• 2022-01-21 07:31:52
  • ព័ត៌មាន

ព្រូដិនសលកម្ពុជា ផ្តល់ជូនសម្ភារៈការពារសុវត្ថិភាពជូនក្រសួងអប់រំ ខេត្តសៀមរាប

  • 2022-01-21 07:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីឆ្នាំ២០២១មក សាលារៀននានា បានបើកដំណើរការឡើងវិញ ក្រោមយុទ្ធនាការ «ចូលរៀនឡើងវិញ»។ ព្រូដិនសលកម្ពុជា បានប្ដេជ្ញាផ្ដល់ជំនួយដែលគិតជាទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអង្គការដៃគូផ្សេងៗទៀត ក្នុងការខិតខំផ្ដល់ជូនសិស្សានុសិស្សនូវការអប់រំប្រកបដោយគុណភាព និងធានាបាននូវសុវត្ថិភាពសាធារណៈ។

ថវិកានេះ នឹងត្រូវបានប្រើប្រាស់ដើម្បីចែកជូនជាឧបករណ៍វាស់កម្ដៅ និងម៉ាស់បោកទឹកបានដ៏មានគុណភាព ព្រមទាំងសម្ភារចាំបាច់ជាច្រើនទៀត ដើម្បីលើកទឹកចិត្តឲ្យសិស្សានុសិស្សត្រលប់មកចូលរៀនវិញ ជាពិសេសគឺសម្រាប់ថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យ។

សម្ភារការពារទាំងនេះ ត្រូវបានចែកជូនកាលពីថ្មីៗនេះ នៅកម្មវិធីបើកបវេសនកាលឆ្នាំថ្មី ២០២១-២០២២ ក្នុងខេត្តសៀមរាប ក្រោមវត្តមាន ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។ លោក Paul Simons នាយកផ្នែកធនធានមនុស្ស នៃទីផ្សារកំណើនធានារ៉ាប់រងព្រូដិនសលភីអិលស៊ី ក៏មានវត្តមានក្នុងពិធីនោះផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «ទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺត្រូវបន្តការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ការប្រើប្រាស់នូវបច្ចេកវិទ្យា ជាពិសេសក្នុងបរិបទកូវីដនេះ គឺយើងនឹងបន្តប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយដល់សិស្សានុសិស្ស និងការបង្កើតនូវធនធានសិក្សាថ្មីៗបន្ថែមទៀត ដើម្បីឲ្យសិស្សយើងមានសមត្ថភាព ធានាគុណភាព ក្លាយទៅជាពលរដ្ឋល្អ ក៏ដូចជាអាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម»។

ឯកឧត្ដម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា៖ «ពួកយើងពិតជាមានមោទនភាពក្រៃលែងចំពោះក្រសួងអប់រំ យុជន និង កីឡា ដោយផ្ដើមចេញពីសមិទ្ធិផលអប់រំ ដែលបានមកពីការរួមចំណែក និងកសាង អភិវឌ្ឍប្រឹងប្រែង របស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ការគាំទ្រពីអាជ្ញាធរដែនដី សហគមន៍ សប្បុរសជនជាតិនិងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា»។

លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការរៀបចំកុមារសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍន៍របស់សង្គមនាពេលអនាគត។ ពានរង្វាន់នាថ្ងៃនេះ គឺសម្រាប់ទទួលស្គាល់គ្រូបង្រៀនឆ្នើមៗ ហើយការចែកជូនសម្ភារនេះ គូសបញ្ជាក់ឲ្យឃើញនូវការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការធានាឲ្យបាននូវសុវត្ថិភាព និងការជួយបំពេញសេចក្ដីត្រូវការរបស់សហគមន៍ យើងដែលតម្រូវឱ្យត្រលប់មកជីវភាពរស់នៅធម្មតាវិញ"។

លោក​បាន​បន្ត​ថា "ពួកយើងមានកិត្តិយសដែលមានលទ្ធភាពជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយឲ្យកុមារកម្ពុជាអាចបន្តការសិក្សារបស់ពួកគេ ប្រកបដោយសុវត្ថិភាព នៅទូទាំងប្រទេស ក៏ដូចជាខេត្តសៀមរាបផងដែរ»។

ព្រូដិនសល បានចែកជូនសម្ភារគិតជាទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២១ ដើម្បីជួយគាំទ្រដល់មន្ត្រីសុខាភិបាលទប់ស្កាត់ជំងឺកូវីដ១៩។ ថវិកានេះ ត្រូវបានផ្ដល់ជូនដោយមូលនិធិ ព្រូដិនស៍ ដែលមានគោលបំណងជួយគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះបំផុត នៅអាស៊ី និងអាហ្វ្រិក នៅក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩៕

អត្ថបទ៖ ទារិកា

មតិយោបល់