• 2022-04-27 08:54:36
  • ព័ត៌មាន

បុរស​បរទេស​ដែល​ចំណាយ​ពេល ២០ឆ្នាំ អភិរក្សសត្វព្រៃនៅកម្ពុជា បារម្ភខ្លាំងពីវាសនាភ្នំតាម៉ៅ(វីដេអូ)

  • 2022-04-27 08:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំតាម៉ៅ គឺជាតំបន់ព្រៃធម្មជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាសួនសត្វនោះទេ ប៉ុន្តែទីនេះ គឺជាជម្រកដ៏កក់ក្ដៅសម្រាប់សត្វព្រៃជាច្រើនប្រភេទរស់នៅក្រោមការមើលថែពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងរដ្ឋបាលព្រៃឈើ។ លើសពីនេះក្រៅពីកន្លែងថែរក្សាការពារ ភ្នំតាម៉ៅ គឺជាកន្លែងសង្គ្រោះអាយុជីវិតសត្វព្រៃទាំងឡាយ ដែលរងគ្រោះដោយការប្រមាញ់ ការបរបាញ់ជាដើម។

លោក និក ម៉ាក (Nick Marx) គឺជាបុគ្គលដ៏សំខាន់មួយរូបនៅពីក្រោយការយកចិត្តទុកដាក់ លះបង់កម្លាំងកាយចិត្ត និងថវិកា ដើម្បីអភិរក្សសត្វព្រៃទាំងឡាយដែលកំពុងរស់រានមានជីវិតនៅតំបន់ព្រៃធម្មជាតិភ្នំតាម៉ៅ។ តាមវីដេអូ ដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសបុករបស់អង្គការ និក ម៉ាក បានរៀបរាប់ថា ជាង ២០ឆ្នាំទៅនេះ អង្គការបានសម្រេចភាពជោគជ័យជាខ្លាំង ក្នុងការថែរក្សា និងផ្ដល់ទីជម្រកដល់សត្វព្រៃជាច្រើនប្រភេទរស់នៅដោយមានសេរីភាពក្នុងព្រៃជាង ២ពាន់ហិកតា។

លោកនិក ម៉ាក រៀបរាប់ថា លោកបានមកធ្វើការនៅភ្នំតាម៉ៅតាំងពីឆ្នាំ ២០០១ គិតរហូតមកដល់ពេលនេះជាង ២០ឆ្នាំហើយ។ លោកបានបង្ហាញពីភាពជោគជ័យ ក្រោមការសហការជាមួយក្រសួងបរិស្ថាន អាជ្ញាធរ និងពិសេសរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាដែលមានរួសរាយរាក់ទាក់ នាំឱ្យលោកសប្បាយចិត្ត ធ្វើការចេញពីបេះដូងដ៏ពិតប្រាកដនៅកម្ពុជា។ និក ម៉ាក ឱ្យដឹងថា សួនសត្វដែលមានព្រៃ ២៣០០ហិកតានៅជុំវិញ ជាកន្លែងមើលសត្វ និងកន្លែងអភិរក្សសត្វ ដែលមានសត្វព្រៃរស់នៅដោយមានសេរីភាព។ ក្នុងនោះមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅដូចជាសត្វទោច ស្វាព្រាម ប្រើស ឈ្លូស ភេ ជាដើម។

ភ្នំតាម៉ៅក៏ជាកន្លែងដែលបានសង្គ្រោះដំរីមួយក្បាល កំបុតជើងដោយសារជាប់អន្ទាក់។ វាត្រូវបានជួយសង្គ្រោះ និងធ្វើជើងសុប្បនិម្មិត ពេលនេះវាអាចដើរបាន និងរស់នៅយ៉ាងមានសេរីភាពក្នុងតំបន់ព្រៃភ្នំតាម៉ៅ។

យ៉ាងណាមិញវីដេអូមួយទៀតត្រូវបានផ្សព្វផ្សាយដោយអង្គការខាងលើកាលពីថ្ងៃទី ២៦ មេសា ២០២២ នេះ លោកនិក ម៉ាក បានបង្ហាញក្ដីព្រួយបារម្ភជាខ្លាំង ក្រោយទទួលបានព័ត៌មានថា នឹងមានការឈូសឆាយព្រៃឈើនៅតំបន់ភ្នំតាម៉ៅ។ ជនបរទេសដែលលះបង់គ្រប់យ៉ាងមកការពារសត្វព្រៃជាង២០ឆ្នាំនៅទីនេះ បានបង្ហាញការបារម្ភពីវាសនា សត្វព្រៃជាច្រើនប្រភេទ ដែលត្រូវបានមើលថែ ការពារជាច្រើនឆ្នាំហើយនោះ នឹងត្រូវបាត់បង់ទីជម្រក។ លោកបានអំពាវនាវសូមឱ្យបន្តថែរក្សាការពារព្រៃឈើជាង ២០០០ហិកតានេះ ដើម្បីជាទីជម្រកសត្វព្រៃទាំងអស់ផង។ លោកថា នៅប្រទេសដទៃសួនសត្វប្រទេសគេ មិនល្អដូចនៅភ្នំតាម៉ៅនោះទេ ព្រោះមិនមានព្រៃដែលនៅព័ទ្ធជុំវិញ រីឯភ្នំតាម៉ៅ មានព្រៃឈើព័ទ្ធជុំវិញ ហើយថែមទាំងនៅក្បែររាជធានីភ្នំពេញទៀត ងាយស្រួលដល់បងប្អូនទៅទស្សនា និងបានការពារផ្ដល់ជម្រកដល់សត្វព្រៃទាំងអស់ ៕

ទស្សនាវីដេអូខាងក្រោម៖

មតិយោបល់