- 2022-05-25 04:56:49
- ព័ត៌មាន
មិនមែនសាច់ឈាមនឹងគ្នា តែស្ត្រី ៤នាក់ ចាប់ដៃគ្នារកស៊ីឡើងដូចកាំជណ្ដើរ បង្កើតបានក្រុមហ៊ុន ៣តែប៉ុន្មានឆ្នាំ!
- 2022-05-25 04:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនសាច់ឈាមនឹងគ្នា តែស្ត្រី ៤នាក់ ចាប់ដៃគ្នារកស៊ីឡើងដូចកាំជណ្ដើរ បង្កើតបានក្រុមហ៊ុន ៣តែប៉ុន្មានឆ្នាំ!
ចន្លោះមិនឃើញ
ស្ត្រី៤នាក់ ដែលមិនមែនជាសាច់ឈាមនឹងគ្នាសោះ តែជាអ្នកដទៃសុទ្ធសាធ បានចាប់ដៃរកស៊ីចូលគ្នាឡើងដូចទឹកបាក់ទំនប់ ដោយបង្កើតបានក្រុមហ៊ុនធំៗចំនួន ៣រួចទៅហើយ។
ស្ត្រីទាំង ៤នាក់នេះ មានអ្នកស្រី នាង គុណូអមរា ហៅ "ម៉ាដាម អាំ" ទី១អ្នកស្រី ឆេង ស្រីនាង ទី៣ លោកស្រី សៀត ម៉ានី និងទី៤ គឺអ្នកស្រី អៀង ដាលីន។ តាមការបញ្ជាក់របស់សាមីខ្លួនទាំង ៤ ពួកគេបានជួបស្គាល់គ្នា និងឈានទៅបោះជំហានធ្វើអាជីវកម្មជាមួយគ្នាដំបូងក្នុងឆ្នាំ ២០១៨។ ដំបូងបំផុតពួកគេរួមគ្នាបង្កើតក្រុមហ៊ុនដឹកជញ្ជូនទំនិញពីក្រៅប្រទេស។
បន្តមកអ្នកទាំង៤ បានឈានមកវិនិយោគបន្តទៀតជាមួយគ្នាដដែល ក្នុងអាជីវកម្មផ្នែកសេវាកម្មជណ្ដើរយន្តម្ដង។ អាជីវកម្មទាំងពីរ សុទ្ធតែដំណើរការល្អក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយវាបានជាប្រភពទុនដែលអាចឲ្យពួកគេអាចឈានមកបង្កើតក្រុមហ៊ុនថ្មីមួយទៀតដែលមានទុនវិនិយោគរាប់ម៉ឺនដុល្លារទើបបើកសម្ពោធម្សិលមិញនេះ។
អាជីវកម្មថ្មីរបស់ស្ត្រីទាំង ៤នាក់ រឹតតែខុសឆ្ងាយ ពីអ្វីដែលពួកគេបានធ្វើរួមគ្នាក្នុងអតីតកាល ដែលដំបូងឡើយជាអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនសេវាកម្មជណ្ដើរយន្ត អាជីវកម្មទី៣ គឺជាប្រភេទអាជីវកម្មផ្នែកសម្រស់ម្ដង ដោយអាជីវកម្មថ្មីនេះ ត្រូវបានដាក់ឈ្មោះថា "ម៉ាដាមស្អាត"។ អ្នកស្រី សៀត ម៉ានី ម្នាក់ក្នុងចំណោមស្ថាបនិកក្រុមហ៊ុនទាំង ៤ បានបញ្ជាក់ថា វាការឆក់ឱកាស ស្របពេលអ្នកស្រី សង្កេតឃើញពីការរីកចម្រើន និងមានតម្រូវការច្រើន។
ដូច្នេះហើយ អ្នកស្រី និងដៃគូ ៣នាក់ផ្សេងទៀត បានមូលមតិគ្នាវិនិយោគលើផ្នែកនេះទៀត ក្នុងបេសកម្មចង់ផ្ដល់ឲ្យប្រជាពលរដ្ឋ ពិសេសស្ត្រីកម្ពុជាឲ្យទទួលបានភាពស្រស់ស្អាត និងទទួលបានផលិតផលមានគុណភាពខ្ពស់សម្រាប់ប្រើប្រាស់។ "មាដាម ស្អាត" មានផ្គត់ផ្គង់ផលិតផលផ្នែកសម្រស់ដូចជា ម៉ាសបិតមុខ ខូឡាជេន និងតែសម្រករាង។
អ្នកស្រី សៀត ម៉ានី អះអាងថា ផលិតផលរបស់អ្នកស្រីនាំចូលពីកូរ៉េ និងមានពិន្ទុខ្ពស់ក្នុងការតេស្តសាកល្បងជាមុន ទើបអាចយកមកដាក់ក្នុង "ម៉ាដាមស្អាត" បាន។
គិតមកដល់បច្ចុប្បន្ន ស្ត្រីទាំង ៤ បានសហការគ្នាអស់រយៈ ពេលជិត ៥ឆ្នាំហើយ ក្នុងអំឡុងពេលនោះ អ្នកទាំង៤អះអាងថា ការរកាំរកូសតែមានតិចតួច ប៉ុន្តែមិនគ្រប់គ្រាន់ឲ្យពួកគេចែកចានចែកឆ្នាំងឡើយ។ អ្នកស្រី សៀត ម៉ានី ប្រាប់ថា ពួកអ្នកស្រី តែងតែយល់ពីគ្នា អត់ឱន និងស្វែងយល់ពីគ្នា ទើបកន្លងមកមិនមានការថ្នាំងថ្នាក់ខ្លាំង។
ពិសេស គឺពួកអ្នកស្រី មានការគិតវិជ្ជមានដូចគ្នា និងមានចក្ខុវិស័យដូចគ្នា ទើបអាចសហការគ្នារីកចម្រើន និងបង្កើតបានក្រុមហ៊ុនដល់ទៅ ៣ត្រឹមរយៈពេលជាង ៤ឆ្នាំ។ សំខាន់ជាងនេះ ការបែកចែកការងារទទួលខុសត្រូវច្បាស់លាស់ ក៏ជាមធ្យោបាយ បញ្ជៀសការមានបញ្ហានឹងគ្នាដែរ។
នៅក្នុងអាជីវកម្មថ្មីដែលទើបដំណើរការនេះ អ្នកនាង គុណូអមរា ហៅ ម៉ាដាម អាំ ទទួលបន្ទុកទំនាក់ទំនងសាធារណៈ អ្នកស្រី ឆេង ស្រីនាង អគ្គនាយកក្រុមហ៊ុន អ្នកស្រី សៀត ម៉ានី អគ្គនាយករង ទទួលបន្ទុកគ្រប់គ្រងទូទៅ អ្នកស្រី អៀង ដាលីន អគ្គនាយករង ទទួលបន្ទុកផ្នែកលក់។ ក្រោមការពួតដៃគ្នាជាង ៤ឆ្នាំមក ពួកគេ បានផ្ដល់ការងារជូនប្រជាពលរដ្ឋខ្មែរក្នុងស្រុកប្រមាណ ៣ពាន់នាក់ និងមានគម្រោងថា នឹងពង្រីកបន្ថែមទៀត ជាមួយគោលដៅ ធ្វើជាក្រុមហ៊ុននាំមុខគេមួយនៅក្នុងស្រុក ផ្នែកសេវាកម្មពាក់ព័ន្ធនឹងសម្រស់៕