• 2022-01-18 02:42:38
  • ព័ត៌មាន

ក្នុងឆ្នាំ២០២២ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» គ្រោងបរិច្ចាគទឹកបរិសុទ្ធប្រមាណ៣ម៉ឺនកេស

  • 2022-01-18 02:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីបន្តគាំទ្រកិច្ចការងារសង្គម យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលបានបង្កើតឡើងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាច្រើនឆ្នាំមកហើយ គ្រោងនឹងបន្តបរិច្ចាគទឹកបរិសុទ្ធកម្ពុជាប្រមាណ៣ម៉ឺនកេសជូនដល់មណ្ឌលសុខភាព មន្ទីរពេទ្យ និងគោលដៅត្រួតពិនិត្យចរាចរណ៍ក្នុងប្រទេសកម្ពុជាដែលនឹងអនុវត្តចាប់ពីខែមករា រហូតដល់ ខែធ្នូ ឆ្នាំ២០២២។

ក្នុងនោះ ក្រុមហ៊ុននឹងបង្កើនចំនួនទីតាំងពី១៩៤ ក្នុងឆ្នាំ២០២១ ទៅ ២០០ទីតាំងក្នុងឆ្នាំ២០២២សម្រាប់ការបរិច្ចាគដល់គោលដៅត្រួតពិនិត្យចរាចរណ៍នៅទូទាំងប្រទេស ចំណែកឯវិស័យសុខាភិបាលវិញ ក្រុមហ៊ុននឹងបរិច្ចាគដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យចំនួន ២០ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ «ក្នុងឆ្នាំ២០២២នេះយើងនៅតែបន្តស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសដល់ក្រុមគ្រូពេទ្យ និងនគរបាលចរាចរណ៍របស់យើងដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីបម្រើពលរដ្ឋទាំងអស់គ្នា ដូច្នេះអ្វីដែលយើងអាចធ្វើបាន គឺនៅតែបន្តឩបត្ថម្ភ គាំទ្រ និងលើកទឹកចិត្តពួកគាត់»។

អ្នកស្រី បន្ថែមថា ការគាំទ្រទឹកបរិសុទ្ធ កម្ពុជា ដែលគ្រប់តំណក់ទឹកត្រូវបានបន្សុទ្ធ ដើម្បីសុខភាព គឺប្រៀបដូចជាការគាំទ្រដល់យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីបន្តជួយដល់កិច្ចការងារសង្គមដែរ។ ក្រៅពីគោលដៅខាងលើ យុទ្ធនាការសប្បុរសធម៌នេះ ក៏នឹងបរិច្ចាគទៅដល់ស្ថាប័នផ្សេងទៀតទៅតាមតម្រូវការជាក់ស្តែងផងដែរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាជូនស្ថាប័នជាច្រើនរួមមានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រដ្ឋបាលក្រុងព្រះសីហនុ អធិការដ្ឋាននគរបាលខណ្ឌក្នុងរាជធានីភ្នំពេញ គោលដៅបិទខ្ទប់ជាង ១០០ទីតាំង គោលដៅត្រួតពិនិត្យចរាចរណ៍១៩៤ទីតាំងជារៀងរាល់ខែ មណ្ឌលសុខភាព និងមន្ទីរពេទ្យចំនួន២០ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងស្ថាប័នជាច្រើនផ្សេងទៀត៕

មតិយោបល់
អត្ថបទពេញនិយម