• 2022-04-27 03:37:41
  • ព័ត៌មាន

ច្បាស់ហើយ! ក្រសួង​សាធារណៈការ បង្ហើប​តម្លៃ​ដែលគ្រោងយកពីអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

  • 2022-04-27 03:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់ពេលនេះផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចវឌ្ឍនភាពការងារបាន៩០,៩៥%ហើយបន្ទាប់ពីបានបើកការដ្ឋានសាងសង់អស់រយៈពេលជាង ៣ឆ្នាំ ពិសេសក៏គ្រោងនឹងដាក់ដំណើរការជាការសាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងការយកតម្លៃដ៏សមរម្យមួយចំពោះការធ្វើដំណើរមនៅលើផ្លូវនេះ។នេះបើយោងទៅតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា "ចំពោះតម្លៃធ្វើដំណើរនៅលើផ្លូវល្បឿនលឿននេះ យើងមិនទាន់បានពិភាក្សាគ្នាឲ្យច្បាស់នៅឡើយនោះទេ ថាយកនឹងយកតម្លៃប៉ុន្មានឲ្យសមរម្យ យកថ្លៃពេកក៏គេមិនជិះដែរ គេទៅជិះលើផ្លូវអត់យកលុយហើយ បើយកថោកពេកក៏មិនអាចប្រមូលដើមទុនឲ្យក្រុមហ៊ុនគេវិញបានដែរ"។

ឯកឧត្តម​បាន​បន្ត​ថា យោង​លើតម្លៃប្រើ​ប្រាស់​ផ្លូវ​នៅទូទាំងពិភពលោក ភាគច្រើនគេ​គិត​តម្លៃ ពី១០ ទៅ១២ សេននៅក្នុង១គីឡូម៉ែត្រ។ ដូច្នេះ​ សម្រាប់កម្ពុជា ឯកឧត្តម​បញ្ជាក់​ថា ក្រសួងបានស្នើឲ្យយកក្រោម១០សេនក្នុងគីឡូម៉ែត្រ។

យោង​តាម​តម្លៃ​ក្នុង​គម្រោង​សាក​ល្បង​នេះ ប្រើ​បើយើងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ ចម្ងាយជិត ២០០គីឡូម៉ែត្រនោះ ការចំណាយថ្លៃធ្វើដំណើរអាចជិត ២០ដុល្លាអាមេរិក។

យ៉ាងណាមិញចំពោះតម្លៃធ្វើដំណើរជាការសាកល្បងនៅក្នុងខែកក្កដាខាងមុខនេះ នៅក្នុងកិច្ចសម្ភាសន៍ផ្ទាល់ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា យើងបានកំពុងពិភក្សាជាមួយក្រុមហ៊ុនដែរថា គួរតែឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវនេះមួយនេះឲ្យស្គាល់ពីការប្រើប្រាស់ច្បាស់លាស់សិន ដោយកុំយកថវិការពួកគាត់ ឬក៏ក្នុងរយ:ពេលមួយខែដំបូងយើង យកតម្លៃពីពួកគាត់ ពីថោកទៅថ្លៃបន្តិចម្តងៗ។ យើងកំពុងតែពិចារណា ចំពោះព័ត៌មានលម្អិតយើងនឹងបញ្ជាក់បន្ថែមទៀតនៅពេលក្រោយ។ ឯកឧត្តមថ្លែង។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថាផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថារាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទដោយ៖ សាន សុធារដ្ឋ

មតិយោបល់