• 2022-05-25 03:59:23
  • ព័ត៌មាន

កម្មវិធី Cambodia Night ៖ ជាព្រឹត្តិការណ៍ដែលគ្រប់គ្នាសាទរនឹងកេរដំណែលដូនតា និងសក្ដានុពលប្រទេសកម្ពុជា

  • 2022-05-25 03:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Cambodia Night ដែលរៀបចំជាពិសេសដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) នឹងលេចមុខក្នុងរបៀបវារៈសន្និសីទអាស៊ីប៉ាស៊ីហ្វិក JCI Asia Pacific Conference 2022ឆាប់ៗនេះ។

នេះគឺជាមោទកភាពដ៏ថ្លៃថ្លារកអ្វីប្រៀបផ្ទឹមពុំបាន សម្រាប់ប្រទេសកម្ពុជាយើងទាំងមូល ដ្បិតថានេះគឺជាព្រឹត្តិការណ៍ដ៏កម្របំផុត សម្រាប់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា តាមរយៈក្រុមការងារប្រតិបត្តិនៃកម្មវិធី Cambodia Night ដែលកំពុងខ្មីឃ្មាតសហការគ្នាយ៉ាងស្អិតរមួត សម្រិតសម្រាំងព្រឹត្តិការណ៍នេះឡើង ប្រកបដោយវិសេសភាព និងមានភាពទាក់ទាញ ដើម្បីពាំនាំនូវអត្តសញ្ញាណជាតិខ្មែរ និងកិត្យានុភាពជាតិ បង្ហាញជូនសាធារណជនក្នុងប្រទេស និងប្រតិភូអន្តរជាតិ។

សូមសង្កត់ធ្ងន់ថា នេះក៏ជាឱកាសដ៏ធំធេងមួយ ដើម្បីទាក់ទាញគណៈប្រតិភូអន្តរជាតិឲ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទអាស៊ីប៉ាស៊ីហ្វិក (ASPAC) ឆ្នាំ២០២៤ ដែលកម្ពុជាត្រៀមនឹងដណ្ដើមឱកាសដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងសន្និសីទនេះផងដែរ។

ជាងនេះទៅទៀត កម្មវិធី Cambodia Night ក៏នឹងផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយសិល្បៈវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ សក្ដានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៃប្រទេសកម្ពុជាទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិពីបណ្ដាប្រទេសអាស៊ីប៉ាស៊ីហ្វិកជាង ២០ប្រទេស ក្នុងន័យសំដៅរួបរួមភាតរភាពក្នុងរង្វង់គ្រួសារ JCI Cambodia និងពង្រឹងសុខដុមរមនីយកម្មជាមួយសមាជិក JCI ជាង១២០ប្រទេសផ្សេងទៀតលើពិភពលោក ព្រមទាំងលើកកម្ពស់មុខមាត់ជាតិខេមរា លើឆាកអន្តរជាតិផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធីដ៏អស្ចារ្យមួយនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ១៨:៣០ ដល់ ២២:០០ យប់ នៅទីតាំង The Kampus ក្បែរភោជនីយដ្ឋានទន្លេបាសាក់២ និងជាពិសេស ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ គ្រប់សម័យកាល។

លោកអ្នកអាចស្វែងរកព័ត៌មានលម្អិត អំពីកម្មវិធី ការចុះឈ្មោះចូលរួម និងតម្លៃសំបុត្រ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ JCI Cambodia ៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី