• 2022-03-01 06:00:00
  • ព័ត៌មាន

មិនធម្មតា! ត្រឹម២ខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញកសិផលទៅដល់៥២ប្រទេស សរុបជិត២លានតោនឯណោះ

  • 2022-03-01 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមតែ២ខែដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញកសិផលទៅដល់ ៥២ប្រទេស បរិមាណសរុបជិត២លានតោន មានការកើនឡើង ៩,៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះដោយយោងតាមការផ្សាយលើគណនីផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២នេះ។

នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ១ ៨៣៥ ៤៧៥,៧០ តោន ទៅកាន់ទិសដៅ ៥២ ប្រទេស គឺមានការកើនឡើងចំនួន ១៥៩ ៣៣១,៣៣ តោន ស្មើនឹង ៩,៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤,៣៧ តោន។

កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖

១. ការនាំចេញអង្ករ

  • បរិមាណអង្ករនាំចេញមានចំនួន ១០៣ ០៥៨ តោន កើនឡើងចំនួន ២៦ ៨៣៦តោន (៣៥,២១%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦ ២២២តោន
  • បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦ ៥០៧តោន (កើនឡើងចំនួន ៧ ៥១១តោន ស្មើនឹង ៣៩,៥៤%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៥៦ ៣៨៥តោន (កើនឡើងចំនួន ១៨ ៧៥៥តោន ស្មើនឹង ៤៩,៨៤%) ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩ ៣៧០តោន(កើនឡើងចំនួន ៣ ១៤១តោន ស្មើនឹង ៥០,៤៣%) និងទិសដៅដទៃទៀតចំនួន១៦ប្រទេស មានបរិមាណសរុប ១០ ៧៩៦តោន (ថយចុះចំនួន ២ ៥៧១តោន ស្មើនឹង -១៩,២៣%)
  • ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៧៧ ០៣៩តោន (៧៥,០២%) និងក្រុមហ៊ុន៣១ដទៃទៀតបាននាំចេញត្រឹមតែ ២៦ ០១៩តោន (២៤,៩៨%)។

២. ការនាំចេញស្រូវ

  • បរិមាណនាំចេញស្រូវមានចំនួន ៦៥១ ១០១ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន) ដែលមានការកើនឡើងចំនួន ៩២ ០៦៨ តោន (១៦,៤៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។

៣. ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ

  • បរិមាណនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៣១៨ ៦៤២,៧០ តោន កើនឡើងចំនួន ៦ ៥៧០,៣៣ តោន ស្មើនឹង ០,៥០% ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់