• 2022-01-21 08:21:53
  • ព័ត៌មាន

ខេត្តចំនួនពីរហើយដែលប្រកាសផ្តល់រង្វាន់ធំ ដល់សិស្សនិទ្ទេសAក្នុងខេត្តរបស់ខ្លួន

  • 2022-01-21 08:21:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់ពេលនេះមានខេត្តចំនួនពីរហើយដែលបានប្រកាសផ្តល់រង្វាន់ធំដល់សិស្សឆ្នើមនិទ្ទេសA សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១ គឺរួមមានខេត្តកំពង់ស្ពឺមានសិស្សនិទ្ទេសA ចំនួន ៣៣នាក់ និងខេត្តស្វាយរៀងមានសិស្ស និទ្ទេសA ចំនួន២៦នាក់ ៖

១. ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រកាសផ្តល់ នូវរង្វាន់លើកទឹកចិត្តម៉ូតូ ម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ថ្មីម្នាក់មួយគ្រឿងដល់ សិស្សានុសិស្សដែលដណ្ដើមបាននិទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ នៅខេត្តកំពង់ស្ពឺ តាមការសន្យារបស់ឯកឧត្តម ក្រោយត្រូវបានរកឃើញចំនួនបេក្ខជនដែលជាប់និន្ទេសA មានចំនួន ៣៣នាក់នៅកាលពីពេលកន្លងទៅ។

ឯកឧត្តមក៏បានបញ្ចាក់ផងដែរ អំពីមូលហេតុដែលដូរពី រង្វាន់ម៉ូតូ Zoomer Xទៅជាម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ គឺដោយសារតែ បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ ដោយក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) តែចំនួនមិនគ្រប់ ៣៣គ្រឿង ដូច្នេះហើយ ឯកឧត្តមគិតថាកុំឱ្យខុសគ្នា ក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជាពិសេសឯកឧត្តមសូមឲ្យសិស្សទាំងអស់គ្នា មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា។

២. នៅរសៀលថ្ងៃនេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនក្នុងខេត្តរួមមាន តំណាងតំបន់សេដ្ឋកិច្ចពិសេសតាយសេង តំណាងតំបន់សេដ្ឋកិច្ចពិសេសមែនហាតធេន និងតំណាងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសស៍ ចូលជួបសម្តែងការគួសម និងឧបត្ថម្ភថវិកាដល់ឯកឧត្តមអភិបាលខេត្តសម្រាប់ទិញម៉ូតូ និងសម្ភារផ្សេងៗសម្រាប់ផ្តល់ឱ្យសិស្សដែលបានប្រឡងជាប់និទ្ទេសA ចំនួន២៦ នាក់ មកពីវិទ្យាល័យនានាខេត្តស្វាយស្វាយរៀង។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន និងសប្បុរជននានាដែលកន្លងមកតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តទៅតាមការអំពាវនាវជាបន្តបន្ទាប់ ជាក់ស្តែងដូចជាការចូលរួមឧត្ថម្ភគាំទ្រដល់សិស្សជាប់និទ្ទេសA ដែលប្រលងជាប់នាពេលថ្មីៗនេះជាដើម។ ក្នុងនាមរដ្ឋបាលខេត្ត សូមប្រសិទ្ធពរបវរមហាប្រសើរជូនដល់សប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់