• 2022-03-22 08:30:00
  • ព័ត៌មាន

សម្តេច ហ៊ុន សែន ឱ្យក្រសួងសុខាភិបាលពិចារណាផ្តល់ភាពស្របច្បាប់ លើការវះកាត់ប្តូរក្រលៀននៅក្នុងប្រទេស

  • 2022-03-22 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចចង់ឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជាមានសមត្ថភាពអាចដូរបានហើយ ដូច្នេះធ្វើយ៉ាងណាឱ្យការផ្លាស់ប្តូរនេះមានភាពស្របច្បាប់។ ការលើកឡើងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងនៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនាថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ថ្លែងបញ្ជាក់ថា មានប្រជាពលរដ្ឋខ្លះបានខូចក្រលៀន ហើយត្រូវការដូរក្រលៀន តម្រូវឲ្យចេញទៅក្រៅប្រទេស ប៉ុន្តែចាប់តាំងពីឆ្នាំ២០១០មក កម្ពុជាមានសមត្ថភាពក្នុងការដូរក្រលៀននេះ ដែលមាននៅមន្ទីរពេទ្យព្រះកេតុមាលា [មន្ទីរពេទ្យកងទ័ព] មានលទ្ធភាពនឹងដូរបាន តែគ្រាន់តែមិនមានការផ្សព្វផ្សាយប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលទើបសម្ពោធនេះ មានសមត្ថភាពក្នុងការវះកាត់ប្តូរក្រលៀន និងប្តូរថ្លើម រួមទាំងអវៈយវៈមួយចំនួនទៀតផងដែរ ។

សូមបញ្ជាក់ថា បើទោះបីជាសម្តេចបញ្ជាឲ្យរដ្ឋមន្ត្រីសុខាភិបាល សិក្សាពិនិត្យលទ្ធភាព ក្នុងការអនុញ្ញាតឲ្យមានការវះកាត់ប្តូរក្រលៀន ដោយស្របច្បាប់ក្តី ប៉ុន្តែសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានការជួញដូរនោះទេ ត្រូវរកចេញពីក្រុមគ្រួសាររបស់អ្នកជំងឺ ឬអ្នកដែលស្ម័គ្រចិត្ត ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់