• 2022-05-23 11:08:37
  • ព័ត៌មាន

ABA បរិច្ចាគទឹកប្រាក់ 35,000 ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី

  • 2022-05-23 11:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ ABA ដែល​ជាធនាគារពាណិជ្ជឈានមុខ​ និង​ជាសាជីវកម្មមានទំនួល​ខុសត្រូវសង្គម​ដ៏សកម្មមួយរបស់​ កម្ពុជា​ បាន​បរិច្ចាគ​ទឹក​ប្រាក់​ 35,000 ដុល្លារអាមេរិក​​ ដល់មន្ទីរពេទ្យ​បង្អែក​ស្រុកក្រូចឆ្មារ​​ ក្នុងខេត្តត្បូងឃ្មុំ​។ ទឹកប្រាក់​ នេះ​ ត្រូវ​បានបរិច្ចាគ​ជូន​មន្ទីរពេទ្យ​សម្រាប់​ការសាងសង់អគារទី 2 ដើម្បីផ្ដល់ការព្យាបាលដល់ ប្រជាជនប្រមាណ 469,000 នាក់ (ក្នុងនោះ 239,000 នាក់ជាស្ដ្រី) ដែល​រស់​​នៅក្នុងស្រុកចំនួន​បួនក្បែរនោះ​ និង​លើក​កម្ពស់​គុណភាព​នៃការធ្វើរោគវិនិច្ឆ័យ។

ពិធីប្រគល់ប្រាក់បរិច្ចាគនេះ​ ធ្វើឡើង​ក្រោមអធិបតីភាព​លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរ​សុខាភិបាលខេត្តត្បូងឃ្មុំ​ និង​លោក​ស្រីធាម​ រមណី​ នាយិកា​ទំនាក់ទំនងគូភាគី​-ប្រធាន​គ្រប់គ្រង​តំបន់នៃធនាគារ​​ ABA រួម​ទាំង​ភ្ញៀវកិត្តិយស​ជា​ច្រើន​រូប​ទៀត​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុកក្រូចឆ្មារ​។

ថ្លែងក្នុងពិធីនេះផងដែរ​ លោកស្រី​ ធាម រមណី ​មានប្រសាសន៍ថា​៖ "មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានតួនាទីយ៉ាង​ សំខាន់​លើ​គ្រប់​ទិដ្ឋភាព​​ក្នុងការជួយថែរក្សា​ និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលក្នុងតំបន់នេះ​។ ABA គាំទ្រយ៉ាងពេញទំហឹងនៃការសាងសង់អគារទី 2 ដើម្បី​ផ្ដល់សមត្ថភាពព្យាបាលកាន់តែប្រសើរ​ និង​បរិក្ខារពេទ្យដែលមានសេវាកម្មច្រើន​ទូលំទូលាយជាងអគារដែលកំពុងមានស្រាប់។ ការ​រួម​ចំណែកដ៏​​ ស្ដួចស្ដើងរបស់យើងខ្ញុំ​ បានឆ្លុះបញ្ចាំងពីការបន្ដការប្ដេជ្ញាចិត្តរបស់ ABA ក្នុងការឲ្យផលជាវិជ្ជមានដល់ សហគមន៍មូលដ្ឋាន ហើយយើងខ្ញុំក៏សង្ឃឹមថា​​ ការរួមចំណែកនេះ​នឹងជួយក្រុមគ្រូពេទ្យ​ក្នុងការបំពេញ​ការងារដ៏មាន​ តម្លៃ​របស់ពួកគាត់ផងដែរ។"

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1966 ជាមួយនឹងចក្ខុវិស័យរបស់ខ្លួន ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលក្នុងខេត្តត្បូងឃ្មុំ។

កាលពីដើមឆ្នាំនេះ ធនាគារ ABA ក៏បានបរិច្ចាគថវិកាដល់ TYDA និង AMT ក្នុងមួយអង្គការ 100,000 ដុល្លារអាមេរិក និងបានបរិច្ចាគថវិកា 200,000 ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់