• 2022-02-11 03:59:27
  • ព័ត៌មាន

ផ្ញើសារ​ច្បាស់​ៗទៅ​ពលរដ្ឋ​ខ្លួន​ឯង​! Biden ថា នឹង​មិន​បញ្ជូន​ទ័ព​ទៅ​ជួយ​ទេ បើ​រុស្សី​​លុកលុយ​អ៊ុយក្រែន

  • 2022-02-11 03:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃឌិន បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ NBC ថា លោក​នឹង​មិន​បញ្ជូន​ទ័ព​ទៅ​ជួយ​ពលរដ្ឋ​អាមេរិក​នៅ​អ៊ុយ​ក្រែន​ទេ ប្រសិន​បើ​រុស្សី​បើក​ការ​វាយ​ប្រហារ​សន្ធាប់​មក​លើ​ប្រទេស​នេះ។

ថ្លែង​បែប​នេះ ទន្ទឹមនឹង​​ការ​កើន​ឡើង​នូវ​កំដៅ​រវាង​រុស្សី និង​ក្រុម​ប្រទេស​លោក​ខាង​លិច ពិសេស ណាតូ ហើយ​លទ្ធភាព​ដែល​រុស្សី​អាច​នឹង​ប្រើ​កម្លាំង​ទ័ព​ឈ្លាន​ពាន​អ៊ុយក្រែន មាន​កាន់​តែ​ច្រើន​​ឡើង​ៗ។ ស្ថានភាព​បែប​នេះ លោក ចូ បៃឌិន ជំរុញ​ឲ្យ​ជន​ភៀស​ខ្លួន​អាមេរិក​ដែល​កំពុង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ប្រញាប់​ចាកចេញ​ពី​ប្រទេស​នេះ​ជា​បន្ទាន់។

លោក​ថា​លើក​ឡើង​ថា ការ​ទាញកង​ទ័ព​អាមេរិក និង​រុស្សី​ឲ្យ​ប្រឈម​គ្នា ពិភព​លោក​ងាយ​នឹង​ធ្លាក់​ក្នុង​សង្គ្រាម​លោក​ជា​ថ្មី។ លោក​ថា "នោះ​គឺ​ជា​ការ​មក​ដល់​នៃ​សង្គ្រាម​លោក"។

លោក ចូ បៃឌិន បន្ត​លើក​ឡើង​ទៀត​ថា "នេះ​មិន​មែន​ជា​ការ​ប្រឈម​ជាមួយ​នឹង​អង្គការ​ភេរវកម្ម​ណា​មួយ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ប្រឈម​ជាមួយ​នឹង​កង​ទ័ព​ដ៏​ខ្លាំង​បំផុត​មួយ​របស់​ពិភព​លោក"។ លោក​បន្ថែម​ថា "វា​ជា​ស្ថានភាព​២​ដែល​ខុស​គ្នា​ឆ្ងាយ​ណាស់ ហើយ​អ្វី​ៗ​អាច​ក្រឡាប់​ចាក់​យ៉ាង​លឿន​បំផុត"។

ដូច្នេះ​ហើយ​លោក​ថា អាមេរិក​មិន​មាន​សេណារីយ៉ូ ដូច​ពោល​ខាង​លើ​នោះ​ទេ ហើយ​ជា​ថ្មី​ម្ដង​ទៀត លោក​ស្នើ​ឲ្យ​​ពលរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន ប្រញាប់​ចាកចេញ​ពី​អ៊ុយ​ក្រែន​ជា​បន្ទាន់៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ទារិកា

មតិយោបល់