• 2022-01-21 01:00:00
  • ព័ត៌មាន

អ្នកសន្សំវត្ថុចាស់ៗម្នាក់បង្ហាញនាឡិកាម៉ាក TITONI ដូចសម្តេចតេជោប្រកាសស្វែករក

  • 2022-01-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក លី ប៉េងហេង ហៅតាឆ្កួត ដែលជាអ្នកសន្សំប្រមូលទិញវត្ថុចាស់ៗរាប់រយប្រភេទរយៈពេលជិត២៤ឆ្នាំហើយបើគិតឆ្នាំ២០២២នេះ។ វត្ថុចាស់ៗដូចជា កង់ ម៉ូតូ ឡាន ម៉ាស៊ីនថតរូប នាឡិកាដៃ នាឡិកាព្យួរជញ្ជាំង ម៉ាស៊ីនចាក់ថាស ម៉ាស៊ីនកាហ្វេ ទូរសព្ទ និងវត្ថុចាស់ៗជាច្រើនមុខផ្សេងទៀត ហើយសព្វថ្ងៃវត្ថុចាស់ៗទាំងនេះត្រូវបានយកទៅដាក់តាំងនៅសារមន្ទីរមួយមានឈ្មោះ វិមានសុខា ដែលមានទីតាំងនៅខេត្តសៀមរាប។

លោក លី ប៉េងហេង ហៅតាឆ្កួត ដែលជាអ្នកសន្សំប្រមូលទិញវត្ថុចាស់ៗរាប់រយប្រភេទរយៈពេលជិត២៤ឆ្នាំថតក្នុងសារមន្ទីរវិមានសុខា

ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Sabay កាលពីចុងដើមខែមករាកន្លងទៅថ្មីៗនេះ អ្នកសន្សំ និងប្រមូលទិញវត្ថុចាស់ៗលោក លី ប៉េងហេង ហៅតាឆ្កួត បានបញ្ជាក់ពីប្រវត្តិនៃនាឡិកាដៃមួយដែលមានឈ្មោះដូចនាឡិកាដៃដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វែករកក្នុងហ្វេសបុកសម្តេចកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។ សារសម្តេចបញ្ជាក់ថា «កំពុងតាមស្វែងរកមិនដឹងថា ខ្ញុំឲ្យទៅអ្នកណា? ម៉ាក TITONI ទិញដើមឆ្នាំ១៩៧០ តម្លៃ៧៨០០រៀល លុយសម័យនោះគិតជាមាសជាង២ដំឡឹង»។

លោក ប៉េងហេង បញ្ជាក់ថា «នាឡិកានេះខ្ញុំទិញនៅដើមខែ២ ឆ្នាំ១៩៩៨ ពេលដែលទៅហ្នឹងខ្ញុំអ្នកប្រមូលទិញរបស់ចាស់ៗ អ្វីដែលពាក់ពាន់នឹងរបស់ចាស់ៗខ្ញុំចូលចិត្តទិញ នាឡិកាមួយនេះខ្ញុំក៏អត់ដឹងថា ជានាឡិការបស់សម្តេចតេជោគាត់បាត់ ហើយប្រកាសតាមរកនោះទេ តែក្រោយពីសម្តេចប្រកាសនៅឆ្នាំ២០១៩កន្លងទៅគាត់ប្រកាសតាមរកនាឡិកាម៉ាកនេះដែលគាត់បាត់បង ហើយខ្ញុំក៏ចាប់អារម្មណ៍នាឡិការបស់សម្តេចប្រកាសនោះដូចនាឡិកាដែលខ្ញុំទិញនោះដែរ មានម៉ាកដូចគ្នា ហើយនៅក្នុងពិភពលោកនាឡិកានេះមិនមានច្រើនគ្រឿងទេបើខ្ញុំស្វែងរកទៅ អ៊ីចឹងបើសិននាឡិកានេះជារបស់សម្តេចតេជោពិតមែនយើងនឹងប្រគល់ជូនសម្តេចពុកវិញ ហើយមានតែសម្តេចពុកទេដែលដឹងថានាឡិកានេះពិត ឬមិនពិតជារបស់សម្តេចពុក ហើយបើពិតខ្ញុំនឹងជូនទៅសម្តេចវិញ»។

លោក លី ម៉េងហេង កំពុងកាន់បង្ហាញនាឡិកាម៉ាកTITONI ដែលលោកទិញបានកាលពីឆ្នាំ១៩៩៨

លោក លី ម៉េងហេងបន្តថា «នាឡិកានេះខ្ញុំទិញនៅផ្សារអូរឫស្សីកន្លែងគេធ្វើ និងជួសជុលនាឡិកាចាស់ៗ ព្រោះខ្ញុំមនុស្ស Collect គោងដៅទី១របស់ខ្ញុំគឺកន្លែងលក់របស់ចាស់ៗ របស់ដែលគេលែងប្រើ កាលទៅទិញនាឡិកានេះខ្ញុំទៅដោយចៃដន្យ ថ្ងៃនោះខ្ញុំទៅផ្សារអូរឫស្សីហើយទិញនាឡិកានេះក្នុងតម្លៃប្រហែលជា ៣ម៉ឺនរៀល បើយើងគិតទៅវាថ្លៃដែរកាលសម័យនោះ តែដោយសារឃើញហើយស្រឡាញ់ ខ្ញុំបានពាក់វារហូតដល់ខូចខ្សែមួយហើយក្រោយមកខ្ញុំក៏ដូរខ្សែ និងថែរក្សាវាទុករហូតមកដល់សព្វថ្ងៃនេះ»។

នាឡិកាម៉ាកTITONI ត្រូវបានយកដាក់តាំងបង្ហាញនៅសារមន្ទីរវិមានសុខាដែលមានទីតាំងនៅខេត្តសៀមរាប

ក្រុមហ៊ុន TITONI គឺជាក្រុមហ៊ុនផលិតនាឡិកាមួយរបស់ស្វីស ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១៩ ដែលមានស្ថានិកឈ្មោះ Fritz Schluep មានទីសា្នក់ការកណ្តាលនៅទីក្រុង Grenchen ប្រទេសស្វីសដែលជាក្រុមហ៊ុនដ៏ល្បីល្បាញខាងផលិតនាឡិកា ដែលមានតម្លៃកម្រិតមធ្យម។ ស្ទើរតែគ្រប់គ្រឿងរបស់វា សូម្បីតែទ្រនិចនាឡិកា គឺត្រូវបានផ្គុំឡើងដោយដៃមនុស្ស។

សូមបញ្ជាក់ថា ក្រៅពីនាឡិកាដៃម៉ាក TITONI ផលិតនៅទសវត្សរ៍ឆ្នាំ១៩៦០នេះលោកលី ប៉េងហេង ក៏បានប្រមូល និងទិញនាឡិកាដៃប្រហែលជាង២០០គ្រឿង នាឡិកាព្យួរជញ្ជាំងប្រហែលជាង៤០០គ្រឿង កង់ម៉ូតូមានជាង១៣០គ្រឿង ម៉ាស៊ីនថតមានប្រហែលចូលរាប់ពាន់គ្រឿង និងសម្ភារៈចាស់ៗជាច្រើនផ្សេងទៀតផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់
អត្ថបទពេញនិយម