• 2022-01-15 03:03:25
  • ព័ត៌មាន

បច្ចុប្បន្នភាពសណ្ឋាគារបុរាណអាយុ១៣២ឆ្នាំ ហ្គ្រង់ម៉ាណូលីស នៅកណ្តាលក្រុងភ្នំពេញ

  • 2022-01-15 03:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារបុរាណអាយុ១៣២ឆ្នាំ ហ្គ្រង់ម៉ាណូលីស នៅកណ្តាលក្រុងភ្នំពេញបច្ចុប្បន្នត្រូវបានប្រើប្រាស់ច្រើនវិស័យនិងខុសពីទម្រង់ដើមមួយរយភាគរយ។

សណ្ឋាគារ និងភោជនីដ្ឋាន ស្តង់ដាអឺរ៉ុប បុរាណមួយនេះត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងទសវត្សរ៍ឆ្នាំ១៨៩០ ដោយមានគំនិតផ្តួចផ្តើមពីលោក រេស៊ីដង់ ស៊ុបពេរីយើ អាល់ប៊ែលូវី ហ្វីន ដឺ វែណឺរីល៍ (Albert-Louis Huyn de Verneville) ជាតំណាងជាន់ខ្ពស់បំផុតរបស់ប្រទេសបារាំងប្រចាំនៅកម្ពុជា។ នេះបើយោងតាមសៀវភៅមគ្គុទ្ទេសក៏ស្ថាបត្យកម្មក្រុងភ្នំពេញ។

អ្វីដែលពិសេសនោះសណ្ឋាគារនេះមានប្រវត្តិគួរឲ្យចាប់អារម្មណ៍ជាប្រវត្តិសាស្ត្រមួយចំនួនដូចជា៖

ឆ្នាំ១៩១៨ ធ្លាប់បានក្លាយជាម្ចាស់កម្មសិទ្ធិរបស់លោក ម៉ុងស្សើ ម៉ាណូលីស (Monsieur Manolis) ជនជាតិក្រិក ជាអ្នកមកសាងសង់ផ្លូវដែកនៅកម្ពុជា ភ្នំពេញ-ស៊ីសុផុន។

ឆ្នាំ១៩២២ ធ្លាប់បដិសណ្ឋាកិច្ចអ្នកនិពន្ធជនជាតិអង់គ្លេស លោក ដាប់ប៊ែលយូ សូមឺសេត ម៉ូហ្កាន (W. Somerset Maugham) ដែលលោកបានពិពណ៌នានូវអារម្មណ៍ផ្ចាល់ខ្លួនអំឡុងពេលទស្សនកិច្ទថា៖ « សណ្ឋាគារនេះធំខ្លាំង កខ្វក់ និងបែបសញ៉ែង និងមានធ្លាខាងក្រៅ ដែលពាណិជ្ជករ និងអ្នកមុខអ្នកការជាច្រើនអង្គុយក្រេបសុរា ហើយភ្លេចខ្លួនថា ពួកគេមិនមែននៅក្រៅប្រទេសបារាំងនោះឡើយ។»

ចន្លោះឆ្នាំ១៩២៣-១៩២៤ លោក អង់ឌ្រេ ម៉ាលរ៉ូ (Andre Malraux) និងភរិយា ជាអ្នកនិពន្ធដ៏ល្បីល្បាញ និងជារដ្ឋមន្ត្រីវប្បធម៌បារាំងដំបូងបង្អស់ត្រូវបានដាក់ស្ថិតនៅក្រោមការឃុំខ្លួនជាច្រើនខែ ក្រោយត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការលួចចម្លាក់បុរាណនៅប្រាសាទបន្ចាយស្រី។

ចុងក្រោយនៅឆ្នាំ២០០២ ត្រូវបានប្រើប្រាស់ក្នុងការថតខ្សែរភាពយន្តមួយដែលមានចំណងជើងថា «ទីក្រុងខ្មោច» City of Ghost ផលិតដោយលោក មេត ឌឺលុន (Matt Dillon)។

បច្ចុប្បន្នសណ្ឋាគារដែលមាន៣ជាន់នេះបានក្លាយជាកម្មសិទ្ធិឯកជនកំពុងតែប្រើប្រាស់ជា បារ ហាងកាហ្វេ ហាងគុយទាវ កន្លែងលក់ដូរនៅផ្នែកខាងក្រោម។ ចំណែកឯផ្លូវចូលសណ្ឋាគារតាមមាត់ទន្លេត្រូវបានបិតផ្ជិត បន្ចប់ត្រូវបានកែច្នៃខាន់ចែកទៅជាបន្ចប់ស្នាក់នៅតូចៗជាជម្រករបស់ប្រជាជនជាង៣០គ្រួសារ៕








ដោយ៖ យ៉ន សូវៀត

មតិយោបល់
អត្ថបទថ្មី