• 2022-05-25 04:54:01
  • ព័ត៌មាន

ថាមិនត្រូវអាច​មកដល់កម្ពុជា! ឥឡូវ​ដឹងពីវិធី​ត្រូវ​ធ្វើ​ម៉េច​ខ្លះ បើ​ភ្លាត់ជួប ឬប៉ះពាល់បុគ្គលសង្ស័យកើតជំងឺនេះ!

  • 2022-05-25 04:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ជំងឺអុតស្វាបាន ផ្ទុះការរីករាលដាលប្រមាណជា ១៩ប្រទេសហើយ នៅលើសកលលោក គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ មានសរុប ១៥៨នាក់ មានអ្នកសង្ស័យសរុបចំនួន ១១៧នាក់ ដែលកំពុងតែ ធ្វើការអង្កេតបញ្ជាក់ ខណ:នៅតំបន់ប៉ាស៊ីហ្វិកខាងលិច មានការរាយការណ៍ពីករណីជំងឺអុតស្វានេះ ចំនួន ២ករណី ហើយដែរ។

ដើម្បីជាការបង្ការការពារទុកជាមុន ថ្ងៃនេះ Sabay សូមលើកយកនូវចំណុចសំខាន់ៗពីរោគសញ្ញានៃជំងឺអុតស្វា ក៏ដូចជាពីវិធីការពារខ្លួននៅពេលដែលបងប្អូនប្រជាពលរដ្ឋ ជួបឬបានប៉ះជាមួយបុគ្គលសង្ស័យថាមានជំងឺអុតស្វា ពីព្រោះថាជំងឺនេះជាជំងឺឆ្លង ដូចនេះហើយហានិភ័យអាចនឹងកើតឡើងបានគ្រប់ពេល ត្រូវតែបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត ហើយថ្ងៃណាមួយអុតស្វានឹងមកដល់កម្ពុជា យើងមើលពុំឃើញនោះឡើយ។

១.រោគសញ្ញានៃជំងឺអុតស្វា (Monkeypox) រួមមានដូចជា

• ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក។

• កន្ទួលមានទំនោរប្រមូលផ្ដុំនៅលើមុខ បាតដៃ និងបាតជើង។

• មាត់ ប្រដាប់ភេទ និងភ្នែក ក៏អាចរងផលប៉ះពាល់ផងដែរ។

• រោគសញ្ញា និងកន្ទួលលើស្បែក ជាទូទៅមានរយៈពេលជាច្រើនសប្តាហ៍។

២. វិធីបង្ការពេលជួបបុគ្គលដែលសង្ស័យកើតជំងឺអុតស្វា ឬក៏សង្ស័យថាខ្លួនកើតជំងឺមួយនេះ

  • ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតជាមួយសាប៊ូ ឬដែល អាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។

  • ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានជំងឺនេះ ឬបុគ្គលដែលសង្ស័យ រួមទាំង ការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម រហូតដល់ជំងឺ បានជាសះស្បើយ។

  • ចៀសវាងប៉ះពាល់សម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ដូចជាសម្លៀកបំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវទឹក ជាដើម ហើយត្រូវបោកគក់ ឬលាងសម្អាតឱ្យបានត្រឹមត្រូវនូវសម្ភារៈ ប្រើប្រាស់របស់បុគ្គលនេះ ដោយឡែក។

  • បុគ្គលសង្ស័យដែលមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារ ជាធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងអំឡុងពេលធ្វើការ តាមដានសុខភាពរយៈពេល ២១ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ។

  • ត្រូវបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ។

  • ចៀសវាងការប៉ះពាល់ជាមួយសត្វ (រស់ឬស្លាប់) និងរក្សាអនាម័យដៃជានិច្ច។ ប្រសិនបើបានជា ជ្រុលប៉ះពាល់ សូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតដ ជាមួយសាប៊ូ ឬអាល់កុល ភ្លាមៗ។

  • បុគ្គលដែលមានចេញកន្ទួលរមាស់អមដោយគ្រុនក្តៅ និងមានរោគសញ្ញាដូចខាងលើនេះ ត្រូវ ទៅពិគ្រោះជំងឺភ្លាមៗឱ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យដែលនៅជិតលោកអ្នក និងត្រូវដាក់ឱ្យនៅដាច់ ដោយឡែកភ្លាមៗរហូតដល់មានការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ជាមួយនឹងការធ្វើវិភាគមន្ទីរ ពិសោធន៍ផងដែរ។

៣.របៀបនៃការចម្លងជំងឺអុតស្វា (Monkeypox)៖

• តាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬមានភាពប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញា រួមទាំង ទំនាក់ទំនងផ្លូវភេទផងដែរ។

• ហានិភ័យខ្ពស់នៃការឆ្លង៖ ដោយធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកដែលមានជំងឺឆ្លងនេះ រួមទាំង បុគ្គលិកសុខាភិបាល គ្រួសារ សមាជិក និងដៃគូផ្លូវភេទ។

• សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារៈដូចជា សម្ភារៈបរិភោគអាហារ/ចានក្បាន ដែលមានជាប់វីរុសបណ្តាលមកពីអ្នកកើតជំងឺអុតស្វាបានប្រើប្រាស់ ឡូកឡំជាមួយគ្នា អាចឆ្លងទៅអ្នកដទៃបាន។

• ដំបៅខាងក្រៅ ឬដំបៅក្នុងមាត់ (ulcers, lesions, or sores) ក៏អាចឆ្លងដែរ មានន័យថា វីរុសនេះ អាចឆ្លងតាមរយៈទឹកមាត់។

• វីរុសនេះ ក៏អាចឆ្លងពីអ្នកមានផ្ទៃពោះទៅទារកតាមរយៈទងសុក ឬពីឪពុកម្តាយដែលមានវីរុសឆ្លងទៅដល់ កូន អំឡុងពេល ឬក្រោយពេលឆ្លងទន្លេ តាមរយៈការប៉ះនឹងស្បែក។

ប្រភព៖ក្រសួងសុខភិបាល

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី