• 2022-03-25 14:48:33
  • ព័ត៌មាន

ផ្អែមល្ហែមណាស់! ឌួង ឆាយ ប្រាប់ពីកំណើតស្នេហ៍នឹងអ្នកស្អំបេះដូងថ្មី ហើយសន្យាមើលថែដូចឪពុកម្ដាយនាង

  • 2022-03-25 14:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយរកាំរកូសនឹងអតីតភរិយាអស់ជាច្រើនខែ ពេលនេះលោក ឌួង ឆាយ បានជួបនឹងគូជីវិតថ្មីហើយ ជានារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ និងបានធ្វើពីធីចូលចែចូវតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ។ អតីតឧកញ៉ា រូបនេះបានរៀបរាប់ពីកំណើតស្នេហារបស់ខ្លួន ផ្ដើមចេញពីម្ដាយជាអ្នកណែនាំ ហើយក៏បានជួបជំពាក់ចិត្តនឹងគ្នា រហូតឈានដល់ពិធីចូលចែចូវដល់ចាស់ទុំក្រាបក្បាលដល់កន្ទេល។

លោក ឌួង ឆាយ បានរៀបរាប់ពីដំណើរដើមទងនៃស្នេហាថ្មីមួយនេះ យ៉ាងផ្អែមល្ហែម ជាមួយពាក្យពោលពេញចិត្តលើកតម្កើងអនាគតភរិយាថ្មីរស់ខ្លួន ព្រមទាំងសន្យាមើលថែនាងដូចឪពុកម្ដាយរបស់នាងដែរ។ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់លោក ឌួង ឆាយ៖

«កូនប្រុសស្រលាញ់ច្បាស់លាស់គឺហ៊ានចូលចែចូវតាមចាស់ទុំគោរពតាមទំនៀមទំលាប់ប្រពៃណីខ្មែរយើង»

បុរសអ្នកជំនួញរូបនេះបន្តទៀតថា៖ «ប្រារព្ធពិធីពិសារស្លាដក់នឹងកន្សែង។ សូមគោរពអរគុណដល់អ្នកម្តាយដែលបានណែនាំនារីខ្មែរដ៏ល្អម្នាក់មានពូជពង្សវង្សត្រកូលល្អដល់កូន។ សូមអរគុណអនាគតលោកឳពុកក្មេក និងអ្នកម្តាយក្មេក ដែលបានផ្តល់ឱកាសអនុញ្ញាតព្រមព្រៀងឲ្យកូនទាំងពីរស្រលាញ់គ្នានឹងបានប្រារព្ធធ្វើពិធីនេះឡើង។ សូមអរគុណដល់អនាគតឧត្តមភរិយា ដែលអូនព្រមស្រលាញ់ជ្រើសរើសទទួលយកបងធ្វើជាគូជីវិត ជាពិសេសគឺក្នុងថ្ងៃដែលជីវិតបងឋិតនៅក្នុងភាពងងឹតបាត់បង់អ្វីៗគ្រប់យ៉ាង ជួបទុក្ខលំបាកវេទនាជាទីបំផុត អូនបានចូលមកជួយបំពេញអត្ថន័យជីវិតបង អូនតែងតែឈរកៀកនៅក្បែរជួយផ្តល់កម្លាំងចិត្តនឹងមិនដែលហាស្តីបន្ទោសដាក់បងសូម្បីតែមួយម៉ាត់ចំពោះនូវរាល់កំហុសឆ្គងដែលបងតែងមានរហូតមក អូនព្រមទទួលយកភាពខ្វះខាតដោយការជួយបំពេញបន្ថែម អូនព្រមទទួលយកនូវរាល់អតីតកាលមិនល្អរបស់បង។ លើសពីនេះគឺអូនអាណិតស្រលាញ់ដល់កូនៗទាំង ៣ របស់បងខ្លាំងណាស់។ បងសូមសន្យាថានិងតបស្នងការស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់អូនមួយនេះ នឹងជួយមើលថែរក្សាផ្តល់ភាពកក់ក្តៅជូនអូន ដូចដែលលោកឳពុកអ្នកម្តាយអូនធ្លាប់បានថ្នាក់ថ្នមមើលថែឲ្យបានល្អជាទីបំផុត ផ្តល់កម្លាំងចិត្តជូនអូននិងកសាងសុភមង្គលជាមួយគ្នា។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការអានិតស្រលាញ់រាប់អាន និងអបអរសាទរជូនពរ។ សូមទោសពូមីងបងប្អូនមិត្តភ័ក្តជិតឆ្ងាយដែលខ្ញុំបាទមិនបានអញ្ជើញដោយសារតែធ្វើលក្ខណៈគ្រួសារតែ 10 តុហើយនៅឆ្ងាយ ខ្លាចរំខានលំបាក រង់ចាំពេលវេលាចូលរោងការតែម្តងណាបាទ» ៕

មតិយោបល់