• 2022-03-24 05:10:00
  • ព័ត៌មាន

សម្ដេចតេជោ ព្រមានចំៗមន្ត្រីពាក់ព័ន្ធទាំងអស់ បើបង្ក្រាបអ្នកប្រព្រឹត្តបទល្មើសនេសាទមិនបានទេ កុំបាច់ធ្វើមន្ត្រីទៀត

  • 2022-03-24 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឱកាសពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងព្រមានចំៗដល់មន្ត្រីពាក់ព័ន្ធទាំងអស់ បើបង្ក្រាបអ្នកប្រព្រឹត្តបទល្មើសនេសាទមិនបានទេ កុំបាច់ធ្វើមន្ត្រីទៀត ។

សម្ដេចតេជោ លោកមានប្រតិ្តកម្មនិងព្រមានធ្ងន់ៗដល់មន្ត្រីទាំងអស់ ដែលពាក់ព័ន្ធនឹងការបង្ក្រាបករណីបទល្មើសជលផល លោកថា មិនបាច់ធ្វើជា អភិបាលខេត្ត ជារដ្ឋមន្ត្រី ជាមេនរគបាល និងធ្វើជាមេទាហានទៀតទេ បើបង្ក្រាបពួកជនពាលដែលបំផ្លាញធនធានជលផលនៅតាមតំបន់បឹងទន្លេសាបមិនបាននោះ។ ជុំវិញប្រសាសន៍លើកឡើងនេះ សម្ដេចតេជោ បានចោទជាសំនួរសង្កត់ធ្ងន់ថា «បង្ក្រាបពួកឈ្មួញល្មើសនេសាទអស់ហ្នឹងបានឬមិនបាន? ឥឡូវ មានអំណាចក្នុងដៃហើយ បើគ្រាន់តែធ្វើប៉ុណ្ណឹង ធ្វើមិនឈ្នះនោះ មិនបាច់ធ្វើចៅហ្វាយខេត្ត រដ្ឋមន្ត្រីកសិកម្ម រដ្ឋមន្ត្រីធនធានទឹក រដ្ឋមន្ត្រីបរិស្ថានអីទេ ហើយក៏កុំធ្វើជាមេទាហាន មេប៉ូលីសបន្តទៀត!! ហើយបណ្តាខេត្តជុំវិញបឹងទន្លេសាប ធ្វើបាន ឬមិនបាន មើលសន្យាជាមួយគ្នានៅចំពោះមុខ មកពីអស់លោកអត់ព្រមធ្វើរឿងវានៅកន្លែងហ្នឹងទេ»

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ បន្ទាប់ពីកើតមានបទល្មើស បំផ្លាញធនធានធម្មជាតិ និងមច្ឆាជាតិ ហិនហោចគួរឲ្យបារម្ភ។ សម្តេចថា ប្រសិនបើមិនទប់ស្កាត់ទាន់ពេលនោះទេច្បាស់ណាស់ពួកជនល្មើស នឹងបំផ្លាញធនធានជលផល និងកាប់ទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប នឹងរីករាលដាលជាបន្តបន្ទាប់ជាក់ជាមិនខាន ដូច្នេះ មន្ត្រីនិងស្ថានប័នដែលពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការរបស់ខ្លួន បង្ក្រាបពួកបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់