• 2022-01-31 04:02:00
  • ព័ត៌មាន

ធានាថាផ្អែមមុត ឈ្ងុយឆ្ងាញ់! តោះទៅ «ចម្ការតាង៉ែនជើងភ្នំគូលែន» ហូបមួយចម្អែតឥតគិតថ្លៃ ហើយបេះខ្លួនឯងពីដើមផ្ទាល់ៗទៀត

  • 2022-01-31 04:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ចម្ការតាង៉ែនជើងភ្នំគូលែន» ក្តីសង្ឃឹមថ្មីនៃការងើបឡើងវិញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ក្រោយរយៈពេល២ឆ្នាំហើយ ដែលចម្ការតាង៉ែនមួយនេះបានស្ម័គ្រចិត្តសហការជាមួយរដ្ឋបាលស្រុក អនុញ្ញាតឱ្យភ្ញៀវទេសចរ អាចដើរលេងកម្សាន្តនៅក្នុងចម្ការ កាច់យកពីដើមផ្ទាល់ដោយខ្លួនឯង និងអាចបេះហូបមួយចម្អែតបានដោយឥតគិតថ្លៃបន្ថែមទៀតផង។ នេះបើតាមការផ្សាយលើផេករបស់លោកអភីបាលស្រុកឃឹម ហ្វីណង់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។

ស្ថិតនៅទីតាំងចម្ការ «ចម្ការតាង៉ែនជើងភ្នំគូលែន» ទៀតសោត ក៏មានការរៀបចំបែបជារមណីយដ្ឋាន ដែលផ្តល់បដិសណ្ឋារកិច្ចដល់អ្នកទេសចរមកលេងក្នុងចម្ការ ព្រមទាំងបានជ្រើសរើសយកពេលវេលាប្រមូលផលឱ្យចំនឹងថ្ងៃបុណ្យចូលឆ្នាំចិនតែម្តង។ ការរៀបចំចម្ការកសិកម្មនៅក្នុងទម្រង់បែបនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមជំរុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ដែលនឹងបង្កើតឱ្យមានឧត្តមានុភាពថ្មីនៃចក្ខុវិស័យជា «ដែនដីកសិទេសចរណ៍» ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត។ តោះ! ទៅលេងដល់ចម្ការផ្ទាល់តែម្តង! ធានាថាផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ! តម្លៃពិសេសត្រឹមតែ៥០០០រៀលក្នុងមួយគីឡូ ហើយដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០%

ចំពោះទីតាំង «ចម្ការតាង៉ែនជើងភ្នំគូលែន» គឺស្ថិតនៅជើងភ្នំគូលែន ចូលតាមច្រកផ្លូវវត្តស្គន់ ក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សូមបញ្ជាក់ថា សម្រាប់ការបេះហូបភ្លាមៗពីដើមផ្ទាល់ មានលក្ខខណ្ឌតម្រូវឱ្យទិញចាប់ពី១០គីឡូឡើងទៅ ទើបអាចបេះញាំមួយចម្អែតនិងកាច់ពីដើមខ្លួនឯងបាន (ព្រោះខ្លាចដើរហូបឆ្អែតហើយ ទិញតែកន្លះគីឡូ) ៕

ប្រភព៖ ទំព័រហ្វេសប៊ុកផេក លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់

មតិយោបល់
អត្ថបទថ្មី