• 2022-01-19 04:28:10
  • ព័ត៌មាន

ធ្លាប់​ប្រកាស​ផ្ដល់ Zoomer X ដល់​សិស្ស​និទ្ទេស A ឥឡូវ​ឯកឧត្តម វី សំណាង ប្ដូរ​មក Beat វិញ​មាន​មូលហេតុ!

  • 2022-01-19 04:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម វី សំណាង អភិបាល នៃ​គណៈអភិបាល​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​តាម​សន្យា​ដោយ​បាន​ប្រគល់​រង្វាន់​ម៉ូតូ​ម្នាក់​១​គ្រឿង​ដល់​សិស្ស​និទ្ទេស A របស់​ខេត្ត​ហើយ ប៉ុន្តែ​ម៉ូតូ Zoomer X ត្រូវ​ជំនួស​ដោយ Honda Beat វិញ។

នៅ​មុន​ពេល​ការ​ប្រឡង​បាក់​ឌុប​មក​ដល់ ឯកឧត្តម វី សំណាង គឺ​ជា​គណៈដឹក​នាំ​ខេត្ត​តែ​ម្នាក់ ដែលបាន​ប្រកាស​ផ្ដល់​រង្វាន់​ជូន​សិស្ស​និទ្ទេស A នូវ​ម៉ូតូ​ម្នាក់​១​គ្រឿង។ និយាយ​ដោយ​ឡែក​តែ​សម្រាប់​ខេត្ត​កំពង់ស្ពឺ​របស់​​ឯកឧត្តម ឯកឧត្តម បាន​សន្យា​ថា នឹង​ផ្ដល់​ជូន Zoomer X ម្នាក់​១​គ្រឿង ដល់​សិស្ស​និទ្ទេស A របស់​ខេត្ត។

ក្រោយ​ការ​សន្យា​នេះ មាន​សិស្ស​របស់​ខេត្ត​កំពង់ស្ពឺ ចំនួន ៣៣ នាក់ ទទួល​បាននិទ្ទេស​ A ពី​សម័យ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ ២០២១ ដែល​ពួក​គេ​នឹង​ទទួល​បាន​អំណោយ​ម៉ូតូ​១​គ្រឿង​នោះ​របស់​ឯកឧត្តម​អភិបាល។ នៅ​ថ្មីៗ​នេះ ឯកឧត្តម​បាន​ធ្វើ​តាម​ការ​សន្យា​ពិត​មែន ដោយ​បាន​ប្រគល់​ម៉ូតូ​ម្នាក់​១​គ្រឿង ជូន​សិស្ស​ឆ្នើម​របស់​ខេត្ត​ទាំង ៣៣នាក់។

យ៉ាងណា នោះ​មិន​មែន​ជា Zoomer X ដូច​ដែល​មាន​ក្នុង​ការ​សន្យា​នោះ​ទេ ប៉ុន្តែ​ជា Honda Beat ជំនួស​វិញ ចំពោះ​បញ្ហា​នេះ មាន​មូលហេតុ។ តាម​ឯកឧត្តម វី សំណាង សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ឯកឧត្តម បាន​ឲ្យ​ដឹង​ថា បញ្ហា​ដោយ​សារ​តែ​ម៉ូតូ​ដែល​ឯកឧត្តម​បាន​សន្យា​នោះ អស់​ពី​ស្តុក។ ឯកឧត្តម ថា តាម​ពិត​ក្រុម​ការងារ​បាន​រក​បាន Zoomer X ខ្លះ​ដែរ តែ​ខុស​ឆ្នាំ។

ដូច្នេះ​ហើយ ដើម្បី​ឲ្យ​ដូច​គ្នា​ទាំង​អស់ ឯកឧត្តម បាន​សម្រេច​ផ្លាស់​ប្ដូរ​ម៉ូតូរង្វាន់​តែ​ម្ដង។ "បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ។ ក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) ដោយចំនួនមិនគ្រប់ ៣៣គ្រឿង ដូច្នេះពូគិតថាកុំឱ្យខុសគ្នា ពូក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជូនក្មួយៗវិញ សូមក្មួយៗ មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា។ សូមអរគុណ!”។ ឯកឧត្តម វី សំណាង ថ្លែង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម