាប់ក៏កំពុងស្ថិតក្នុងការសម្រេច ដោយយើងមានជម្រើសពីរ គឺ៖

ទី១. ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង

ទី២. ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន២

ដូច្នេះហើយចំពោះទីតាំងណាដែលមានផលប៉ះពាល់តិច ចំណាយថវិកាតិច ជាជម្រើសដែលល្អបំផុតសម្រាប់ការសាងសង់។

ជាពិសេសជាងនេះទៅទៀត គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅស្វាយជ្រុំ សិក្សាជិតចប់សព្វគ្រប់ហើយ យើងក៏មានជម្រើសស្ពាន៣ប្រភេទផងដែររួមមាន ស្ពានធម្មតា មានស្ពានខ្សែកាបិ៍ ដូចនៅអ្នកលឿង ហើយយើងកំពុងពិនិត្យចុងក្រោយ ដើម្បីរៀបចំដាក់ដេញថ្លៃសាងសង់ស្ពាន »។

គួរបញ្ចាក់ផងដែរថា ថ្លែងក្នុងឱកាសចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា បានប្រកាសជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ហើយបើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឱ្យតំបន់នោះ ក្លាយជាទីក្រុងរណប នៅពេលខាងមុខ៕

ប្រភព៖ក្រសួងព័ត៌មាន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់