• 2022-03-17 05:00:00
  • ព័ត៌មាន

មិនចាញ់មណ្ឌលគិរី មានសមុទ្រឈើ! តាមដងផ្លូវល្បឿនលឿនក៏មានដែរគឺ សមុទ្រកៅស៊ូ សមុទ្រដូងប្រេង ធម្មជាតិបៃតងតាមដងផ្លូវស្រស់ស្អាតណាស់

  • 2022-03-17 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះផ្លូវល្បឿនលឿន ភ្នំពេញភ្នំពេញ-ព្រះសីហនុថា មិនចាញ់មណ្ឌលគិរី មានសមុទ្រឈើតាមដងផ្លូវ ឯផ្លូវល្បឿនលឿនក៏មានដែរគឺ សមុទ្រកៅស៊ូ សមុទ្រដូងប្រេង ធម្មជាតិបៃតងតាមដងផ្លូវស្រស់ស្អាតណាស់។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តម ចុះពិនិត្យការអភិវឌ្ឍន៍ ក្នុងតំបន់កសិឧស្សាហកម្មដំណាំដូងប្រេង និងដំណាំកៅស៊ូ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។ ឯកឧត្តមអភិបាលខេត្ត សង្ឃឹមនិងជឿជាក់ថា នៅពេលខាងមុខតំបន់នេះ នឹងក្លាយជាតំបន់ដែលមានសក្តានុពលលើការវិនិយោគនិងអាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនលើគ្រប់វិស័យ ពិសេសគឺស្រូបទាញទេសចរ អ្នកពលរដ្ឋងាកមកធ្វើដំណើរតាមផ្លូវល្បឿនលឿន មិនត្រឹមតែចំណាយពេលធ្វើដំណើរតិចតួចនិងសុវត្ថិភាពថែមទាំង អាចមើលសមុទ្រកៅស៊ូ សមុទ្រដូងប្រេង ធម្មជាតិបៃតងតាមដងផ្លូវយ៉ាងស្រស់ត្រកាលផងដែរ។

កាលពីប៉ុន្មានសប្ដាហ៍មុននេះផងដែរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសថា ផ្លូវល្បឿនលឿនចាប់ពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជាជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះនិងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ ។

តាមរយៈទិដ្ឋភាពនេះ បានបង្ហាញអោយឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តព្រះសីហនុបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។ បច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត ។

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់