• 2022-01-21 04:05:01
  • ព័ត៌មាន

សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដាក់បញ្ចូលកម្មវិធីសិក្សាថ្មីបន្ថែម “MoneyTree ចំណេះដឹងផ្នែកហិរញ្ញាវត្ថុ”

  • 2022-01-21 04:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានប្រកាសពីការដាក់បញ្ចូលនូវកម្មវិធីសិក្សាថ្មីមួយទៀត ស្ដីពី ចំណេះដឹងផ្នែកហិរញ្ញាវត្ថុ (MoneyTree Financial Literacy Program) ដើម្បីជំរុញចក្ខុវិស័យរបស់សាលា ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹងគ្រប់ជ្រុងជ្រោយ និងចេះដោះស្រាយ បញ្ហាប្រឈមនានា ទាក់ទងនិងហរិញ្ញាវត្ថុ។

កម្មវិធីនេះ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ជាលើកដំបូង សម្រាប់សិស្សដែលមានវ័យចាប់ពី១២ ទៅ១៧ឆ្នាំ ដោយសាលា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនិង Learning Vision Co.,Ltd នាព្រឹកថ្ងៃទី១៩ ខែកមរា ឆ្នាំ២០២២នេះ។

លោក សម្យ កំសាន្ត ដែលជានាយករង សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានថ្លែងថា 《ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលនឹងធ្វើឲ្យប្រទសកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺចាំបាច់ណាស់ត្រូវបណ្តុះផ្នត់គំនិតនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្ស》។

លោក បានបន្ថែមទៀតថា ការដាក់បញ្ចូលកម្មវិធីសិក្សាចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងវិស័យអប់រំ ជួយឲ្យសិស្សមានបំណិនជីវិតចេះគ្រប់គ្រងនិងប្រើប្រាស់ហិរញ្ញវត្ថុបានត្រឹមត្រូវដែលនឹងជះឥទ្ធិពលវិជ្ជមានដល់ខ្លួនគេផ្ទាល់និងសង្គមជាតិទាំងមូល។

ក្រៅពីខ្លឹមសារមេរៀនហិរញ្ញវត្ថុសម្រាប់កុមារ MoneyTree ក៍ផ្តល់ជូននូវប្រព័ន្ធថ្នាក់រៀន Sandbox ដែលផ្តល់ភាពងាយស្រួលដល់ការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ដោយប្រព័ន្ធនេះមានមេរៀនរួចជាស្រេច ងាយស្រួលក្នុងការពិនិត្យអវត្តមានសិស្ស ក៍ដូចជាការផ្តល់ពិន្ទុជាដើម។ MoneyTree ក៍មាន DUMO App សម្រាប់សិស្សានុសិស្សចូលធ្វើកិច្ចការបន្ថែមដើម្បីពង្រឹងចំណេះដឹង និង ឈ្នះរង្វាន់ពិតៗផងដែរ។​

លោកស្រី ហេង ធីតា ដែលជានាយកគ្រប់គ្រងទូទៅ កម្មវិធីសិក្សា MoneyTree ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា សេចក្តីប្រាថ្នា របស់អាណាព្យាបាល ទាំងអស់ គឺចង់ឃើញបុត្រធីតារបស់ពួកគាត់ ជោគជ័យក្នុងជីវិត នៅពេលដែលកូនៗ របស់ពួកគាត់ ធំឡើង ជាពិសេស ជោគជ័យ ផ្នែកហិរញ្ញវត្ថុ។ MoneyTree ជាកម្មវិធីសិក្សាបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សម្រាប់បុត្រធីតា របស់លោកអ្នក ចាប់ពីអាយុ ៦ឆ្នាំ ដល់ ១៧ឆ្នាំ។ MoneyTree ជាកម្មវិធីសិក្សាមកពីប្រទេសសិង្ហបុរី។ បច្ចុប្បន្នត្រូវបានដាក់បង្រៀន ក្នុងបណ្តារ ប្រទេសមួយចំនួនដូចជា៖ កម្ពុជា​ អូស្រ្តាលី ថៃ ម៉ាលេស៊ី ភីលីពីន វៀតណាម ឥណ្ឌូនេស៊ី និង សឹង្ហបុរី ។

លោកស្រីក៏បានបន្ថែមទៀតថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាបំណិន ជីវិត ដែលកូនៗរបស់លោកអ្នកត្រូវការជាចាំបាច់ មិនថាថ្ងៃអនាគត កូនៗរបស់លោកអ្នកចាប់ យកអាជីពអ្វីឡើយ។ កិច្ចសហប្រតិបត្តិការនេះ នឹងធានាឲ្យបានថា សិស្សានុសិស្សអាចអភិវឌ្ឍទម្លាប់ល្អ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលនឹងធ្វើឲ្យមានឥទ្ធិពលជាវិជ្ជមានចំពោះសហគមន៍ទាំងមូល៕

Moneytree បណ្តុះគ្រាប់ពូជចំណេះដឹងហិរញ្ញវត្ថុសំរាប់ថ្ងៃអនាគត!

មតិយោបល់
អត្ថបទពេញនិយម